សេដ្ឋកិច្ច
កម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាតមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ កម្មវិធី WISE បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃដែលធន់នឹងអាកាសធាតុ។
តាមរយៈការរួមបញ្ចូលកម្ចីសម្បទាន និងកម្ចីពាណិជ្ជកម្ម យន្តការនេះជួយកាត់បន្ថយថ្លៃដើមនៃកម្ចី សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ទាំងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។
ជំនួយនេះមានសារសំខាន់ណាស់ ដោយសារកុមារកម្ពុជាប្រមាណ ១,៩ លាននាក់ (ជាងមួយភាគបីនៃកុមារកម្ពុជា) កំពុងរស់នៅក្នុងឃុំដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្ពស់ រួមទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់ ព្រមទាំងសេវាទឹកស្អាត និងអនាម័យ នៅមានកម្រិតនៅឡើយ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រតិបត្តិករទឹកស្អាតឯកជនដើរតួនាទីសំខាន់ក្នុងការចូលរួមផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ប្រតិបត្តិករទាំងនោះនៅបន្តមានបញ្ហាប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ»។
លោករដ្ឋមន្ត្រីថ្លែងថា កម្មវិធី WISE គឺជាគំនិតផ្តួចផ្តើមសំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធ្វើទំនើបកម្មវិស័យទឹកស្អាត ពង្រីកការទទួលបានទឹកស្អាត និងជំរុញការប្តេជ្ញាចិត្តរបស់យើងលើបញ្ហាអាកាសធាតុ។
តាមរយៈការនាំយកនវានុវត្តន៍ ការវិនិយោគ និងចីរភាពរយៈពេលវែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជា ភាពជាដៃគូជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះ រំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ២០០.០០០ នាក់នៅទូទាំងប្រទេស។

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «ការទទួលបានសេវាទឹកស្អាតដែលធន់នឹងអាកាសធាតុ គឺជារឿងចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ ព្រមទាំងសុខភាព និងការសិក្សារបស់កុមារ។ តាមរយៈកម្មវិធី WISEនេះ កម្ពុជាកំពុងចាត់វិធានការយ៉ាងមុតមាំ ដើម្បីធានាថាកុមារ និងក្រុមគ្រួសារ ជាពិសេសអ្នកដែលនៅតំបន់ឆ្ងាយ ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដែលមានថ្លៃសមរម្យ និងមានចីរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ»។
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈយូនីសេហ្វ និង UNCDF រីករាយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូរបស់យើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងពង្រឹងភាពធន់របស់សហគមន៍នៅទូទាំងប្រទេស។
កម្មវិធីនេះគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (ទឹកស្អាត និងអនាម័យ) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ (សកម្មភាពអាកាសធាតុ) តាមរយៈការកៀរគរការវិនិយោគឯកជនលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដើរដោយថាមពលកកើតឡើងវិញ ជាពិសេសការបូមទឹកដោយថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាតបែបឌីជីថល។
កម្មវិធី WISE នឹងដំណើរការក្រោមគណៈកម្មការដឹកនាំថ្នាក់ជាតិ ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំដ៏រឹងមាំដោយរាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


