សេដ្ឋកិច្ច
រដ្ឋ រៀបចំគោលនយោបាយថ្មី សាងសង់ផ្ទះតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលទាប
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ»។

គោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជាគោលនយោបាយថ្មី ជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧»។
«គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន។
«គោលនយោបាយថ្មី» នេះមានគោលបំណង ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើចំណាកស្រុក និងជំរុញការអភិវឌ្ឍនគរូបនីយកម្ម។

សេចក្ដីព្រាងគោលនយោបាយនេះ បានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ខុសប្លែកពីគោលនយោបាយឆ្នាំ ២០១៧ រួមមាន៖
១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។
៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច។
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។
ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល), «គោលនយោបាយថ្មី» នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។

អង្គប្រជុំបានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាងឯកសារ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» នេះ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេចក្តីព្រាងនៃឯកសារ «គោលនយោបាយថ្មី» នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និង អនុម័តនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៤ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


