សេដ្ឋកិច្ច
ក្រុមហ៊ុនរបស់អាមេរិក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian McFeeters ប្រធាន និងនាយកប្រតិបត្តិ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនអាមេរិក និងភាគីពាក់ព័ន្ធ ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗ។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ កក្កដា ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian McFeeters ប្រធាន និងនាយកប្រតិបត្តិ និងមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
លោក Brian McFeeters បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនអាមេរិក និងភាគីពាក់ព័ន្ធ ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបានបញ្ជាក់ពីការចាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារជាតិ ក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ដែលបានចូលរួមលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិបានស្វាគមន៍គណៈប្រតិភូ និងបានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ខណៈការវិនិយោគពីសហរដ្ឋអាមេរិកបានរួមចំណែកដល់ការបង្កើតការងារ ការលើកកម្ពស់ជំនាញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំយកស្តង់ដារអន្តរជាតិមកកម្ពុជា។

លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍកម្មវិធីបាគងទេសចរ ដែលបានរួមចំណែកសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ គាំទ្រអាជីវកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ប្រាក់រៀល។
ជំនួបនេះក៏បានផ្លាស់ប្តូរទស្សនាទានលើការពង្រឹងកិច្ចសហប្រតិបត្តិឱ្យកាន់តែប្រសើររវាងធនាគារជាតិនៃកម្ពុជា និងវិស័យឯកជនអាមេរិក ដើម្បីគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបានទឹកប្រាក់ ៧,៤៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅអាមេរិកមានតម្លៃ ៧ ពាន់លានដុល្លារ កើនឡើង ២៩,៨% ចំណែកអាមេរិក នាំចូលមកវិញមានតម្លៃ ៣០៧ លានដុល្លារ កើន ៨៦,៤%។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ពាន់លានដុល្លារ កើនឡើង២៨,៤៨% ចំណែកអាមេរិក នាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


