ព័ត៌មានជាតិ
SSCA៖ការបង្កើនជើងហោះហើរត្រង់ពីហាណូយ-ភ្នំពេញមិនត្រឹមតែរួមចំណែកទាក់ទាញទេសចរណ៍អន្តរជាតិ ប៉ុន្តែលើកកម្ពស់ការដោះដូរទំនិញ និងវិនិយោគ
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានលើកឡើងថាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ នឹងមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេចរអន្តរជាតិរវាងកម្ពុជា និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ការថ្លែងបែបនេះរបស់ លោក ម៉ៅ ហាវណ្ណាល់ ធ្វើឡើងក្នុងពិធីសម្ពោធជើងហោះហើរ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាលក្ខណៈហោះហើរត្រង់ (Direct Scheduled Flight) រវាងរាជធានីនិងរដ្ឋធានីនយោបាយនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលជាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ បានចាប់ផ្តើមដំណើរការអស់ជាង២០ឆ្នាំកន្លងមក។
លោកថា សម្រាប់ការរៀបចំជើងហោះហើរទៀងទាត់រវាងប្រទេសទាំងពីរនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន និងជាពិសេសក្នុងកំឡុងពេលក្រោយវិបត្តិជំងឺកូវីដ-១៩, ស្ថានភាពពិភពលោកកំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់ទីតាំងភូមិសាស្ត្រនយោបាយ និងសង្គ្រាមអ៊ុយក្រែន-រុស្សី និងនៅមជ្ឍឹមបូព៌ាជាដើម។
លោកថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់ចាប់ពីថ្ងៃនេះ នឹងចូលរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការ ផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជននិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ព្រមជាមួយការជម្រុញពិព្រឹត្តកម្មសេវាកម្មកញ្ចប់ទេសចរណ៍រវាងប្រទេសយើងទាំងពីរផងដែរ»។
«ការសម្ពោធជើងហោះហើរត្រង់នាថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យផ្លែផ្កាដល់ចំណងមិត្តភាពកាន់តែជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរផងដែរ»។ នេះបើយោងតាមលោក ម៉ៅ ហាវណ្ណាល់។
លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានថ្លែងថា ការហោះហើរត្រង់រវាងរដ្ឋធានីទាំងពីរជាផ្លូវការនឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។ លោកថា ក្រៅពីតួនាទីជាស្ពានដឹកជញ្ជូនអ្នកដំណើរ ឬទំនិញ ការហោះហើរត្រង់ក៏ជា «ឯកអគ្គរដ្ឋទូត» ផងដែរ ដែលចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
លោកបានថ្លែងថា៖«ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមអ៊ែរឡាញតែងតែធានានូវប្រតិបត្តិការហោះហើរមកកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ទន្ទឹមនឹងនោះបន្តពង្រីកបណ្តាញជើងហោះហើរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រកួតប្រជែង និងគុណភាពសេវាកម្ម ដែលអាចបំពេញតម្រូវការអតិថិជននៃប្រទេសទាំងពីរបានល្អបំផុត»។
បើយោងតាមSSCA ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោកដោយក្នុងនោះ ពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាន ៥សែននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់។
ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានីនិងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ។
ដោយឡែកគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរាជធានីភ្នំពេញ ក្រោមទឹកប្រាក់វិនិយោគ ១,៥០០ លានដុល្លារសហរដ្ឋអាម៉េរិក ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ ១០% នៅក្នុងភាគហ៊ុន ១០០% បានសម្រេចនូវការសាងសង់បាន ៨៥% ហើយគ្រោងនឹងដាក់ដំណើរការផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខនេះ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»