Connect with us

សេដ្ឋកិច្ច

គម្រោងស្ពានអាកាសភ្លោះ តម្លៃជាង $១៦ លានសម្រេចបានការសាងសង់ ប្រមាណ២៥%

បានផុស

នៅ

គម្រោងសាងសង់ «ស្ពានអាកាសភ្លោះ» តម្លៃជាង ១៦ លានដុល្លារ (១៦,២០០,៥០០) សម្រេចបានការសាងសង់ប្រ​មាណ ២៥% និងគ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេល​សាង​​​សង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកា​ពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេចហ៊ុនសែន ទៅព្រលាន​តេជោ)មុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។

ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលបានបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០​​ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម