Connect with us

សេដ្ឋកិច្ច

​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​ទទួលបាន​អ្នកដំណើរ​ចេញ-ចូល ​១ ម៉ឺន ៥ ពាន់នាក់ ក្នុង​មួយថ្ងៃ​

បានផុស

នៅ

​គិតចាប់ពីថ្ងៃដាក់ឱ្យដំណើរការរហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ​ទទួលបានអ្នកដំណើរចេញ-ចូល ​ជាមធ្យម ​១៥០០០ ​នាក់ ក្នុងមួយថ្ងៃ និងជើងហោះហើរ ១៣០ ជើង ក្នុងមួយថ្ងៃ ដែលមានក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួន ៣២ (ក្រុមហ៊ុនអន្តរជាតិចំនួន ២៨ និងក្រុមហ៊ុនក្នុងស្រុកចំនួន ៤) កំពុងប្រតិបត្តិការហោះហើរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាកាសយានដ្ឋានអន្តរជាតិតេជោ ​ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ​ត្រូវបានចំណាយ​ទុនវិនិយោគសរុប ​២ ៣០០ ​លានដុល្លារ ​លើផ្ទៃដី ២ ៦០០ ​ហិកតា ​ស្ថិតនៅស្រុកកណ្ដាលស្ទឹង ​ខេត្តកណ្ដាល ​និង​ស្រុកបាទី ​ខេត្តតាកែវ ​មានចម្ងាយ ២៦ ​គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ​ដែលការសាង​សង់​មាន​រយៈ​ពេល ៥ ឆ្នាំ ​ចាប់ពីថ្ងៃទី ០៧ ​ខែមករា ឆ្នាំ ២០២០ ​និងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ​ឆ្នាំ ២០២៥។

​ដំណាក់កាលទី១ ​ចាប់ពីឆ្នាំ ២០២០ ​ដល់ឆ្នាំ ២០៣០ ​សម្រាប់អ្នកដំណើរ ១៥ លាននាក់ ​ក្នុង​មួយ​ឆ្នាំ​។ ​ទំហំ​ការងារ​ត្រូវ​សាងសង់​រួមមាន៖ ​ផ្លូវរត់ទី១ ​បណ្ដោយប្រវែង ៤ ពាន់មែត្រ ​និងទទឹង ​៦០ ម៉ែត្រ ​មានផ្លូវ​ស្រប​ចំ​នួន ២ ​និងចំណតអាកាសយានចំនួន ៧៥ ចំណត ​ក្នុងនោះចំណតអាកាស​យាន ​នៅ​ជាប់​អា​គារ​ស្ថានីយ​អ្នក​ដំណើរ​ចំនួន ៣២ ចំណត ​និងចំណតអាកាសយាននៅឆ្ងាយពីអាគារស្ថានីយចំនួន ៤៣ ចំណត។​

​អាកាសយានដ្ឋានអន្តរជាតិតេជោ ​មានសមត្ថភាពផ្ទុក ​ផ្ទេរទំនិញ ​ចេញ-ចូល ​តាមផ្លូវអាកាស ​១៧៥ ​០០០ តោន ​ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ ឆ្នាំ ២០៣០ ដល់ ២០៥០ អាចទទួលអ្នកដំណើរ ៣០ លាននាក់ ក្នុងមួយឆ្នាំ ​ដែលមានផ្លូវរត់ទី ២ និងចំណត​អាកាសយាន ១៤៤ មានសមត្ថភាព ផ្ទុក ផ្ទេរទំនិញចេញ-ចូលតាមផ្លូវអាកាស ៥២៧ ០០០ តោន ក្នុងមួយឆ្នាំ។ និងដំណាក់កាលទី ៣ ក្រោយឆ្នាំ ២០៥០ សម្រាប់អ្នកដំណើរ ៥០ លាននាក់ ក្នុងមួយឆ្នាំ មានផ្លូវរត់ទី ៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ថា ការដាក់ឱ្យប្រើប្រាស់​អាកាស​យាន​ដ្ឋានថ្មីនេះ នឹងក្លាយជាកាលានុវត្តភាព ប្រកបដោយសក្ដានុពលសម្រាប់វិស័យទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា ការបើកចំហជើងមេឃ​ ការតភ្ជាប់តាមផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ ក្នុង​​ចំណោម «​មនុស្ស ផ្លូ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ហើយក៏ស្ថិតក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្ដោតលើការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម