សេដ្ឋកិច្ច
ផ្លូវលេខ៧១C នឹងលើកកម្ពស់ប្រសិទ្ធិភាពនៃការនាំចេញផលិតផលកសិកម្ម
ផ្លូវជាតិលេខ ៧១C ប្រវែង ១១៥ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ ១៣៣ លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធិផលនេះ ជាចំណងដៃថ្មីមួយ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការតភ្ជាប់ប្រទាក់ក្រឡា ពីតំបន់មួយទៅតំបន់មួយជាបន្តបន្ទាប់នៅទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា៖ «ផ្លូវជាតិលេខ ៧១C នេះ រំពឹងថានឹងជួយលើកកម្ពស់ប្រសិទ្ធិភាពនៃការនាំចេញផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលជាតម្រូវការចាំបាច់របស់សាកលលោក ព្រមទាំងអាច ជួយទាក់ទាញទេសចរណ៍ និវិនិយោគិនបន្ថែមទៀត ឱ្យមកកាន់តំបន់នេះ សំដៅធ្វើឱ្យប្រសើរឡើងជីវភាពប្រជាពល រដ្ឋ»។

ផ្លូវជាតិលេខ៧១C បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ផ្លូវនេះ មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេមានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវនៅក្រៅទីប្រជុំជនប្រវែង ១១ម៉ែត្រ និងនៅក្នុងទីប្រជុំជន ប្រវែង ៩ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គីឡូម៉ែត្រ ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវខ្នែងមានចំនួន ៩ខ្សែ ប្រវែង ៦,៧២៥ គីឡូម៉ែត្រ ទទឹងតួផ្លូវ ប្រវែង ៧ម៉ែត្រ ក្រាលកៅស៊ូពីរប្រទាប់ DBST, ស្ពានធំៗ មានចំនួន ៣កន្លែង ប្រវែងសរុប ៦៣៥ម៉ែត្រ, ស្ពានមធ្យម មានចំនួន ៨កន្លែង ប្រវែង សរុប ២៣៧ម៉ែត្រ ដាក់លូគ្រប់ប្រភេទ ចំនួន ១៩៩កន្លែង និងមានកន្លែងសម្រាប់រថយន្តបត់ត្រឡប់ (U-Tum) រួមជាមួយនឹងការងារគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ រនាំងសុវត្ថិភាព និងដាំបង្គោលគីឡូម៉ែត្រ ស្របតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

ផ្លូវនេះ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគ មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៧១សេ បានបែងចែកជា ២ផ្នែក គឺផ្នែកខាងកើត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងផ្នែកខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ចាម និងបានតភ្ជាប់គ្នាតាមរយៈ ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)។
ផ្លូវនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា-វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


