ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីថៃ៖ ថៃនឹងទទួលផលចំណេញពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងទទួលបានផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយព្រោះមានទំនាក់ទំនងល្អជាមួយមហាអំណាចសេដ្ឋកិច្ចទាំង២ ហើយនឹងមិនចាំបាច់បែងចែកបក្សពួកក្នុងជម្លោះនោះទេ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការថ្លែងរបស់រដ្ឋមន្រ្តីថៃរូបនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកសារជាថ្មី ដោយបង្កើនក្ដីរំពឹងទុកពីភាពតានតឹងកាន់តែខ្លាំងនៃជម្លោះពាណិជ្ជកម្មជាមួយចិន ជាមួយនឹងគោលនយោបាយបង្កើនពន្ធរបស់លោក។
លោក Pichai បានប្រាប់អ្នកយកព័ត៌មានថា ក្នុងសង្គ្រាមពាណិជ្ជកម្ម ការនាំចូលទំនិញរបស់អាមេរិកនឹងធ្លាក់ចុះ ហើយផលិតផលដែលនាំចេញពីថៃគួរតែជាជម្រើសជំនួស ដែលមានន័យថាការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក នឹងកើនឡើង។
លោកគូសបញ្ជាក់ថា៖ «យើងមានតុល្យភាពល្អរវាងសហរដ្ឋអាមេរិក និងចិន។ អាមេរិកាំងស្រឡាញ់យើង ចិនស្រឡាញ់យើង យើងមិនចាំបាច់ជ្រើសរើសភាគីទេ»។ លោកបន្ថែមថា គណៈប្រតិភូធុរកិច្ចអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅប្រទេសថៃក្នុងខែវិច្ឆិកានេះ ដោយសង្ឃឹមនាំមកជាមួយនូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋវិទូថៃនាពេលកន្លងមក បានព្រមានឱ្យរដ្ឋាភិបាលថៃបង្កើនការប្រុងប្រយ័ត្នសម្រាប់ការវិលត្រឡប់ទៅកាន់អំណាចវិញរបស់លោក ត្រាំ ដោយសារតែវានឹងបង្កជាផលវិបាកសម្រាប់ថៃ។ នៅពេលដែលភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិនកើនឡើង ថៃអាចនឹងក្លាយជាប្រទេសផលិតកម្មជំនួសសម្រាប់ក្រុមហ៊ុនចិន ដែលនេះជាប្រយោជន៍ ខណៈតម្រូវការទំនិញពីថៃរបស់អាមេរិកក៏អាចនឹងកើនឡើងដូចគ្នា។
ប៉ុន្តែគោលនយោបាយការពារនិយមរបស់ ត្រាំ គឺជាអ្វីដែលថៃត្រូវប្រុងប្រយ័ត្ន ជាពិសេសការដំឡើងពន្ធ ១០-២០ ភាគរយ ដែលនេះអាចជះឥទ្ធិពលលើការនាំចេញរបស់ថៃ។ ជាមួយគ្នានោះ លោក ត្រាំ មានទំនោរចង់ឱ្យក្រុមហ៊ុនអាមេរិកដាក់រោងចក្រផលិតកម្មក្នុងស្រុករបស់ខ្លួន ដែលវាអាចនឹងប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងស្រុកថៃ។ លើសពីនេះ ថៃអាចក្លាយជាទីផ្សារជំនួសកាន់តែធំរបស់ផលិតផលចិន ដែលវានឹងបង្កផលប៉ះពាល់ខ្លាំងដល់សហគ្រាសធុនតូច និងមធ្យមរបស់ថៃ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


