ព័ត៌មានជាតិ
ខេត្តបាត់ដំបងនឹងរៀងចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនៅចុងខែនេះ
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ជាពិសេសប៊ូហ្វេទុរេន ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ គឺមានម្ចាស់ចម្ការធំៗ ចំនួន ៥ ដែលនឹងចូលខ្លួនមកតាំងបង្ហាញផលិតផលផ្លែឈើរបស់ខ្លួន។

ប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ លោកឈឹម វជិរា បានលើកឡើងថា ក្រោមការគិតគូររបស់រដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែមិថុនានេះ នឹងមានការរៀបចំជាប៊ូហ្វេទុរេន។ ដោយឡែក ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣ មានការរៀបចំស្តង់ជាភូមិមួយ ផលិតផលមួយ សម្រាប់ឱ្យប្រជាកសិករដែលជាម្ចាស់ចម្ការ ទុរេន សាវម៉ាវ ប័រ មង្ឃុត ម្នាស់ ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងផលិតផលផ្លែឈើដែលល្បីល្បាញនៅក្នុងខេត្តបាត់ដំបង និងស្រុកសំឡូត ជាដើមនោះ គឺអាចនឹងមានចំនួនលើស ២០ស្តង់ ដោយបច្ចុប្បន្នមានចំនួន ១៩ស្តង់ហើយដែលចូលខ្លួនដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន។
ពាក់ព័ន្ធនឹងការរៀបចំនេះទៀតសោទ គឺធ្វើឡើងក្នុងគោលបំណង ទី១ ដើម្បីបង្ហាញថា ផ្លែឈើនៅក្នុងខេត្តបាត់ដំបង បានឈានចូលដល់រដូវប្រមូលផលហើយ ដែលមានទុរេន សាវម៉ាវ មង្ឃុត ក្រូចពោធិ៍សាត់ ផ្លែប័រ ជាដើម។ មិនតែប៉ុណ្ណោះ ព្រឹត្តិការនេះក៏នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសបង្កើនទំនុកចិត្តដល់ពលរដ្ឋក្នុងខេត្ត នៅក្នុងបរិភោគផលិតផលរបស់ខ្មែរដែលមានការទទួលខុសត្រូវពីអង្គភាពជំនាញក្រោមឱវាទរបស់ខេត្តបាត់ដំបង។

«ជាងនេះទៀត ក៏អាចជួយកាត់បន្ថយនូវការក្លែងបន្លំផលិតផលមួយចំនួន ព្រោះពីមុនមកលោកឃើញថា ទុរេនសំឡូតមិនទាន់ដល់រដូវប្រមូលផលផង ប៉ុន្តែនៅតាមផ្លូវ និងទីផ្សារមួយចំនួន មានការដាក់លក់ថាជាទុរេនសំឡូត ឬក៏សាវម៉ាវ ផងដែរ»។ លោក ឈឹម វជិរា បន្ថែមបែបនេះ។
ទន្ទឹមនេះ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងដែរថា សម្រាប់ព្រឹត្តិការនេះ លោករំពឹងថា នឹងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនបន្ថែមទៀតចូលមកលេងខេត្តបាត់ដំបង។

មិនតែប៉ុណ្ណោះ ស្របពេលដែលមិនទាន់មានភាពប្រសើរឡើងនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលបិទលើការនាំ ចូលបន្លែ និងផ្លែឈើ ដែលនេះក៏ជាឱកាសមួយសម្រាប់កសិករលក់នូវផលិតផលដាំដុះនៅក្នុងខេត្តបាត់ដំបងទៅកាន់ទីផ្សារនានា ដោយមិនមានការប្រកួតប្រជែងពីប្រទេសជិតខាង។
ជាងនេះទៀត ក៏នឹងអាចបង្ហាញទៅកាន់សាធារណៈជន ថាតើបាត់ដំបងមានសមត្ថភាពអាចផលិតបានបន្លែ និងផ្លែឈើអ្វីខ្លះ ព្រោះនៅក្នុងព្រឹត្តិការនេះមិនមែនផ្តោតទៅលើតែផ្លែឈើមួយមុខនោះទេ គឺមានទាំងបង្អែម បន្លែ ជាច្រើនមុខដែលផលិតដោយកសិករខ្មែរ ដូច្នេះព្រឹត្តិការនេះនឹងបង្ហាញឱ្យសាធារណៈជនដឹងថា យើងមានភាពខ្លាំងប៉ុណ្ណានៅក្នុងការផលិតបន្លែ ផ្លែឈើ អាចទទួលទានដោយខ្លួនឯងបាន។

លោក ហម អរុណ បានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់បន្លែ ផ្លែឈើ ផលិតផលក្នុងស្រុកជាពិសេសខេត្តបាត់ដំបង ជម្រុញការផ្សព្វផ្សាយ ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ លើកទឹកចិត្តដល់ប្រជាកសិករខេត្ត លើកកម្ពស់កេរ្តិ៍ឈ្មោះខេត្ត បង្កើនទាពទាក់ទាញទេសចរ និងរួមចំណែកលើកកម្ពស់យុទ្ធនាការ ទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
សូមជម្រាបថា រយៈពេល ៥ ខែ ដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកាន់ខេត្តបាត់ដំបងសរុបចំនួន ២៩៣,៣៤៣ នាក់ ក្នុងនោះមាន ភ្ញៀវជាតិចំនួន ២៧៦ ៨៤០ នាក់ និងអន្តរជាតិប្រមាណ ១៦៥ ០៣ នាក់ផងដែរ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


