វប្បធម៌ ជំនឿ
គប្បីដឹង! វេលាមហាសង្ក្រាន្ត និងគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី
ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងគោរពប្រណិបត្តិតាមជំនឿបុរាណយូរលង់មកហើយ គឺថ្ងៃទី១ ហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត) ជាជំនឿនៃការផ្លាស់វេនទេព្តាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ខណៈការផ្លាស់ប្តូរវេននៃអង្គទេពធីតា ត្រូវបានគេជឿថា ជាការប្តូរតួនាទីគ្រប់គ្រង រវាងរាជបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម។

បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្រាប់ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលត្រូវនឹងឆ្នាំគ្រិស្ករាជ ២០២៦។ ខណៈវារៈមហាសង្ក្រាន្ត គឺចំថ្ងៃអង្គារ៍ ជាវេនរបស់រាជបុត្រីទី៣ កបិលមហាព្រហ្ម ព្រះនាម “រាក្យសាទេវី” ដែលនឹងឡើងកាន់តំណែងជាទេព្តាឆ្នាំថ្មីនេះ។
មគ្គនាយិកាកាន់តំណែងឆ្នាំមមីនេះ គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម ( ផ្កាឈូក ) អាភរណៈទ្រង់ម៉ោរា។ ព្រះហស្ថស្តាំទ្រង់ត្រីសូល៍, ព្រះហស្តឆ្វេងទ្រង់កៅទណ្ឌ ( ធ្នូ ), ភក្សាហារលោហិត ( ឈាម ) គង់លើអស្សតរជាពាហនៈ (សេះ) ដោយមានកិរិយាឈរបើកព្រះនេត្រ។
ទ្រង់នឹងយាងចុះនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ចំថ្ងៃទី១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត)។
ចំពោះគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីវិញ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ធ្លាប់បញ្ជាក់ឱ្យដឹងថា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ដោយត្រូវក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន។
ចំណែកការរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានដូចជាអាទិ៍៖
– បាយសី ៩ថ្នាក់ មួយគូ
– បាយសី ៧ថ្នាក់ មួយគូ
– បាយសី ៥ថ្នាក់មួយគូ
– បាយសី ៣ថ្នាក់មួយគូ
– បាយសីប៉ាឆាមមួយគូ
– ស្លាធម៌មួយគូ
– ទឹកអប់មួយគូ, ទៀន៥, ធូប៥, លាច៥, ផ្កា៥ ដាក់លើជើងពាន ១គូ, ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ, ដូងឡៅមួយគូ ទឹកស្អាត២កែវ។

ក្រសួងវប្បធម៌ គូសបញ្ជាក់ដែរថា ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាស» និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។
ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឱ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ហើយនៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។
បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។
ជាទូទៅ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ នឹងរៀបចំបោសសម្អាតផ្ទះសំបែង និងមានតុបតែងខ្លះៗ តាមរបៀបនិយមជាអត្តសញ្ញាណខ្មែរ ពិសេសនៅតាមទីសាធារណៈ ក៏ដូចជាកន្លែងសំខាន់ៗសម្រាប់ឱកាសជួបជុំនានា៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


