Connect with us

សេដ្ឋកិច្ច

សមាគមធនាគារ ពង្រឹងភាពធន់ និងសុវត្ថិភាពឌីជីថល ក្នុង​វិស័យហិរញ្ញវត្ថុ

បានផុស

នៅ

ស្របពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល ​និង​ប្រទាក់ក្រឡាគ្នា សុវត្ថិភាព​ឌីជីថល ​បានលេច​ចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹង​ទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមធនាគារ​នៅកម្ពុជា (ABC) ​កាល​ពីថ្ងៃទី២០ ខែឧសភា បានរៀបចំទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៦ នៅសណ្ឋា​គារ​សុខាភ្នំពេញ ដោយផ្តោតលើប្រធានបទ «ការពង្រឹងភាពធន់ និងសុវត្ថិភាព​ឌីជីលក្នុង​វិស័យធនាគារ ​និង​ហិរញ្ញវត្ថុនៅកម្ពុជា»។

​កម្មវិធីនេះជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាអន្តរវិស័យ ចែករំលែកចំណេះដឹង​ និងបន្តសហការ​ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថល​ ប្រឆាំងទៅនឹងការកើនឡើងនៃការគំរាម​កំហែងផ្នែក​សាយប័រដែលកាន់តែមានភាពស្មុគស្មាញជាងមុន។  

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា៖ «ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល​ ក៏អាចបង្កើនហានិភ័យនៃ​ការរំខាន​ទៅ​ដល់ប្រព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ការក្លែងបន្លំ/ការឆបោក បទល្មើស​បច្ចេកវិទ្យា និងការលេចធ្លាយទិន្នន័យផងដែរ។ ឧប្បត្តិហេតុទាំងនេះ អាចបណ្តាល​ឱ្យមានការ​ខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ប៉ុន្តែអ្វីដែលផ្តល់ផលប៉ះពាល់ដ៏ធំបំផុតនោះគឺទំនុកចិត្ត»។

​លោកប្រធានសមាគមធនាគារនៅកម្ពុជា បានបន្តថា ទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះរបស់​វិស័យ​ធនាគារ។​ ប្រសិនជាទំនុកចិត្តត្រូវបានបំផ្លាញ គឺពិបាកក្នុងការស្តារឡើងវិញណាស់។ ដូច្នេះសុវត្ថិភាពឌីជីថល មិនគ្រាន់តែជាបញ្ហា​បច្ចេកវិទ្យាតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជា​ការ​ទទួល​ខុសត្រូវរបស់ក្រុមប្រឹក្សា​ភិបាល​ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង​ និងបុគ្គលិក​របស់ស្ថាប័ន​គ្រប់​លំដាប់ថ្នាក់​។

​ស្របពេលដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាបន្តរីកចម្រើន សុវត្ថិភាពឌីជីថល (Cybersecurity) បានក្លាយ​ជាអាទិភាពដ៏សំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ និងទំនុកចិត្តផ្នែក​សេដ្ឋកិច្ច។ ​ការពង្រឹងភាពធន់នឹងសាយប័រ ​ទាមទារឱ្យមានកិច្ច​សហការ​ប្រកបដោយនិរន្តរភាព រវាងស្ថាប័នហិរញ្ញវត្ថុ និយ័តករ ភ្នាក់ងារអនុវត្តច្បាប់ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកប្រើប្រាស់។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចកសាងប្រព័ន្ធអេកូឡូស៊ី​ហិរញ្ញវត្ថុ​ឌីជីថល​​ដែលមានសុវត្ថិភាព ទំនុកចិត្ត និងភាពធន់ជាងមុន។

​លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ និយ័តករ ស្ថាប័នហិរញ្ញវត្ថុ ដៃគូបច្ចេកវិទ្យា និងសាធារណជន ដើម្បីទប់ស្កាត់ រកឱ្យឃើញ និងឆ្លើយតប​ទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។

លោក លន់ សំអុល អគ្គនាយករងត្រួតពិនិត្យ ​បានបញ្ជាក់ពី​ការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់​ធនាគារជាតិនៃកម្ពុជាក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ​និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថិរភាព ភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ។

លោកសំអុល បានបន្តថា៖​ “ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យា​ នៅដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា​ និងសាយប័ររបស់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ ហៅកាត់ថា TCRMG 2026 ដែលបានធ្វើបច្ចុប្បន្នកម្មពីសេចក្តីណែនាំ​ចាស់ស្តីពីការគ្រប់គ្រងហានិភ័យ​បច្ចេកវិទ្យា​ (TRMG)ឆ្នាំ២០១៩។”

លោកសំអុលបន្តទៀតថា សេចក្តីណែនាំថ្មី មិនត្រឹមតែជាការរឹតបន្តឹងផ្នែកបទប្បញ្ញត្តិនោះទេ​ ប៉ុន្តែបានដាក់ចេញ​នូវគោល​ការណ៍​ច្បាស់លាស់ និងតម្រូវការចាំបាច់នានាសម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យ​សាយប័រឱ្យស្ថិតនៅកម្រិតទាបំផុត តាមរយៈការវាយ​តម្លៃហានិភ័យប្រចាំ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារ និងការរៀបចំផែន​ការឆ្លើយ​តបពេលមានឧប្បត្តិហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម