ព័ត៌មានអន្ដរជាតិ
ថៃអាចខាតបង់លើស ១,៨៤ ប៊ីលានដុល្លារ បើព្រំដែនបន្តបិទដល់ចុងឆ្នាំ
នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បានព្យាករថា ប្រទេសថៃអាចនឹងខាតបង់ប្រាក់រហូតដល់ទៅ ៦០ ប៊ីលានបាត ឬ ១,៨៤ ប៊ីលានដុល្លារ ប្រសិនព្រំដែនជាមួយកម្ពុជាបន្តបិទរហូតដល់ចុងឆ្នាំ ២០២៥ ក្រោមបរិបទនៃភាពតានតឹងបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាព្រឹកថ្ងៃចន្ទនេះ។

សេចក្ដីរាយការណ៍ពីការព្យាករនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃអាទិត្យបានបញ្ជាក់ជំហរលើការមិនបើកច្រកទ្វារព្រំដែន លុះត្រាតែភាគីថៃ ដែលចេញវិធានការបិទច្រកព្រំដែនជាឯកតោភាគីតាំងពីថ្ងៃទី ៧ មិថុនា កន្លងទៅនោះ ធ្វើការបើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីវិញ ហើយផ្ដល់ការធានាច្បាស់លាស់ថា នឹងគ្មានការបិទ-បើកជាឯកតាគីឡើយ។ សម្ដេចធិបតីបានប្រកាសយ៉ាងដូច្នេះ ក្នុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានព័ត៌មានថា ភាគីថៃនៅខេត្តស្រះកែវបានស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដោយការរាំងស្ទះព្រំដែននៅតែបន្ត ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំដែននៅតែបិទចាប់ពីខែមិថុនា ដល់ខែធ្នូ ការខាតបង់ចំណូលពីការនាំចេញ អាចកើនលើសពី ៦០ ប៊ីលានបាត។
លោកស្រីអះអាងថា តួលេខនេះផ្អែកលើតម្លៃពាណិជ្ជកម្មទ្វេភាគីតាមព្រំដែនសរុបកាលពីឆ្នាំមុនប្រមាណ ១៧៥ ប៊ីលានបាត ដោយថៃបាននាំចូលមកកម្ពុជា ១៤២ ប៊ីលានបាត ដែលជាមធ្យម ១១,៨ ប៊ីលានបាត/ខែ។ លោកស្រីបានលើកឡើងពីរបាយការណ៍ដែលថា សកម្មភាពនៅតាមច្រកព្រំដែនមានការថមថយ ដោយអាជីវកម្មទាំងថៃ និងកម្ពុជាត្រូវបិទជាបណ្ដោះអាសន្ន។

លោកស្រី Arada បានបន្តថា ការបិទព្រំដែនជាមួយកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់គោលដៅនាំចេញរបស់ថៃនៅឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិលនៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មថៃជាមួយកម្ពុជារងការរំខានជាទម្ងន់ ក្រោយយោធាថៃប្រកាសជាឯកតោភាគីលើការកម្រិតម៉ោងបិទ-បើកព្រំដែននៅថ្ងៃទី ៧ ខែមិថុនា ដែលទាក់ទាញចំណាត់ការឆ្លើយតបដូចគ្នាពីភាគីកម្ពុជា ជុំវិញភាពតានតឹងចុងក្រោយ បន្ទាប់ពីការវាយប្រហាររបស់យោធាថៃលើទឹកដីកម្ពុជា ដែលបណ្ដាលឱ្យទាហានកម្ពុជាម្នាក់ត្រូវពលីជីវិតនៅចុងខែឧសភា។ ដើម្បីពង្រឹងការឆ្លើយតបថែមទៀតរបស់ខ្លួន កម្ពុជាបានបិទការនាំចូលពីថៃនូវបន្លែផ្លែឈើ ប្រេង និងឧស្ម័នឥទ្ធនៈគ្រប់ប្រភេទ អគ្គិសនី និងអ៊ិនធឺណិតប្រើប្រាស់ជាដើម។

ខណៈមានការព្រួយបារម្ភពីពលរដ្ឋ និងវិស័យឯកជនក្នុងស្រុកថៃ យោធាថៃមិនបានបន្ធូរបន្ថយភាពតានតឹងទេ។ ផ្ទុយទៅវិញ កាលពីសប្ដាហ៍មុន យោធាថៃបានសម្រេចចិត្តជាឯកតោភាគីជាថ្មីលើការបិទច្រកព្រំដែនទាំងអស់ទាំងស្រុង ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ដោយថៃបិទការឆ្លងកាត់ស្ទើរគ្រប់ទម្រង់ រួមទាំងការធ្វើដំណើររបស់ភ្ញៀវទេសចរ លើកលែងតែសិស្សានុសិស្ស អ្នកជំងឺ និងការធ្វើដំណើរក្រោមលទ្ធខណ្ឌមនុស្សធម៌។
ក្រោយការបង្អាក់យ៉ាងដូច្នេះថា សារព័ត៌មានថៃបានរាយការណ៍ថា ក្រុមហ៊ុននាំចេញថៃបានគិតគូរពីជម្រើសផ្លូវនាំចេញថ្មីមកកម្ពុជា រួមទាំងច្រកព្រំដែនឡាវ និងផ្លូវទឹកឆ្ពោះមកកំពង់ផែព្រះសីហនុរបស់កម្ពុជា ប៉ុន្តែក្រុមហ៊ុនត្រូវប្រឈមមុខនឹងការចំណាយថ្លៃដើមច្រើនជាងមុនខ្លាំង៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


