ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធលើសហភាពអឺរ៉ុប និងចិនជាថ្មី ខណៈម៉ិកស៊ិក និងកាណាដា ត្រៀមចាត់វិធានការឆ្លើយតប
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ បានសន្យាដាក់ពន្ធគយលើទំនិញនាំចូលពីសហភាពអឺរ៉ុប និងពន្ធ ១០ ភាគរយ លើការនាំចូលពីចិន ដែលនឹងអាចចាប់ផ្ដើមពីថ្ងៃទី ១ កុម្ភៈ តទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ការគំរាមជាថ្មីនេះ ធ្វើឡើងក្រោយលោកលើកឡើងថាខ្លួនកំពុងគិតគូរពីការដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ប្រកាសជាថ្មីកាលពីថ្ងៃអង្គារ ពីការត្រៀមខ្លួនរួចជាច្រើនលើការចាត់វិធានការពន្ធដូចគ្នាប្រឆាំងនឹងអាមេរិក ដើម្បីជាការឆ្លើយតប។
លោក ត្រាំ ដែលឡើងកាន់អំណាចកាលពីថ្ងៃទីចន្ទ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ដោយលើកឡើងពីតម្រូវការដើម្បីកែតម្រូវអតុល្យភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក ខណៈបញ្ជាក់ពីការប្រឆាំងចិនលើលំហូរថ្នាំញៀនហ្វេនតានីល (Fentanyl)។
លោកថ្លែងអំពីសហភាពអឺរ៉ុបយ៉ាងដូច្នេះថា៖ «គេធ្វើបាបយើងខ្លាំងណាស់ អាក្រក់ណាស់។ ដូច្នេះពួកគេនឹងជាប់ក្នុងវិធានការពន្ធ»។ លោកបន្តថា អាមេរិកមិនទទួលបានយុត្តិធម៌ទេ លុះត្រាតែអាមេរិកធ្វើដូច្នេះ។

ក្នុងថ្ងៃស្បថចូលកាន់តំណែង លោក ត្រាំ បានចោទប្រកាន់ប្លុកដដែលថា មិនបាននាំចូលផលិតផលអាមេរិកឱ្យបានគ្រប់គ្រាន់នោះទេ ហើយលោកនឹងកែតម្រូវបញ្ហានេះ ដោយការដាក់ពន្ធ ឬដោយការជំរុញឱ្យសហភាពអឺរ៉ុបទិញប្រេង និងឧស្ម័នអាមេរិកបន្ថែមទៀត។
ចំពោះប្រទេសចិនវិញ លោក ត្រាំ ក៏បានរំឭកឡើងវិញផងដែរនូវការគំរាមកំហែងរបស់លោកពីការដាក់ពន្ធ ១០ ភាគរយ ដោយចោទប្រកាន់ថា ចិនជួញដូរថ្នាំហ្វេនតានីល ដោយបញ្ជូនចូលទឹកដីអាមេរិកតាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។
លោក ត្រាំ លើកឡើងថា វិធានការពន្ធរបស់លោកអាចនឹងចាប់ផ្ដើមនៅថ្ងៃទី ១ កុម្ភៈ ពោលគឺជាកាលបរិច្ឆេទដែលលោក «គិត» ថានឹងអនុវត្តចំពោះពន្ធលើម៉ិកស៊ិក និងកាណាដា ជុំវិញបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងលំហូរហ្វេនតានីល។

គួរគូសបញ្ជាក់ថា កាណាដា ចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុប សុទ្ធសឹងតែជាបណ្ដាប្រទេស/ប្លុក ដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងទំហំពាណិជ្ជកម្មរាប់ទ្រីលានដុល្លារ។ សេដ្ឋវិទូលើកឡើងថា គោលនយោបាយពន្ធរបស់ ត្រាំ នឹងធ្វើឱ្យអតិផរណាអាមេរិកកើនឡើង ខណៈទាក់ទាញការឆ្លើយតបពីបណ្ដាប្រទេសជាប់ពន្ធ ធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចូលក្នុងភាពតានតឹងកាន់តែខ្លាំង។
ក្រៅតែពីប្រកាសពីការត្រៀមខ្លួនឆ្លើយតបរបស់ម៉ិកស៊ិក និងកាណាដា ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសេដ្ឋកិច្ច បានលើកឡើងថា ប្លុកបានត្រៀមខ្លួនជាស្រេចដើម្បីការពារផលប្រយោជន៍ រក្សាតម្លៃរបស់ខ្លួន និងចរចាជាមួយលោក ត្រាំ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


