ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិកកាត់អត្រាការប្រាក់ ០,៥ ភាគរយ ធំជាងប្រក្រតី
ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសកាត់បន្ថយអត្រាការប្រាក់ប្រមាណ ៥០ ពិន្ទុ ឬ ០,៥ ភាគរយ ដែលធំជាងប្រក្រតី និងជាលើកដំបូងរាប់តាំងពីខែមីនា ឆ្នាំ ២០២០ ពោលគឺនៅពេលដែលវិបត្តិកូវីដ១៩ ផ្ទុះឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការកាត់បន្ថយនេះមានន័យថា ធនាគារកណ្ដាលអាមេរិកបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ខ្លួន ដោយកាត់បន្ថយអត្រាខ្ចីប្រាក់ ចំពេលដែលអតិផរណាថយចុះឈានជិតដល់ចំណុចគោលដៅ ហើយកម្សោយទីផ្សារការងារបង្ហាញពីភាពមិនសូវស្រួលសម្រាប់សេដ្ឋកិច្ច។
មន្រ្តីបង្កើតគោលនយោបាយនៃគណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក FOMC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ថា៖ «គណៈកម្មាធិការទទួលបានទំនុកចិត្តកាន់តែខ្លាំងថា អតិផរណាកំពុងផ្លាស់ប្តូរប្រកបដោយនិរន្តរភាពឆ្ពោះទៅរកគោលដៅ ២ ភាគរយ ហើយវិនិច្ឆ័យថា ហានិភ័យក្នុងការសម្រេចបាននូវគោលដៅការងារ និងអតិផរណា គឺជិតមានតុល្យភាព»។
យ៉ាងណាមិញ ការកាត់បន្ថយអត្រាការប្រាក់ខ្ពស់ជាងប្រក្រតីនេះ រងការជំទាស់ពីទេសាភិបាលរបស់ធនាគារ លោក Michelle Bowman ដែលគាំទ្រការកាត់បន្ថយត្រឹមតែ ១/៤ ពិន្ទុ ឬ ០,២៥ ភាគរយ។
ទោះបីជាបែបណាក៏ដោយ មន្រ្តីបង្កើតគោលនយោបាយរំពឹងថា ធនាគារកណ្ដាលនឹងកាត់អត្រាការប្រាក់ ០,៥ ភាគរយ ទៀតនៅចុងឆ្នាំនេះ ១ ភាគរយ នៅឆ្នាំក្រោយ និង ០,៥ ភាគរយ នៅឆមាសទី ២ ឆ្នាំ ២០២៦ ដើម្បីដាក់អត្រាការប្រាក់គោលនៅចន្លោះពី ២,៧៥-៣ ភាគរយ។

ការកាត់បន្ថយ ០,៥ ភាគរយ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យអត្រាគោលរបស់ធនាគារកណ្ដាលអាមេរិក ថយចុះមកត្រឹម ៤,៧៥-៥ ភាគរយ ពី ៥,២៥-៥,៥ ភាគរយ ដែលធនាគារដាក់ចេញកាលពីខែកក្កដា ឆ្នាំ ២០២៣ និងជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជាង ២ ទសវត្សរ៍។
គួរគូសបញ្ជាក់ថា ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ចុងក្រោយបង្អស់នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការបិទសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិកូវីដ១៩។ យ៉ាងណាមិញ ធនាគារតម្លើងខ្ពស់ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ដោយសារតែអតិផរណាកើនឡើងស្រឺតៗ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ (៩,១ ភាគរយ) ក្នុងខែមិថុនា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលយុទ្ធនាការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់ ៧៥ ពិន្ទុ ៤ ដងជាប់ៗគ្នា។ ក្នុងឆ្នាំ ២០២៣ ធនាគារដដែលបានដំឡើង ៤ ដង ដោយក្នុងម្ដងៗ ដំឡើង ២៥ ពិន្ទុ។

ការកាត់បន្ថយអត្រាការប្រាក់កាលពីថ្ងៃពុធ ទំនងជានឹងចោទសួរអំពីយុទ្ធសាស្ត្ររបស់ធនាគារកណ្ដាល ថាតើត្រូវដោះស្រាយក្ដីបារម្ភដែលថាទីផ្សារការងារនៅសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះលឿនជាងការរំពឹងទុក ឬចាំបាច់ត្រូវធានាឱ្យអត្រាអតិផរណាចុះមកត្រឹមគោលដៅ ២ ភាគរយ របស់ធនាគារកណ្ដាល ខណៈអតិផរណាបានធ្លាក់ចុះមកវិញលឿនរាប់តាំងពីឆ្នាំមុន។
ការបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់ដដែល ធ្វើឡើងចំពេលដែលល្បឿននៃកំណើនការងារបានចុះខ្សោយ ហើយអត្រាអត់ការងារធ្វើបានកើនឡើង ដែលបង្កើតជាក្ដីបារម្ភចំពោះសេដ្ឋកិច្ច។ មន្រ្តី FOMC បានព្យាករថា អត្រាអត់ការងារធ្វើនៅឆ្នាំនេះ នឹងកើនដល់ ៤,៤ ភាគរយ ពីការព្យាករ ៤ ភាគរយ កាលពីខែមិថុនា និងខ្ពស់ជាងអត្រា ៤,២ ភាគរយ នាពេលបច្ចុប្បន្ន។
ចំណែកឯអតិផរណាប្រចាំឆ្នាំវិញ រំពឹងថានឹងថយចុះមកត្រឹម ២,៣ ភាគរយ ពី ២,៦ ភាគរយ ក្នុងការព្យាករកាលពីលើកមុនដូចគ្នា។ កាលពីខែសីហា អតិផរណាអាមេរិក បានបន្តធ្លាក់ចុះមកត្រឹម ២,៥ ភាគរយ។ ជាមួយគ្នានោះ FOMC បានដាក់ការព្យាករកំណើនសេដ្ឋកិច្ច ២,១ ភាគរយ សម្រាប់ឆ្នាំ ២០២៤ និង ២ ភាគរយ សម្រាប់ឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


