ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់ពន្ធ ៣៥% លើកាណាដា បង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងជាថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៣៥ ភាគរយ លើទំនិញនាំចូលពីកាណាដា ចាប់ផ្ដើមពីខែក្រោយទៅ ខណៈកំណត់អត្រាពន្ធ ចន្លោះ ១៥-២០ ភាគរយ សម្រាប់ដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងលិខិតដែលបង្ហោះនៅលើបណ្ដាញសង្គម លោក ត្រាំ បាននិយាយថា ពន្ធ ៣៥ ភាគរយ នឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ដំណាលគ្នានឹងការអនុវត្តសម្រាប់ប្រទេសដែលទទួលរងពន្ធខ្ពស់ផ្សេងទៀតដែរ។ លោក ត្រាំ បានព្រមានកាណាដាកុំឱ្យសងសឹក បើមិនដូច្នោះទេ ពន្ធខ្ពស់នឹងត្រូវដំឡើងបន្ថែមទៀត។
មែនទែនទៅ ៣៥ ភាគរយ ជាកំណើនពីត្រឹម ២៥ ភាគរយ ដែលលោក ត្រាំ បានប្រកាសលើកាណាដា កាលពីខែកុម្ភៈ ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង ក្រោយកាណាដាប្ដេជ្ញាសងសឹក ដោយការដាក់ពន្ធលើទំនិញអាមេរិកដូចគ្នា។
មន្ត្រីរដ្ឋបាល ត្រាំ ម្នាក់និយាយថា ពន្ធថ្មីនឹងមិនរាប់បញ្ជូលទំនិញនៅក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) និងពន្ធ ១០ ភាគរយ លើថាមពល និងជី នោះទេ ខណៈ ត្រាំ មិនទាន់សម្រេចចុងក្រោយ។
ត្រាំ បានទទូចថា ការដំឡើងពន្ធ ៣៥ ភាគរយ គឺដោយសារតែតួនាទីរបស់កាណាដាក្នុងលំហូរថ្នាំញៀនហ្វេនតានីលចូលមកសហរដ្ឋអាមេរិក និងគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធ និងមិនមែនពន្ធគយ ដែលបង្កជាឱនភាពពាណិជ្ជកម្មសម្រាប់អាមេរិក ហើយគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ លោក ត្រាំ និយាយថា ប្រសិនបើកាណាដា ដោះស្រាយបញ្ហាហ្វេនតានីល លោកនឹងពិចារណាកែសម្រួលអត្រាពន្ធ។

ជុំវិញការប្រកាសពន្ធចុងក្រោយ រដ្ឋាភិបាលកាណាដារបស់លោកនាយករដ្ឋមន្រ្តី Mark Carney មិនទាន់ប្រតិកម្មយ៉ាងណាទេ។ ខណៈបង្ហាញចេតនាក្នុងការចរចា កាណាដាក៏មានជំហរសងសឹកពន្ធរបស់ ត្រាំ ផងដែរ។ កាលពីខែមុន លោក Carney បាននិយាយថា លោក និងលោក ត្រាំ បានព្រមគ្នាបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខថ្មី ត្រឹមរយៈពេល ៣០ ថ្ងៃ។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានបង្កើនសង្រ្គាមពាណិជ្ជកម្មពិភពលោកជាថ្មី ក្រោមការដាក់ពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មសំខាន់ៗ រួមទាំងពន្ធ ២៥ ភាគរយ លើជប៉ុន និងកូរ៉េខាងត្បូង ខណៈបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលជាប្រភពផ្គត់ផ្គង់ទំនិញច្រើន ក៏រងនូវអត្រាខ្ពស់ចន្លោះពី ២០-៤០ ភាគរយ ផងដែរ។
ការដាក់ពន្ធរបស់លោក ធ្វើ ឡើងទោះបីមានក្ដីបារម្ភពាក់ព័ន្ធនឹងកំណើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក ក្នុងចំណោលផលប៉ះពាល់សេដ្ឋកិច្ចផ្សេងៗទៀត។ មែនទែនទៅ កាណាដាគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់អាមេរិក បន្ទាប់ពីម៉ិកស៊ិក ហើយកាណាដា ក៏ជាអ្នកទិញធំបំផុតនៃទំនិញអាមេរិក ក្នុងចំនួនប្រមាណ ៣៤៩,៤ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ ក្នុងឆ្នាំដដែល កាណាដាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកប្រមាណ ៤១២,៧ ប៊ីលានដុល្លារ។ នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក។
ក្រៅតែពីការដាក់ពន្ធខ្ពស់លើកាណាដា និងប្រទេសជាង ២០ រួមទាំងពន្ធ ៥០ ភាគរយ លើប្រេស៊ីល ដែលលោក ត្រាំ បានប្រកាសឡើងនៅសប្ដាហ៍នេះ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា មិនមែនគ្រប់ប្រទេសទាំងអស់នឹងទទួលបានលិខិតរបស់លោកនោះទេ។ លោកថ្លែងក្នុងបទសម្ភាសន៍ជាមួយ NBC ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖ «មិនមែនគ្រប់ប្រទេសសុទ្ធតែទទួលបានលិខិតនោះទេ។ យើងគ្រាន់តែកំណត់ពន្ធគយរបស់យើងប៉ុណ្ណោះ។ យើងនឹងនិយាយថា ប្រទេសដែលនៅសល់ទាំងប៉ុន្មាន នឹងជាប់ពន្ធ មិនថា ២០ ឬ ១៥ ភាគរយ នោះទេ។ យើងកំពុងធ្វើការលើបញ្ហានេះ»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


