Connect with us

សេដ្ឋកិច្ច

សង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ះពាល់អ្នកដំណើរចេញ-ចូល កម្ពុជាជាង ១ ម៉ឺននាក់ មួយសប្ដាហ៍

បានផុស

នៅ

យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ១២ ៩៦០ នាក់ រងការប៉ះពាល់ក្នុងការធ្វើដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជា នៅក្នុងមួយសប្ដាហ៍ ដោយសារអ៊ីស្រាអែល និងអាមេរិក បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ការវិវត្តន៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា បាន​បង្ក​ឱ្យ​សេវាកម្ម​ការ​តភ្ជាប់​ជើង​ហោះហើរ​មួយ​ចំនួន​ដែល​ភ្ជាប់​តាម​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ជាក់​លាក់​នៅទីក្រុង ដូហា ឌូបៃ និងអាប៊ូដាប៊ី ជួបប្រទះការផ្អាក (ផ្នែកខ្លះ) ឬមានការកែសម្រួលកាលវិភាគហោះហើជាបណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ «កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៣​ ខែ​មិនា ឆ្នាំ​២០២៦ លោក ស៊ិន ចាន់​សិរីវុត្ថា បាន​​ឱ្យ​ដឹង​ថា ​ការកើនឡើង​នៃសកម្មភាពជម្លោះយោធាថ្មីៗ នៅតំបន់មជ្ឈិមបូព៌ា បាន​ធ្វើ​ឱ្យ​ស្ថាភាពនៃការតភ្ជាប់ជើងហោះ​ហើរ​បច្ចុប្បន្ន​រវាង​កម្ពុជា ជាមួយតំបន់មជ្ឈិមបូព៌ា មាន​ការ​ប្រែប្រួល ដោយ​ក្នុង​នោះ​​មាន​ការ​បិទដែន​អាកាស​ជា​បណ្តោះអាសន្ន,​ ការ​រំខាន​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​មជ្ឈមណ្ឌល​សំខាន់ៗក្នុងតំបន់ឈូងសមុទ្រ (Gulf) ការប្តូរផ្លូវហោះ​ហើរ​នៅ​លើ​ច្រក​អាកាស​ចរណ៍​រវាងអឺរ៉ុប-អាស៊ី និង​ការកើនឡើងនៃចំណាយប្រេងឥន្ធនៈ និង​ថ្លៃធានា​រ៉ាប់រង​ហានិភ័យសង្គ្រាម ជា​ដើម​។

ក្នុងនោះ ផលប៉ះពាល់រវាងការតភ្ជាប់ជើងហោះហើរដោយផ្ទាល់ ឬ ដោយប្រយោលទៅកាន់កម្ពុជា តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ឈូងសមុទ្រ ចំនួន ៣ គឺ Qatar Airways-QR (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងដូហា), Emirates Airlines-EK (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងឌូបៃ) និង Etihad Airways-EY (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី)។


ពាក់ព័ន្ធទៅនឹងជើងហោះហើរទាំង ៣ នេះ បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរដែលភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ដោយចំនួនចលនាជើងហោះហើរ ៤៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជួលជើងហោះហើរដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍ (ទ្វេរទិស)) និង ៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ មជ្ឈមណ្ឌលអាកាសចរណ៍(Hubs)ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា។

តាមការប៉ាន់ស្មានផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង​ប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ។

លោក ស៊ិន ចាន់ បាន​ពន្យល់ថា មិនមែនបានន័យថា ភ្ញៀវទាំងអស់មិនអាចធ្វើដំណើរបាននោះទេ ប៉ុន្តែគ្រាន់តែប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ពួកគេ ដោយ​ភ្ញៀវទេសចរទាំងអស់នោះអាចធ្វើដំណើរទៅតាមផ្លូវផ្សេងៗមកកាន់ប្រទេស កម្ពុជា។ ចំពោះផលប៉ះពាល់នេះ មិនមែនសម្រាប់តែប្រទេសកម្ពុជាមួយនោះទេ គឺប៉ះពាល់ជាសកល។

ទោះ​បី​ជា​មាន​ផល​រំខាន​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​រូប​នេះ បាន​​អះអាង​ថា ប្រទេសកម្ពុជា​នៅ​តែ​មានសុវត្ថិភាព មានដំណើរការជាប្រក្រតី និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាស​ជាតិរបស់យើ​ង​នៅតែ​បន្តដំណើរ​ការ​តាម​ស្ថានភាពធម្មតា។

ប៉ុន្តែ ដោយសារការវិវត្តន៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងការអភិវឌ្ឍពាក់ព័ន្ធនឹងដែនអាកាសក្នុងតំបន់នេះ សេវាកម្មមួយចំនួនដែលភ្ជាប់តាមមជ្ឈមណ្ឌលដឹកជញ្ជូនជាក់លាក់នៅទីក្រុង ដូហា ឌូបៃ និងអាប៊ូដាប៊ី បានជួបប្រទះការផ្អាក (ផ្នែកខ្លះ) ឬមានការកែសម្រួលកាលវិភាគហោះហើជាបណ្តោះអាសន្ន។

សេចក្តី​សម្រេចប្រតិបត្តិការទាំងនេះ គឺធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីឆ្លើយតបនឹងស្ថានភាពខាងក្រៅតំបន់ ហើយមិនពាក់ព័ន្ធនឹងបញ្ហាណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។

អាកាសចរស៊ីវិលកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសហការបន្តជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ និងអាជ្ញាធរអាកាសយានដ្ឋាន ដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍ និងសម្របសម្រួលក្នុងការរៀបចំ​ការធ្វើ​ដំណើរ​ជាក់ស្តែង នៅក្នុងករណីចាំបាច់។

«អ្នកដំណើរត្រូវបានណែនាំ​ឱ្យពិនិត្យកាលវិភាគ​ថ្មីដោយ​ផ្ទាល់​ជា​មួយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់ខ្លួន​ផង​ដែរ​។ ប្រព័ន្ធអាកាសចរណ៍របស់កម្ពុជា នៅតែមានស្ថិរភាព និងសុវត្ថិភាព។ វិធានការបច្ចុប្បន្នមានលក្ខណៈបង្ការ និងបណ្តាលមកពីកត្តាខាងក្រៅ»។ លោក ស៊ិន ចាន់​បន្ថែម​បែប​នេះ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម