ព័ត៌មានជាតិ
NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួនត្រូវបានធនាគារជាតិនៃកម្ពុជាអនុញ្ញាតិឱ្យធ្វើប្រតិបត្តិការ
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចេញនូវប្រកាសស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្នុងគោលបំណងអនុញ្ញាតិឱ្យធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា និងនីតិបុគ្គលផ្សេងទៀត ធ្វើប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ (Cryptoassets) មួយចំនួន នៅកម្ពុជា។ នេះបើយោងតាមឯកសារដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី២៨ ខែធ្នូ។

ប្រកាសនេះ រៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិនានា ដូចជាស្តង់ដាររបស់គណៈកម្មការបាសែលសម្រាប់ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព (Basel Committee for Effective Banking Supervision) និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force) ដែលជាស្ថាប័នកំណត់ស្តង់ដារអន្តរជាតិសម្រាប់ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភរវកម្ម ព្រមទាំងនិន្នាការនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។
ទ្រព្យសកម្មគ្រីបតូសំដៅដល់ឯកតាតម្លៃជាឌីជីថល ដោយប្រើប្រាស់គ្រីបតូក្រាហ្វី (Cryptography) និងបច្ចេកវិទ្យាឌីអិលធី (Distributed ledger technology ឬDLT) ឬបច្ចេកវិទ្យាប្រហាក់ប្រហែល។ ប្រកាសនេះ បែងចែកទ្រព្យសកម្មគ្រីបតូជា ២ ក្រុម គឺ៖ ទ្រព្យសកម្មគ្រីបតូ ក្រុម១ ជាប្រភេទទ្រព្យសកម្មគ្រីបតូដែលមានការធានាតម្លៃច្បាស់លាស់ដោយអ្នកចេញផ្សាយ ឬ ជាស្ដេប៊លខ័ញ (Stablecoins) ដែលបានបំពេញលក្ខខណ្ឌជាទ្រព្យសកម្មគ្រីបតូដែលមានស្ថិរភាព។ ក្នុងន័យនេះ ទ្រព្យសកម្មគ្រីបតូ ក្រុម១ មានសុវត្ថិភាពខ្ពស់។
សម្រាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ជាប្រភេទទ្រព្យសកម្មគ្រីបតូដែលមិនបំពេញលក្ខណៈវិនិច្ឆ័យជាទ្រព្យសកម្មគ្រីបតូ ក្រុម១។ ទ្រព្យសកម្មគ្រីបតូ ក្រុម២ នេះ មិនមានការធានា និងមានហានិភ័យខ្ពស់។ ឧទាហរណ៍មួយចំនួនៃទ្រព្យសកម្មគ្រីបតូ ក្រុម២ រួមមាន Bitcoin, Ether ជាដើម និងទ្រព្យសកម្មគ្រីបតូដែលមានលក្ខណៈប្រហាក់ប្រហែលផ្សេងទៀត។
ធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេងទៀត ត្រូវស្នើសុំការអនុញ្ញាត ឬ អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាមុនសិន ដើម្បីអាចធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដែលក្នុងនោះ ធនាគារពាណិជ្ជអាចធ្វើប្រតិបត្តិការ ដូចជា កាន់កាប់ ទិញ-លក់ ឬ ជួញដូរទ្រព្យសកម្មគី្របតូ ប៉ុន្តែអាចធ្វើបានតែចំពោះទ្រព្យសកម្មគ្រីបតូ ក្រុម១ ប៉ុណ្ណោះ និងត្រូវមានចំនួនកំណត់; ធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេងទៀត (ទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា) អាចផ្តល់សេវាជូនអតិថិជនរបស់ខ្លួន ដូចជា៖ ១/-ការប្តូរទ្រព្យសកម្មគ្រីបតូ (ប្តូរពីសាច់ប្រាក់ទៅជាទ្រព្យសកម្មគ្រីបតូ ប្តូរពីទ្រព្យសកម្មគ្រីបតូទៅជាសាច់ប្រាក់ ឬ ប្តូរពីទ្រព្យសកម្មគ្រីបតូទៅជាទ្រព្យសកម្មគ្រីបតូផ្សេងទៀត), ២/-ផ្ទេរទ្រព្យសកម្មគ្រីតូ និង ៣/-ការរក្សាទុកឬគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ ឬឧបករណ៍ផ្សេងៗពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ។ ទ្រព្យសកម្មគ្រីបតូដែលអាចត្រូវបានធ្វើប្រតិបត្តិការសម្រាប់សេវាទាំងនេះ ទោះជាទ្រព្យសកម្មគ្រីបតូ ក្រុម១ និងទ្រព្យសកម្មគ្រីបតូ ក្រុម២ ត្រូវតែជាទ្រព្យសកម្មគ្រីតូដែលត្រូវបានជួញដូរនៅលីថ្នាលជួញដូរ ដែលទទួលបានការអញ្ញាតពីនិយ័តករមូលបត្រកម្ពុជា។ ព័ត៌មាន និងលក្ខខណ្ឌលម្អិតនៃការធ្វើការប្រតិបត្តិការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ មានកំណត់ក្នុងប្រកាសដោយឡែក។

បើយោងតាមប្រកាសរបស់ NBC ទោះជាយ៉ាងណា ប្រកាសនេះក៏មានការហាមឃាត់មួយចំនួន ដូចជា ធនាគារពាណិជ្ជ មិនត្រូវបានអនុញ្ញាតឱ្យការបោះផ្សាយទ្រព្យសកម្មគ្រីបតូ ទោះជាក្រុមណាក៏ដោយ។ លើសពីនេះ ធនាគារពាណិជ្ជមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម២ ទោះក្នុងរូបភាពដោយផ្ទាល់ ឬដោយប្រយោល។
ជាមួយគ្នានេះដែរ សម្រាប់គ្រឹះស្ថានផ្ដល់សេវាទ្រព្យសកម្មគ្រីបតូ ដែលអាចជាធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេងទៀតដែទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឱ្យ ប្រើប្រាស់ទ្រព្យសកម្មគ្រីបតូរបស់អតិថិជន សម្រាប់គោលបំណងអាជីវកម្មផ្ទាល់ខ្លួន ផ្តល់មធ្យោបាយផ្តល់កម្ចី និងឱ្យខ្ចីទ្រព្យសកម្មគ្រីបតូរបស់អតិថិជន; ធ្វើសកម្មភាពឬផ្តល់សេវាណាមួយដែលផ្សព្វផ្សាយ ឬផ្តល់មធ្យោបាយសម្រាប់ប្រើប្រាស់ទ្រព្យសកម្មគ្រីបតូ ក្នុងការទូទាត់ទំនិញ និងសេវាកម្ម ពោលគឺ មិនអាចចាយវាយជំនួសរូបិយវត្ថុ ឬរូបិយប័ណ្ណទេ និង ផ្សាយពាណិជ្ជកម្មទ្រព្យសកម្មគ្រីបតូជាក់លាក់ណាមួយ ប៉ុន្តែអាចផ្សាយពាណិជ្ជកម្មសេវាកម្មរបស់ខ្លួនបាន។
NBC បានបញ្ជាក់ថា៖« ប្រកាសនេះមានវិសាលភាពចំពោះតែធនាគារពាណិជ្ជ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងនីតិបុគ្គលផ្សេងទៀតដែទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ប៉ុណ្ណោះ។ ក្នុងករណីដែលបុគ្គលផ្ដល់សេវាទ្រព្យសកម្មគ្រីបតូមានបំណងផ្ដល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូប្រភេទមូលបត្រ ឬសកម្មភាពដែលចាត់ទុកជាសេវាអន្តរការីក្នុងទីផ្សារមូលបត្រ ដូចជា ការបោះផ្សាយ សំណើដាក់លក់ឬទិញ ឬចែកចាយ និងជួញដូរ ជាដើម នឹងត្រូវស្ថិតក្រោមដែនសមត្ថកិច្ច និងត្រូវស្នើសុំការអនុញ្ញាត និង/ឬ អាជ្ញាបណ្ណបន្ថែមពីនិយ័តករមូលបត្រ»៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


