ព័ត៌មានជាតិ
រដ្ឋអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារមាន ជាតិគីមី និងជំងឺឆ្លង ជាពិសេសទុរេន និងសាច់គោ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានធ្វើការក្រើនរំលឹកអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារមាន ជាតិគីមី និងជំងឺឆ្លង ជាពិសេសទុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូល ជាបណ្តោះអាសន្នដោយសារជំងឺឆ្លង។

លោក គុណ ញឹម អគ្គនាយក GDCE។
យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០០៨/២៥ ប្រក.អអរ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី GDCE បានលើកឡើងកាលពីថ្ងៃទី២៧ ខែឧសភាថា បើតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យនឹង ទប់ស្កាត់ចំពោះការនាំចូលចំណីអាហារមានជាតិគីមី ជាពិសេសទុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូល ជាបណ្តោះអាសន្នដោយសារជំងឺឆ្លង»។

GDCE បានគូសបញ្ចាក់ទៀតថា ៖«ក្នុងន័យដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តបន្ថែមទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមរំលឹកដល់ អង្គភាពគយនិងរដ្ឋាករក្រោមឱវាទទាំងអស់ បន្តពង្រឹងការគ្រប់គ្រងតាមនីតិវិធីជាធរមាន លើការនាំចូលចំណីអាហារ មានជាតិគីមី ជាពិសេសផ្លែទុរេន និង និងសាច់គោ-ក្របី រួមទាំងទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញ ជាប់កម្រិតកំណត់ ឱ្យបានម៉ឺងម៉ាត់»។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្រង់សម្ដីសម្ដេចធិបតី ចេញផ្សាយដូច្នេះ៖«សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជា បណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ»។

បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញករណីទុរេនផ្ទុកសារធាតុគីមី ដាក់ចេញស្របពេលដែលផ្លែទុរេន របស់ប្រទេសជិតខាង ត្រូវបានអ្នកជំនាញចិន រកឃើញថា ផ្ទុកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក ដែលការណ៍ពលរដ្ឋកម្ពុជា បង្ហាញក្ដីព្រួយបារម្ភថា ទុរេនរបស់ប្រទេសវៀតណាម និងថៃ មិនអាចនាំចូលទីផ្សារចិនបាន ហើយហៀរហូរចូលមកកម្ពុជា តាមរយៈការនាំចូលរបស់ឈ្មួញខិលខូច។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រសួងបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យមានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពីព្រោះឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


