Connect with us

សេដ្ឋកិច្ច

​ពីចុងភៅ​តាម​សណ្ឋាគារ​ ក្លាយជាម្ចាស់​កសិដ្ឋានចិញ្ចឹមមាន់​យកពង​ដ៏លេចធ្លោ​ប្រចាំ​ទឹកដី​ខេត្តបាត់ដំបង​

បានផុស

នៅ

ផ្ដើមពីអាជីពជាចុងភៅតាមសណ្ឋាគារ លោក មឿន ចាន់រិទ្ធ បច្ចុប្បន្នក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងដ៏លេចធ្លោមួយប្រចាំទឹកដីស្រុកសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣១ឆ្នាំ លោក មឿន ចាន់រិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង បាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយរូបលោកត្រឹមតែជាចុងភៅលំដាប់សណ្ឋាគារនៅខេត្តសៀមរាបតែប៉ុណ្ណឹង។ ដោយចង់កែប្រែ និងអភិវឌ្ឍខ្លួន ចាន់រិទ្ធ បានសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមមាន់យកពងនេះឡើងមកអំឡុងឆ្នាំ២០២១។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់កសិកររូបនេះ មានមាន់សរុបជាង ២ម៉ឺនក្បាល ដែលអាចផលិតពងមាន់បានជិត ២ម៉ឺនគ្រាប់ក្នុងមួយថ្ងៃផ្គត់ផ្គង់ទៅកាន់ទីផ្សារដែលមានដូចជា៖ ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនស្ថិតនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតផងដែរ។

លោក មឿន ចាន់រិទ្ធ បានឱ្យដឹងទៀតថា ទម្រាំបានជោគជ័យមកដល់សព្វថ្ងៃ កសិដ្ឋានចិញ្ចឹមមាន់យកពងរបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃបានព្យាយាមកសាងកេរ្ដិ៍ឈ្មោះតាមរយៈការផលិតពងមាន់ដែលមានស្ដង់ដាត្រឹមត្រូវ និងមានប្រភពច្បាស់លាស់សម្រាប់ជូនដល់អតិថិជន។

យ៉ាងណាមិញ ចំពោះទីផ្សារពងមាន់នាពេលបច្ចុប្បន្នហាក់មានតម្រូវការខ្ពស់ ដ្បិតពេលខ្លះពងមាន់ក៏មានការប្រែប្រួលទាក់ទងនឹងការធ្លាក់ចុះនូវតម្លៃបន្ដិចបន្ដួចក៏ដោយ ប៉ុន្ដែទោះជាយ៉ាងណាពងមាន់នៅតែជាតម្រូវការចាំបាច់សម្រាប់អ្នកទទួលទាន ខណៈវាសម្បូរទៅដោយវីតាមីន រីឯតម្លៃក៏សមរម្យផងដែរ។

ពងមាន់ជាអាហាររូបត្ថម្ភខ្ពស់ ផ្ទុកទៅដោយវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន A, D, E, B2 (Riboflavin), B12 និងកូលីន (Choline) ដែលជំនួយដល់ខួរក្បាល និងភ្នែក។ លើសពីនេះ ពងមាន់សម្បូរប្រូតេអ៊ីន ជាតិដែក និងសារធាតុសេលេញ៉ូម (Selenium) ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យជំងឺ។

ជាចក្ខុវិស័យទៅថ្ងៃអនាគត លោក មឿន ចាន់រិទ្ធ ក៏នឹងគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមមាន់យកពងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចផលិតពងមាន់ផ្គត់ផ្គង់ទៅកាន់ទីផ្សារបានទាន់ពេលវេលា និងគ្រាប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃផងដែរ។

គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់យកពងរបស់លោក មឿន ចាន់រិទ្ធ បានបើកដំណើរការឡើងមកកាលពី២០២១។ បច្ចុប្បន្នកសិដ្ឋានរបស់កសិកររូបនេះ មានមាន់សរុបជាង ២ម៉ឺនក្បាល ដែលអាចផលិតពងមាន់បានជិត ២ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម