ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិកបន្តឡើងសន្សឹមៗជាថ្មី បង្កការបារម្ភថានឹងកាន់តែធ្ងន់ធ្ងរក្រោមអាណត្តិ ត្រាំ
ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញថា អតិផរណាអាមេរិកបានបន្តកើនឡើងសន្សឹមៗជាថ្មី ខណៈលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងចូលកាន់អំណាចនៅសប្ដាហ៍ក្រោយ ជាមួយនឹងគោលនយោបាយមួយចំនួន ដែលសេដ្ឋវិទូព្រួយបារម្ភថា នឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ។

ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ចេញផ្សាយនូវរបាយការណ៍ប្រចាំខែរបស់ខ្លួនកាលពីថ្ងៃពុធ ដែលបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំខែធ្នូ ២០២៤ បានកើនឡើងដល់ ២,៩ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ធៀបនឹងកំណើន ២,៧ ភាគរយ នៅខែវិច្ឆិកា។
ពិតណាស់ តួលេខនេះទាបជាងឆ្ងាយបើធៀបនឹង កំណើនខ្ពស់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ប្រមាណ ៩,១ ភាគរយ នៅខែមិថុនា ឆ្នាំ ២០២២។ យ៉ាងណាមិញ វានៅតែជាការព្រួយបារម្ភ ដោយហេតុថា វាកំពុងងើបឡើងវិញសន្សឹមៗ៣ខែជាប់ៗគ្នា ងាកចេញឆ្ងាយពីអត្រា ២ ភាគរយ ដែលជាគោលដៅរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក។
សេដ្ឋវិទូលើកឡើងថា នេះអាចជាឧបសគ្គធំសម្រាប់លោក ត្រាំ និងរដ្ឋបាលរបស់លោក ក្នុងការបង្រ្កាបការហក់ឡើងថ្លៃនៃទំនិញ ដើម្បីសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិក។ តម្លៃខែធ្នូមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកើនឡើងក្នុងអត្រាខ្ពស់ជាងពីខែវិច្ឆិកាទៀតផង។
នៅខែធ្នូ តម្លៃប្រេងសាំង និងអាហារ រួមចំណែកដ៏ធំបំផុតចំពោះអតិផរណារបស់អាមេរិក។ តម្លៃស៊ុត បានកើនឡើងជិត ៣៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដោយសារតែជំងឺផ្តាសាយបក្សី ។ ជាមួយគ្នានោះ តម្លៃធានារ៉ាប់រងរថយន្ត បានកើនឡើង ១១ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំដូចគ្នា ខណៈតម្លៃប្រេងសាំង កើនឡើង៤,៤ ភាគរយ នៅខែធ្នូ ធៀបនឹងខែវិច្ឆិកា។

ថាតើអតិផរណាអាចនឹងកាន់តែធ្ងន់ធ្ងរដែរ ឬយ៉ាងណានៅក្រោមអាណត្តិរបស់លោក ត្រាំ គឺជាសំណួរដែលគ្រប់គ្នាកំពុងរងចាំមើល ខណៈធនាគារកណ្ដាលនឹងមានការប្រយ័ត្នកាន់តែខ្ពស់លើការសម្រេចចចិត្តណាមួយរបស់ខ្លួន លើគោលនយោបាយអត្រាការប្រាក់។ ប៉ុន្តែសេដ្ឋវិទូបានព្រមានរួចហើយអំពីលទ្ធភាពដែលអាចកើតមាន ប្រសិនបើលោក ត្រាំ ពិតជាអនុវត្តនូវអ្វីដែលលោកបានប្ដេជ្ញា។
ការព្រួយបារម្ភជាចម្បងមួយនោះគឺការគំរាមកំហែងរបស់លោក ក្នុងការដាក់ពន្ធលើទំនិញនាំចូលពីប្រទេសផ្សេងៗទៀត ដែលនោះនឹងធ្វើឱ្យតម្លៃទំនិញកើនឡើង ហើយអ្នកប្រើប្រាស់អាមេរិកគឺជាអ្នកបង់ថ្លៃ។ ក្នុងចំណោមប្រទេសដែលលោក ត្រាំ បានកំណត់គោលដៅនោះ គឺជាប្រទេសដៃគូពាណិជ្ជកម្មកំពូលៗរបស់អាមេរិក ដែលរួមមាន ម៉ិកស៊ិក កាណាដា និងចិន។ គិតតែពន្ធលើទំនិញនៃប្រទេសទាំង៣នេះ វាអាចបង្កើនតម្លៃទំនិញគ្រប់មុខ ដោយរាប់ចាប់ពីរថយន្ត ប្រេង រហូតដល់គ្រឿងអេឡិចត្រូនិក។ នេះមិនរាប់បញ្ជូលពីផលប៉ះពាល់នៃពន្ធទូទៅ ដែលលោកសន្យាថានឹងដាក់លើគ្រប់ទំនិញនៃគ្រប់ប្រទេស ១០ៗ ភាគរយផង។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏គំរាមកំហែងផងដែរ ពីការនិរទេសជនអន្តោរប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ ដែលសេដ្ឋវិទូព្រមានថា ធ្វើឱ្យតម្លៃពលកម្មកើនឡើង ជាកត្តាមួយផ្សេងទៀតក្នុងការជំរុញអតិផរណា។
ទោះបីបែបនេះក្ដី គេមិនទាន់អាចនិយាយបានទេ ថាតើ លោក ត្រាំ នឹងធ្វើអ្វីឱ្យប្រាកដក្នុងអំឡុងពេលអាណត្តិរបស់លោក ដោយគេនឹងច្បាប់ផ្ដើមដឹងជាបណ្ដើរៗចាប់ពីថ្ងៃចន្ទនេះតទៅ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


