Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកលដើម្បីតម្រង់ទិសដៅយុទ្ធសាស្ត្រហិរញ្ញវត្ថុក្នុងបរិបទសេដ្ឋកិច្ចសកលកំពុងជួបប្រទះនឹងភាពប្រែប្រួល

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានរៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលក្រោមប្រធានបទ “ដំណើរឆ្លងកាត់ភាពចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ” កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមកពីវិស័យសាធារណៈ និងឯកជនឈានមុខ រួមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៦០រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាទីផ្សារហិរញ្ញវត្ថុសកលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាពិភាក្សា និងតម្រង់ទិសដៅយុទ្ធសាស្ត្រហិរញ្ញវត្ថុ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះនឹងភាពប្រែប្រួល និងបានបង្ហាញអំពីការប្រឈម និងការប្រែប្រួលដ៏ស្មុគស្មាញនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដែលកំពុងជះឥទ្ធិពលផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ចតំបន់ និងក្នុងស្រុក។ លើសពីនេះវេទិកានេះបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល។

ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។ ដូចនេះការតាមដាន និងយល់ដឹងអំពីការវិវត្តទាំងនេះនឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័នឱ្យកាន់ តែមានប្រសិទ្ធភាព។
នៅក្នុងវេទិកានេះក៏មានការធ្វើបទឧទេ្ទសនាមនិងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខ រួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម