Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចជំរុញមន្ត្រីអនុវត្តប្រព័ន្ធ FMIS ឱ្យមានប្រសិទ្ធភាព ដើម្បីប្រសិទ្ធភាពផ្តល់សេវាសាធារណៈ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យមន្ត្រីអនុវត្តប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ ​(FMIS) ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ FMIS បានណែនាំឱ្យក្រុមការងារឱ្យបន្តធ្វើការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស បន្តពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីដើរឱ្យទាន់បរិវត្តកម្មឌីជីថល ព្រមទាំងប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និងសហការឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ សំដៅចូលរួមបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសា​ធា​រណៈ​ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ FMIS ឱ្យអស់សក្តានុពល។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តទៀតថា ការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង ពិតជាចំណេញ​​ពេល និងផ្តល់ភាពងាយស្រួល តាមរយៈការកាត់បន្ថយនីតិវិធីអនុវត្តការងារដោយដៃ និងការរត់ឯកសារ, ជាពិសេស បានបង្កើនភាពងាយស្រួលក្នុងការពិនិត្យ ស្ថានភាពឥណទានថវិកា និងស្ថានភាពឯកសារជារំហូរ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយបានដោយរលូន។

លើសពីនេះ FMIS បានផ្តល់លទ្ធភាពក្នុងការពិនិត្យ តាមដាន និងកែតម្រូវកំហុស បានទាន់ពេលវេលា ព្រមទាំងអាច​ទាញចេញជារបាយការណ៍ចំណូល-ចំណាយ ប្រចាំថ្ងៃ, ប្រចាំខែ, ប្រចាំឆ្នាំ និងអាចតាមដាននូវដំណើរការប្រតិបត្តិការរបស់ខ្លួន តាមរយៈរំហូរនីតិវិធីការងារក្នុងប្រព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមអំពីសារៈសំខាន់នៃ ការគ្រប់គ្រងការផ្លាស់ប្តូរ តាមរយៈការចូលរួមអនុវត្តនីតិវិធីតាម FMIS ពីក្រសួង-ស្ថាប័ន និង អង្គភាពថ្នាក់ក្រោមជាតិ ដែលជាកត្តាជំរុញឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសា​ធារណៈ កាន់តែមាន​ភាពរឹងមាំ ដោយក្នុងនោះ FMIS បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរនីតិវិធីអនុវត្តការងារ ដែលមានភាពស្មុគស្មាញ ពោលគឺសម្រួលដំណើរការឯកសារដោយដៃ ដែលមានច្រើនជំហាន និងត្រូវចំណាយរយៈពេលយូរ មកជាការអនុវត្តតាមបែបឌីជីថលជំនួសវិញ។

ព្រោះថាប្រព័ន្ធនេះ បានផ្ដល់អត្ថប្រយោជន៍សម្រាប់ការគ្រប់គ្រងព័ត៌មានចំណូល-ចំណាយ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដើម្បីចូលរួមក្នុងការឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ចំណែក លោក មាស សុខសេនសាន្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់អំពីអត្ថប្រយោជន៍ និងវត្តមានរបស់ FMIS ដោយប្រព័ន្ធនេះបានដើរតួយ៉ាងសំខាន់ និងបានជួយសម្រួលដល់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោករដ្ឋលេខាធិការបានលើកទឹកចិត្តក្រុមការងារ FMIS ឱ្យបន្តពង្រីកវិសាលភាពនៃប្រព័ន្ធ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលនៅសេសសល់ និង មិនទាន់អនុវត្តនីតិវិធីតាម FMIS ឱ្យសម្រេចបានតាមផែនការ។

គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ៩៧% ធៀបនឹងសូចនាការដែលបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះវឌ្ឍនភាពគន្លឹះៗ រួមមាន៖ ការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំង​ស្រុង បន្ថែមជាមួយការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុងលើនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញា និងនីតិវិធីចលនាឥណទាន, ការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ថ្មី នៅ ៤៤ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ, ការដាក់ឱ្យអនុវត្តនីតិវិធីកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសក្នុង FMIS, ការត្រួតពិនិត្យ និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសាររំហូរការងារ និងលក្ខខណ្ឌតម្រូវក្នុងមុខងារលទ្ធកម្មអេឡិច​ត្រូនិក (e-GP) ដោយសហការជាមួយដៃគូរអភិវឌ្ឍន៍ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ, ការអភិវឌ្ឍរបាយការ​ណ៍ហិរញ្ញវត្ថុនានា ជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការពិនិត្យ វិភាគ និងផ្តល់ជាព័ត៌មាន សម្រាប់ការសម្រេចចិត្ត ជូនដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងនោះសម្រាប់របាយការណ៍ទាំងឡាយណាដែលមាននៅក្នុង FMIS, ក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ មិនតម្រូវឱ្យដាក់របាយការណ៍ទាំងនោះជាក្រដាស មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតទេ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម