សេដ្ឋកិច្ច
ធនាគារជាតិ បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៣,៩% នៅឆ្នាំ ២០២៦
ធនាគារជាតិនៃកម្ពុជា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩% ដោយសារកក្តាបញ្ហាប្រឈមជាច្រើនបានកើតផ្ទួនៗគ្នា នៅលើពិភពលោក និងបញ្ហាប្រឈមនៅក្នុងស្រុក។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ បានរីកទៅជាការផ្ទុះអាវុធនៅតំបន់ខ្លះ ហើយនៅមជ្ឈិមបូព៌ាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច នៅបណ្តាប្រទេសទាំងអស់លើពិភពលោក តាមរយៈការកើនឡើងថ្លៃប្រេងឥន្ធនៈ ការធ្លាក់ចុះពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ និងការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រជាជនងាយរងគ្រោះនៅគ្រប់ទីកន្លែង ប្រឈមនឹងការបាត់បង់ចំណូល ការកើនឡើងចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ទៅក្នុងភាពក្រីក្រ។
លោកស្រី ជា សិរី បន្តថា ប្រទេសកម្ពុជាក៏បានប្រឈមនឹងបញ្ហាទាំងនេះដែរ បន្ថែមលើបញ្ហានៅក្នុងស្រុក ដូចជា ការអូសបន្លាយភាពតានតឹងពីជម្លោះព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសល់ពីវិបត្តិកូវីដ-១៩។

នាពេលថ្មីៗនេះ ក្រោយពីបញ្ចប់កិច្ចពិគ្រោះយោបល់មាត្រា ៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរមកត្រឹម ៣% ខណៈដែលស្ថាប័នផ្សេងៗទៀតដូចជា ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅបន្តរក្សាការព្យាករក្នុងអត្រាប្រមាណ ៤,២%។
ធនាគារជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩% ដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១នេះ ក្នុងអត្រា ៣,៥% ជាមួយសុទិដ្ឋិនិយមចំពោះការងើបឡើងបន្តិចនាឆមាសទី២ ដល់ ៤,៣% ដែលគាំទ្រដោយកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងលំហូរការវិនិយោគផ្ទាល់ពីបរទេស។ ចំណែកឯវិស័យទេសចរណ៍បានធ្លាក់ចុះ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យនៅមានភាពទន់ខ្សោយ។
លោកស្រីបណ្ឌិតបានពន្យល់ថា ការដែលប្រទេសកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិតពី ៣% ទៅ ៤% នេះ ត្រូវបានចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ប្រឈមនឹងវិបត្តិ។

ភាពធន់នេះអាចសម្រេចបានដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កានៃការកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លើសពីនេះ ធនាគារជាតិបានគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ច។
ជាក់ស្តែង ការបន្តរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានជួយការពារអំណាចទិញនៃប្រាក់រៀល និងបន្ថយសម្ពាធមួយផ្នែកនៃអតិផរណា ហើយបានផ្តល់ជាយុថ្កាមួយនៃលំនឹងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការគរពូនទុនបម្រុងអន្តរជាតិ ដែលសម្រេចបានក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ បានបន្តពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និងរួមចំណែកបន្ថែម ទៀតក្នុងការរក្សាជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។
ទោះយ៉ាងណា កម្រិតខ្ពស់នៃដុល្លារូបនីយកម្មមិនអនុញ្ញាតឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញក្នុងការកាត់ បន្ថយសម្ពាធអតិផរណានោះទេ ដោយត្រូវពឹងផ្អែកជាចម្បងទៅលើនយោបាយសារពើពន្ធ។
លោកស្រីបណ្ឌិតបន្ថែមថា ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាពិសេសហានិភ័យដែលកើតឡើងពីកត្តាខាងក្រៅក្តី ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ។ ក៏ប៉ុន្តែដោយសារអភិរក្ស នៃការអភិវឌ្ឍប្រព័ន្ធធនាគារក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងមកនេះ ប្រព័ន្ធធនាគារក៏ត្រូវបានរំពឹងកាន់តែខ្ពស់ពីរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅ ទៅលើការចូលរួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ។
ក្នុងស្ថានភាពនេះ ធនាគារជាតិ និងប្រព័ន្ធធនាគារកម្ពុជា បានសហការអនុវត្តការងារយ៉ាងសកម្ម ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលការរក្សាស្ថិរភាពថ្លៃនិងហិរញ្ញវត្ថុនៅតែជាអាទិភាពចម្បង។
ប្រព័ន្ធធនាគារបានអនុវត្តវិធានការអនុគ្រោះ ជាពិសេសតាមរយៈការរៀបចំឥណទានឡើងវិញចំនួន ២៣៩,៥៤៦ គណនី ដែលមានទំហំឥណទានសរុប ៤,៨ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ៧,៥% នៃទំហំឥណទានសរុប។ បច្ចុប្បន្ន វិធានការទាំងនេះកំពុងត្រូវបានធ្វើប្រក្រតីកម្មឡើងវិញសំដៅពង្រឹងភាពរឹងមាំ នៃប្រព័ន្ធធនាគារ។
ម្យ៉ាងទៀត វិស័យធនាគារបានជួយគាំទ្រដល់វិស័យចម្បងៗ ជាពិសេស វិស័យកសិកម្ម និងសហគ្រាសធនតូចនិងមធ្យម ដែលជាវិស័យអាទិភាព ចំពោះសេដ្ឋកិច្ចកម្ពុជា ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់សមស្របសម្រាប់បង្កើត និងអភិវឌ្ឍអាជីវកម្ម។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញ បទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យនិងទស្សនអនាគត ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ចំពោះការគ្រប់គ្រងលើការកើនឡើងនូវឥណទានមិនដំណើរការ ប្រព័ន្ធធនាគារបានបង្កើនការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទានមិនដំណើរការសុទ្ធមានកម្រិតទាបត្រឹម ៣,៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ។
លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា គោលនយោបាយជាអាទិភាពមួយទៀត គឺការបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលបាននិងកំពុងជំរុញសកម្មភាពសេដ្ឋកិច្ចអោយដំណើរការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមាហរណកម្មខ្ពស់ទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបង្កើនជម្រើសនៃការប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ។
លើសពីនេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជាបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការប្រើប្រាស់ប្រាក់រៀល និងគាំទ្រដល់ក្របខណ្ឌគោល-នយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។
ជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ គឺជាមោទនភាពមួយសម្រាប់ធនាគារជាតិ ដោយសារ ការទទួលស្គាល់ជាអន្តរជាតិ និងមានប្រទេសកាន់តែច្រើនមកសិក្សាយកបទពិសោធពីកម្ពុជា៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


