ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើនសេដ្ឋកិច្ច ប៉ុន្តែមិនខ្លាំងដូចកូវីដ១៩
មន្ត្រីធនាគារកណ្តាលថៃជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងរងផលប៉ះពាល់ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក ទោះបីជាមិនខ្លាំងដូចអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ជំនួយការទេសាភិបាលនៃក្រុមគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ លោក Sakkapop Panyanukul បានថ្លែងថា ផលប៉ះពាល់នឹងមានធ្ងន់ធ្ងរ និងអូសបន្លាយ ទោះបីវាមិនធ្ងន់ក្នុងសភាពដូចពេលកូវីដ១៩ក្ដី។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា ពន្ធរបស់សហរដ្ឋអាមេរិកបានផ្អាកផលិតកម្មមួយចំនួន និងពន្យារពេលការសម្រេចចិត្តវិនិយោគ ហើយផលប៉ះពាល់ពន្ធទៅលើការនាំចេញរបស់ថៃ នឹងចេញច្បាស់នៅត្រីមាសទី២ឆ្នាំនេះ។
លោក Sakkapop បានបន្តថា៖ «ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកល គឺជាផលប៉ះពាល់ធ្ងន់ធ្ងរ និងអូសបន្លាយ ដែលនឹងប៉ះពាល់ដល់ប្រទេសថៃតាមរបៀបជាច្រើន»។
លោកបានគូសបញ្ជាក់ថា៖ «មុនពេលសហរដ្ឋអាមេរិកប្រកាសពន្ធគយបដិការ ៣៦ ភាគរយ លើការនាំចូលពីប្រទេសថៃ យើងបានព្យាករកំណើន GDP (ផលិតផលក្នុងស្រុកសរុប) លើសពី ២,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៥។ ប៉ុន្តែដោយសារផលប៉ះពាល់នៃពន្ធនេះ កំណើនរំពឹងថានឹងទាបជាង ២,៥ ភាគរយ»។ លោក Sakkapop បានបន្តយ៉ាងដូច្នេះថា៖ «ផលប៉ះពាល់នឹងមិនតូចតាចនោះទេ ប៉ុន្តែវាក៏នឹងមិនធ្ងន់ធ្ងរដូចអំឡុងពេលកូវីដដែរ»។

ដើមឡើយ ធនាគារកណ្តាលបានព្យាករថា ពន្ធគយរបស់សហរដ្ឋអាមេរិក ៣៦ ភាគរយ លើការនាំចូលពីប្រទេសថៃ នឹងប៉ះពាល់ដល់ក្រុមហ៊ុននាំចេញដែលដឹកជញ្ជូនដោយផ្ទាល់ទៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ កាលពីថ្ងៃទី ៩ មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ដោយទម្លាក់មកត្រឹមជាពន្ធមូលដ្ឋាន ១០ ភាគរយ នាពេលបច្ចុប្បន្ន ដើម្បីទុកពេលសម្រាប់ការចរចា។ មន្រ្តីអ្នកចរចាថៃរំពឹងថានឹងជួបសមភាគីអាមេរិកនៅក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ។
ធនាគារកណ្តាលថៃ បានព្យាករពីកំណើននៃការនាំចេញចន្លោះ ២-៣ ភាគរយ នៅឆ្នាំនេះ ដោយឥទ្ធិពលចម្បងរបស់ពន្ធគយ ទំនងនឹងមានខ្លាំងនៅឆ្នាំក្រោយ ប្រសិនបើរដ្ឋបាល ត្រាំ នៅតែបន្តអនុវត្តវា។ ប៉ុន្តែក្នុងករណីអាក្រក់បំផុត ធនាគារគិតថា ការនាំចេញអាចនឹងធ្លាក់ចុះនៅឆ្នាំក្រោយ។
លោក Sakkapop បាននិយាយថា ពន្ធគយរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ប្រទេសថៃតាមរយៈបណ្តាញសេដ្ឋកិច្ចសំខាន់ៗចំនួន ៥ គឺ ទីផ្សារហិរញ្ញវត្ថុ ការវិនិយោគ ការនាំចេញ កំណើននៃការប្រកួតប្រជែង និងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ លោកថា វិស័យដែលនឹងរងផលប៉ះពាល់ខ្លាំងបំផុត គឺការនាំចេញ និងការផលិត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


