ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើងថ្ងៃចន្ទនេះ ដោយការវាយប្រហារអ៊ីរ៉ង់របស់អាមេរិក
តម្លៃប្រេងអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកលូកដៃជួញអ៊ីស្រាអែល ដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ដែលបង្កើនក្ដីបារម្ភពីហានិភ័យផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៩២ ដុល្លារ ឬ ២,៤៩ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៨,៩៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ និង ១៧ នាទី ព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,៨៩ ដុល្លារ ឬ ២,៥៦ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៥,៧៣ ដុល្លារ/ប៉ារ៉ែល។ ក្នុងវគ្គជួញដូរមុននោះ នៅព្រឹកថ្ងៃចន្ទដដែល តម្លៃប្រេងទាំង២ បានកើនឡើងរហូតដល់ជាង ៣ ភាគរយ ដោយហក់ដល់កម្រិតតម្លៃខ្ពស់បំផុតរាប់តាំងពីខែមករា មុនពេលវាស្រកចុះវិញ។
ពេលបញ្ចប់ការជួញដូរសប្ដាហ៍មុន តម្លៃប្រេងម៉ាក Brent បានកើនឡើង ៣,៦ ភាគរយ ខណៈ WTI បានកើនឡើង ២,៧ ភាគរយ ដែលនោះជាការបន្តឡើងពីកំណើន ៧ ភាគរយ នៅសប្ដាហ៍មុនមួយទៀត ដោយសារតែភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ាដូចគ្នា។
គេមើលឃើញថា កំណើនតម្លៃនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗកាលពីចុងសប្ដាហ៍ ខណៈអ៊ីរ៉ង់ប្ដេជ្ញាការពារខ្លួន ដែលបង្កក្ដីបារម្ភពីជម្លោះក្នុងតំបន់កាន់តែធំ។
ជម្លោះកាន់តែធំ អាចរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងឆៅធំទី ៣ ក្នុងអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC)។ វិនិយោគិនរំពឹងថា តម្លៃប្រេងអាចនឹងបន្តកើនឡើងទៀត ជាពិសេសប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលរួមចំណែក ១/៥ នៃលំហូរប្រេងឆៅសម្រាប់ការផ្គត់ផ្គង់សកល។

កាលពីយប់ថ្ងៃអាទិត្យ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា សភាអ៊ីរ៉ង់បានអនុម័តវិធានការបិទច្រកសមុទ្រ យ៉ាងណាមិញ អ៊ីរ៉ង់ធ្លាប់បានគំរាមបិទច្រកសមុទ្រនេះច្រើនដងហើយពីមុនមក ប៉ុន្តែមិនដែលធ្វើដូច្នេះទេ ដែលនេះអាចបណ្ដាលមកពីការមិនចង់បាត់បង់ចំណូលរបស់ខ្លួនពីការលក់ប្រេង។
ក្រោមភាពតានតឹងចុងក្រោយ ធនាគារវិនិយោគអាមេរិក Goldman Sachs បានចេញរបាយការណ៍កាលពីថ្ងៃអាទិត្យ ដោយព្យាករថា តម្លៃប្រេងម៉ាក Brent អាចឡើងដល់ ១១០ ដុល្លារ/បារ៉ែល ប្រសិនបើច្រក Hormuz ត្រូវបានបិទ។ ជាង ២ សប្ដាហ៍មុន ធនាគារដដែលបានព្យាករថៃ តម្លៃប្រេងអាចហក់ដល់ចន្លោះពី ១២០-១៣០ ដុល្លារ/បារ៉ែល ប្រសិនបើផ្លូវទឹកដដែលត្រូវបានបិទទាំងស្រុង។
គួរគូសបញ្ជាក់ថា តម្លៃប្រេងម៉ាក Brent បានកើនឡើង ១៣ ភាគរយ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ផ្ទុះឡើងទ្រង់ទ្រាយធំ នៅថ្ងៃទី ១៣ មិថុនា ខណៈតម្លៃ WTI វិញ បានកើនឡើងប្រហែល ១០ ភាគរយ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


