សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េងើបឡើងវិញនៅដើមឆ្នាំនេះ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមមានភាពប្រសើរឡើងវិញហើយនៅដើមឆ្នាំ ២០២១ នេះ។ តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលនានាក្នុងទំហំទឹកប្រាក់ចំនួន ៣២,៣ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែមករា ដែលកើនឡើង ២ភាគរយ។ ខណៈកូរ៉េខាងត្បូងនាំចូលផលិតផលមកកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥២,២លានដុល្លារ កើនឡើង១២,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការងើបឡើងវិញនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) នៅក្នុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរបានប្រកាសបញ្ចប់ការចរចាជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ។

CKFTA មានគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
លើសពីនេះប្រទេសទាំងពីរជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីនេះអាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័សក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ-១៩។
កម្ពុជាគឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូងដែលមានទំនិញសំខាន់ៗដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជាវិញបាននាំ ទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជាសម្លៀកបំពាក់និងផលិតផលស្បែកជើង កាបូប ជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានថា៖ “ខ្ញុំយល់ថាការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរគឺជាសញ្ញាមួយ ល្អសម្រាប់ប្រទេសទាំងពីរដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េដែលនឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំជាងនេះ”។
លោក លឹម ហេង បានបន្តថា កម្ពុជាមានឱកាសពង្រីកនូវផលិតផលរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ លោកជឿថា ផលិតផលដែលកើតចេញពីវត្ថុធាតុក្នុងស្រុកជាពិសេសផលិតផលកសិកម្ម និងធនធានរ៉ែដែលកម្ពុជាមានអាចក្លាយជាផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េ ហើយបណ្តាក្រុមហ៊ុនបរទេសនានា រាប់ទាំង ក្រុមហ៊ុនកូរ៉េផងដែរនឹងចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកក៏ដូចជាសាធារណរដ្ឋកូរ៉េផងដែរ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ចំនួន ៨៨៤ លានដុល្លារ កាលពីឆ្នាំ២០២០ មានការថយចុះចំនួន ១៤ភាគរយបើ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។ ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២០ប្រទេសកម្ពុជាបាននាំចេញផលិតផលក្នុងទំហំទឹកប្រាក់ចំនួន៣១៧លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ពោលគឺធ្លាក់ចុះ១៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ៕
អត្ថបទ៖ ណារី
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


