វប្បធម៌ ជំនឿ
តារាៗជាច្រើនជះសម្រស់យ៉ាងប្លែកភ្នែកក្នុងពិធីសម្ពោធរឿង ម្ចាស់កីតម្បាញ របស់ទូរទស្សន៍ហង្សមាស
រឿង “ម្ចាស់កីតម្បាញ” របស់ផលិតកម្មហង្សមាស ត្រូវបានសម្ពោធឱ្យចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីបើកសម្ពោធនេះ ធ្វើឡើងនៅហង្សមាស Palace ក្នុងផ្សារទំនើបអ៉ីអន សែនសុខស៊ីធី ជាន់ទី២ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសផ្សេងៗទៀត។


ខ្សែភាពយន្តភាគបុរាណខ្មែររឿង“ម្ចាស់កីតម្បាញ” ត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក យូ សុភា ដែលគេស្គាល់ថាជាអ្នកនិពន្ធដ៏ឆ្នើម។ រឿងភាគនេះ ដឹកនាំសម្តែងដោយលោក កៅ សីហា ជាអ្នកដឹកនាំរឿងមានស្នាដៃម្នាក់របស់ផលិតកម្មហង្សមាស។ ភាពយន្តបុរាណខ្មែរនេះ គឺនិយាយពីតថភាពរបស់ប្រជាជនខ្មែរនាសម័យលង្វែក ជាពិសេស គឺសង្កត់ធ្ងន់ទៅលើកីតម្បាញរបស់ខ្មែរនាសម័យលង្វែកតែម្តង។

អ្នកដឹកនាំរឿងលោក កៅ សីហា បានលើកឡើងពីចំណុចសំខាន់នៅក្នុងរឿងថា ភាពយន្តបុរាណខ្មែររឿង “ម្ចាស់កីតម្បាញ” ចង់បង្ហាញពីកេរដំណែល និងវប្បធម៌នៃការត្បាញហូល និងសូត្ររបស់ខ្មែរនៅក្នុងសម័យលង្វែក ដែលជាសម័យកាលមួយរីកចម្រើនខ្លាំងផ្នែកតម្បាញនេះ។ តាមរយៈរឿងនេះ លោកក៏ចង់បង្ហាញពីសម្លៀកបំពាក់របស់ខ្មែរតាមសម័យកាលនីមួយៗ តាំងពីសម័យចេនឡាជាបន្តបន្ទាប់។ ចំណុចសំខាន់មួយទៀត គឺម៉ូដសក់របស់នារីនាសម័យនោះគឺខ្លីទាំងអស់គ្នា មិនថាស្ថិតនៅក្នុងឋានៈមួយណាក៏ដោយ។ លោកក៏ចង់ភា្ជប់ជាមួយនឹងតម្បាញរបស់ខ្មែរពីបុរាណមកដល់បច្ចុប្បន្នដោយមើលឃើញថា តម្បាញរបស់ខ្មែរហាក់មិនសូវមានអ្នកផលិតច្រើនដូចពីមុនឡើយ។

លោក កៅ សីហា បានបន្តថា បញ្ហាប្រឈមចំពោះការដឹកនាំរឿងនេះ គឺបញ្ហាបិទខ្ទប់ខេត្តសៀមរាបដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺពិបាកក្នុងការថតតែម្តង។ មួយវិញទៀត គឺពិបាកស្វែងរកកីបុរាណខ្លាំងមែនទែន ព្រោះកីបុរាណរបស់ខ្មែរលែងសូវមានវត្តមានដូចពីមុន ដូច្នេះលោក និងក្រុមការងារខិតខំរកកីបុរាណពីខេត្តតាកែវ ពីកោះដាច់ កោះឧញ៉ាតី និងអរិយក្សត្រផ្សេងៗ ដោយចំណាយពេលរាប់ខែទើបអាចប្រមូលកីយកមកថតក្នុងភាពយន្តបាន។ លោក កៅ សីហា រំពឹងថា ភាពយន្តនេះនឹងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយ គាំទ្រ តម្បាញរបស់ខ្មែរឡើងវិញតាមរយៈរឿង“ម្ចាស់កីតម្បាញ”នេះផងដែរ។
រីឯអ្នកនិពន្ធរឿងល្បីល្បាញគឺលោក យូ សុភា បានលើកឡើងថា មូលហេតុដែលលោកយកតម្បាញមកដាក់ជាស្នូលសំខាន់នៅក្នុងភាបយន្ត ព្រោះថារឿងនេះស្ថិតនៅក្នុងសម័យកាលលង្វែក។ នាសម័យនោះ សូត្រ និងតម្បាញគឺមានភាពលេចធ្លោខ្លាំង ដូច្នេះលោកក៏ចង់យកតម្បាញនេះធ្វើជាស្នូលដើម្បីលើកស្ទួយដល់វប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ ក្នុងភាពយន្តនេះក៏បានបង្ហាញពីជំនឿ សាសនា ទំនៀមទម្លាប់ចូលម្លប់ និងវប្បធម៌ខ្មែរជាច្រើនទៀត ព្រមទាំងតថភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក យូ សុភា បានបន្តថា ភាពយន្តនេះមិនត្រឹមតែបង្ហាញពីកីតម្បាញប៉ុណ្ណោះទេ ក៏បានបង្កើតពីទំនាស់ក្នុងគ្រួសារ ទំនាស់ប្តីប្រពន្ធ ទំនាស់រវាងកម្មករផ្សេងទៀតដើម្បីឱ្យដំណើររឿងកាន់តែមានភាពទាក់ទាញ។ ចំពោះភាពយន្តមួយនេះ អ្នកនិពន្ធ យូ សុភា ចំណាយពេលតែងនិពន្ធប្រមាណជិត២ខែ បានចំនួន៣០ភាគជាង។


ក្នុងកម្មវិធីសម្ពោធភាពយន្តនេះ ក៏មានការចាក់បញ្ចាំងខ្លឹមសារសំខាន់ក្នុងភាពយន្ត ការបង្ហាញចំណាប់អារម្មណ៍របស់តួសម្តែង និងមានការបកស្រាយចម្រៀងពីកញ្ញា ឈីន រតនៈ និងតួអង្គសម្តែងក្នុងរឿងគឺលោក សួន ពិសិដ្ឋ បកស្រាយបទចម្រៀងនៅក្នុងភាពយន្តនេះផងដែរ។
សូមជម្រាបថា រឿង“ម្ចាស់កីតម្បាញ” នឹងចាក់ផ្សាយចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សេដ្ឋកិច្ច២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


