Connect with us

សេដ្ឋកិច្ច

សាប៊ូបោកខោអាវ និងលាងចានផលិតក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ ខណៈប្រជាជនខ្មែរ ពហិការទំនិញថៃ

បានផុស

នៅ

សាប៊ូបោកសម្លៀកបំពាក់ និងលាងចាន ដែលផលិតក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ ខណៈប្រជាជនខ្មែរបន្តពហិការទំនិញនាំចូលពីប្រទេសថៃ ដែលបង្ហាញអំពីអំណាចទិញទៅលើផលិតផលក្នុងស្រុកកំពុងមានកំណើនគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី អ្នកស្រី គ្រួច ចន្នី ជាម្ចាស់សិប្បកម្មផលិតសាប៊ូ អាឡាដាំង ខេមបូឌា បានឱ្យដឹងថា​ សម្រាប់ពេលបច្ចុប្បន្ននេះ សិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងលាងចាន របស់អ្នកស្រី កាន់តែមានតម្រូវាការខ្ពស់ជាងមុន ខណៈដែលប្រជាជនខ្មែរនាំគ្នាគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនជាងមុន។

អ្នកស្រី បន្តថា ទាក់ទងនឹងការផលិតសាប៊ូបោកសម្លៀកបំពាក់ និងលាងចាន ក្នុងសិប្បកម្មអាឡាដាំង បច្ចុប្បន្ននេះ ក៏អាចមានសមត្ថភាពផ្គត់ផ្គង់ទៅកាន់ផ្សារមួយនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា ផងដែរ។

ចំពោះគុណភាពវិញ ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ដែរថា «សាប៊ូបោកសម្លៀកបំពាក់ និងលាងចាន​ របស់សិប្បកម្មអាឡាំដាំង ក៏មានស្ដង់ដាដូចទៅនឹងរបស់ដែលនាំចូលពីប្រទេសជិតខាង ក្នុងនោះ៖ ទាក់ទងនឹងក្លិន និងសមត្ថភាពសម្អាតសម្លៀកបំពាក់វិញ សាប៊ូដែលផលិតក្នុងស្រុកក៏អាចប្រកួតប្រជែងជាមួយរបស់នាំចូលបានផងដែរ»។

អ្នកស្រី គ្រួច ចន្នី ក៏បានបញ្ជាក់ទៀតដែរថា «បច្ចុប្បន្នការផលិតសាប៊ូ​ មិនពិបាកក្នុងរកទីផ្សារដូចកាលពីមុននោះឡើយ នេះក៏ដោយសារតែអតិថិជនជឿជាក់លើផលិតផលក្នុងស្រុក និងក៏អាចកម្មុងទិញ ឬស្វែងរកផលិតផលទាំងនេះបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ពិសេសគឺតាមហ្វេសប៊ុកផេករបស់សិប្បកម្ម ឬសហគ្រាសបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ផងដែរ»។

ក្រៅពីការផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងលាងចាន សិប្បកម្មអាឡាំងដាំង របស់អ្នកស្រី គ្រួច ចន្នី ក៏មានគម្រោងក្នុងការផលិតប្រភេទសាប៊ូម្សៅ ​និងទឹកក្រអូបសម្រាប់បោកសម្លៀកបំពាក់ ដើម្បីធ្វើយ៉ាងណាអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ចំពោះដំណើរការផលិតសាប៊ូនៅក្នុងសិប្បកម្មរបស់អ្នកស្រី គ្រួច ចន្នី បច្ចុប្បន្នសិប្បកម្ម ក៏អាចមានសមត្ថភាពផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងសាប៊ូលាងចាន បានប្រមាណជាង៤ពាន់លីត្រ ក្នុងមួយថ្ងៃ ខណៈដែលពីមុនសិប្បកម្មផលិតបានត្រឹមតែជាង ១ពាន់លីត្រ តែប៉ុណ្ណោះ។

សិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ អាឡាំដាំង របស់អ្នកស្រី គ្រួច ចន្នី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០២០មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្មរបស់កូនខ្មែរមួយនេះ មានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម