សេដ្ឋកិច្ច
កម្ពុជានឹងអាចចុះហត្ថលេខាលើមុខទំនិញនាំចេញសំខាន់ៗ ២ មុខទៀត ទៅទីផ្សារចិន
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រៅពីកិច្ចកុងត្រា ក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារចិន កម្ពុជានឹងអាចចុះហត្ថលេខាលើការនាំចេញមុខទំនិញសំខាន់ៗ ២ មុខ បន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន។

លោក ឃឹម ហ្វីណង់ ថ្លែងប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នេះ ថា ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងភូតគាមអនាម័យ (SPS) សម្រាប់ការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន កម្ពុជា តាមរយៈក្រសួងកសិកម្មបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន និងបានឯកភាពគ្នារួចរាល់អស់ហើយ។
ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជាយើងនឹងអាចចុះហត្ថលេខាជាមួយភាគីចិន ពាក់ព័ន្ធទៅនឹងពិធីសារផ្សេងៗទៀតផងដែរ ដូចជា ទុរេន ក្រពើ ជាដើម។

លោកបាន បន្ថែមថា ជាគោលការណ៍លុះត្រាតែមានកិច្ចព្រមព្រៀងទើបអាចរុញការងារនេះទៅកាន់ទីផ្សារប្រទេសចិនបាន ហើយកន្លងមកចិនគឺជាទីផ្សារសំខាន់ ដូច្នេះហើយទើបធ្វើឱ្យការចរចានេះចំណាយពេលយូរ។
លោកបានសង្កត់ធ្ងន់ថា ឱ្យតែបានការចរចានេះត្រឹមត្រូវ និងចុះហត្ថលេខាហើយ គឺយើងអាចមានលទ្ធភាពធ្វើករនាំចេញដែលអាចពង្រីកទីផ្សារកសិផលរបស់កម្ពុជាហើយ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន បានឱ្យ «កម្ពុជាថ្មី» ដឹងបន្ថែមដែរថា ជាការកត់សម្គាល់របស់លោកជុំវិញការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិននេះ លោកមើលឃើញ ៥ ចំណុច ដែលបានផ្តល់ផលប្រយោជន៍ដល់កម្ពុជាប្រសិនបើកម្ពុជាយើងអាចសម្រេចការនាំចេញទៅបាន។

ចំណុចទី១ គឺ កម្ពុជាអាចធានាបាននូវទីផ្សារមួយបន្ថែមទៀត ដែលនេះជាកត្តាសំខាន់ និងជាអ្វីដែលប្រជាកសិករចង់បានបំផុត ព្រោះបច្ចុប្បន្ននេះយើងបានដឹងហើយថា មិនត្រឹមតែទីផ្សារទុរេននោះទេ ទីផ្សារអ្វីក៏ដោយ នៅពេលដាំដុះបានអ្វីដែលព្រួយបារម្ភបំផុតគឺបញ្ហាទីផ្សារនេះតែម្តង។ ទី២ ពាក់ព័ន្ធនិងតម្លៃ កាលណាកម្ពុជាមានជម្រើសទីផ្សារកាន់តែច្រើន នោះតម្លៃក៏នឹងកាន់តែល្អប្រសើរផងដែរ។
ដោយឡែកទី៣ គឺអាចលើកកម្ពស់ស្តង់ដារនៃការផលិតទុរេននៅកម្ពុជា ព្រោះកន្លងមកប្រជាពលរដ្ឋហាក់មិនសូវយកចិត្តទុកដាក់ ដោយសារផលិតលក់នៅក្នុងស្រុក។ ប៉ុន្តែសម្រាប់ការនាំចេញគឺពាក់ព័ន្ធទៅនិងរូបរាង សុវត្ថិភាព និងកត្តាចាំបាច់មួយចំនួនទៀតទៅតាមតម្រូវការទីផ្សារ ដូច្នេះប្រសិនអាចបើកទីផ្សារនេះ នឹងជួយលើកកម្ពស់ស្តង់ដារវិស័យទុរេនរបស់កម្ពុជាទាំងមូល រាប់តាំងពីការដាំដុះ ការវ៉ិចខ្ចប់ និងការនាំចេញជាដើម។

ទី៤ តាមរយៈនេះច្បាស់ជាអាចទាញយកការវិនិយោគពីក្រៅស្រុក និងក្នុងស្រុក ចូលទៅក្នុងវិស័យមួយនេះកាន់តែល្អប្រសើរបន្ថែមទៀតទាំងការដាំដុះ និងការពង្រីកបន្ថែមទៅលើផ្ទៃដីដាំដុះ ព្រោះកម្ពុជាមានផ្ទៃដីដែលបានធំធេងបើប្រៀបធៀបប្រទេសជិតខាងកម្ពុជាមានសក្ដានុពលច្រើន ហើយនិងការវិនិយោគទៅកាន់ការកែច្នៃនៅក្នុងសង្វាក់ផលិតកម្មទុរេនមានច្រើន ដែលទាញការវិនិយោគ ឱកាសការងារ និងមូលធនចូលក្នុងប្រទេសយើងដូចគ្នាដែរ។
ទី៥ ប្រសិនបើយើងរៀបចំឱ្យបានកាន់តែច្រើន ទុរេនក៏ជាផ្នែកដែលអាចទាក់ទាញភ្ញៀវទេសចរមួយដែរ ជាពិសេសទេសចរចិន ក៏ដូចជាទេសចរនៅក្នុងប្រទេសក្នុងអាស៊ានផងដែរ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករបន្ថែមផងដែរ សូមឱ្យយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការផលិតផ្លែទុរេនឱ្យបានល្អ ដោយសារប្រទេសថៃ និងវៀតណាមកំពុងប្រឈមបញ្ហានេះ ដូច្នេះយើងជាប្រទេសដែលមានសក្ដានុពលហើយ គួរតែបន្តពង្រឹងគុណភាព និងរសជាតិ សម្រាប់អ្នកបរិភោគឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ មួយវិញទៀត កសិករគួរតែផ្ដួចផ្ដើមចងក្រងជាក្រុម ដើម្បីអាចរុញច្រានឱ្យក្លាយជាសហគមន៍ និងឈានទៅកសិកម្មទំនើប ដើម្បីក្លាយជាកម្លាំងមួយក្នុងការរួមគ្នាផលិតឱ្យកាន់តែល្អប្រសើរផងដែរ។

ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការគូសបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាកាលពីថ្ងៃទី៧ខែមេសា។
ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ ពាន់លានដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត