Connect with us

សេដ្ឋកិច្ច

ធនាគារជាតិព្យាករណ៍ថា ២០២៣ កម្ពុជា នឹងមានអតិផរណាក្នុងរង្វង់ ២% ធ្លាក់ចុះជាងឆ្នាំមុន

បានផុស

នៅ

ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ធ្វើការ​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០២៣ នេះ អតិផរណា​របស់​កម្ពុជា ស្ថិត​ក្នុង​រង្វង់ ២ ភាគរយ ខណៈ​ឆ្នាំ ២០២២ កន្លងទៅ ឡើង​ដល់ ៥,៤ ភាគរយ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ គួបផ្សំ​នឹង​បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​បញ្ហា​ដុល្លារ​រូបនីយកម្ម ដែល​នាំ​ដល់​ការ​ឡើងថ្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ការ​ព្យាករណ៍​នេះ​បាន​ធ្វើ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ ឆ្នាំ ២០២២ នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា នេះ ក្រោម​អធិបតីភាព លោកស្រី ជា សិរី ទេសាភិបាល​រង​ធនាគារ​ជាតិ នៃ​កម្ពុជា។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ ២០២៣ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន ៥,៥% ជាមួយ​នឹង​កម្រិត​អតិផរណា​ទាប​ប្រមាណ ២%។

ហានិភ័យ​សក្ដានុពល​ចម្បងៗ មាន​ប្រភព​ពី​កត្តា​ខាងក្រៅ​ដោយសារ​ការ​បើកចំហ​សេដ្ឋកិច្ច ក៏ដូចជា​ការ​ពឹងផ្អែក​ខ្លាំង​របស់​សេដ្ឋកិច្ច​កម្ពុជា​លើ​វិស័យ​ខាងក្រៅ។ ហានិភ័យ​ទាំងនេះ​មាន​ដូចជា ការ​អូស​បន្លាយ នៃ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​ការ​រឹត​បន្តឹង នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​ការ​រំពឹង​ទុក នៃ​ការ​នាំចេញ និង​ការ​វិនិយោគ​ចូល​មក​កម្ពុជា។ បញ្ហា​អូស​បន្លាយ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ដែល​អាច​បង្អាក់​កំណើន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​ឥណទាន បណ្ដាល​មកពី​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​លើ​ទីផ្សារ​អន្តរជាតិ នាំ​ឲ្យ​កំណើន​ឥណទាន​ថយ​ចុះ ហើយ​ចំណាយ​លើ​ការ​ខ្ចី​ខ្ពស់​ជាង​មុន​ក៏​អាច​កាត់​បន្ថយ​ការ​វិនិយោគ​ក្នុងស្រុក​ផង​ដែរ។

ទន្ទឹម​នឹង​ហានិភ័យ​ខាងក្រៅ ហានិភ័យ​សក្ដានុពល​ខាងក្នុង ក៏​ត្រូវ​យកចិត្តទុកដាក់ និង​តាមដាន​ផង​ដែរ ក្នុង​នោះ​អាច​កើតមានឡើង​ពី​វិស័យ​អចលនទ្រព្យ។ ក្នុង​រយៈពេល​ប្រមាណ ១ ទសវត្សរ៍ មុន​ពេល​វិបត្តិ​កូវីដ-១៩ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​ស្រុក​ដោយសារ​វិបត្តិ​កូវីដ និង​ការ​ងើបឡើង​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា បាន​ធ្វើ​ឲ្យ​តម្រូវការ​ក្នុង​វិស័យ​នេះ​ធ្លាក់​ចុះ​ជា​លំដាប់។ ស្ថានភាព​នេះ ទាមទារ​ឲ្យ​មាន​ការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន ជាពិសេស​លើ​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​វិស័យ​អចលនទ្រព្យ ព្រមទាំង​ពង្រឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង និង​ឥទ្ធិពល​រាលដាល​ទៅកាន់​វិស័យ​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​នេះ ធនាគារ​ជាតិ នៃ​កម្ពុជា បាន​និង​កំពុង​អនុវត្ត​វិធានការ​ចាកចេញ​ពី​វិបត្តិ ដោយ​ការ​ពង្រឹង​ក្របខណ្ឌ​បទបញ្ញត្តិ​ឡើងវិញ ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ភាព​ធន​របស់​ប្រព័ន្ធ​ធនាគារ ស្រប​ពេល​នឹង​ការ​ជួយ​ដល់​វិស័យ​អាទិភាព ដូចជា សហគ្រាស​ធុន​តូច និង​មធ្យម វិស័យ​កសិកម្ម អប់រំ ក្នុង​ដំណាក់កាល នៃ​ងើបឡើង​របស់​សេដ្ឋកិច្ច។ ទន្ទឹម​នេះ ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ជា​ការងារ​អន្តរ​វិស័យ ទាមទារ​ឲ្យ​មាន​កិច្ចសហការ និង​សម្របសម្រួល​ទាំង​ពី​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​នានា ដោយសារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ភាព​ប្រទាក់​ក្រឡា​យ៉ាង​ជិតស្និទ្ធ ទាំង​ក្នុងចំណោម​វិស័យ​ហិរញ្ញវត្ថុ និង​ជាមួយ​វិស័យ​សេដ្ឋកិច្ច​រូបវន្ត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ នាទី មុន

លោក Ancelotti ជាគ្រូបង្វឹកទី១ឈ្នះជើង​ UCL ចំនួន​៥លើក

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម