ព័ត៌មានអន្ដរជាតិ
សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញវិធានការពន្ធរបស់ ត្រាំ
សង្រ្គាមពាណិជ្ជកម្មនៅអាមេរិកខាងជើងបានផ្ទុះឡើង ក្រោយកាណាដាប្រកាស ហើយម៉ិកស៊ិកប្ដេជ្ញា ចាត់វិធានការសងសឹងជាមួយនឹងការដាក់ពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងចំណាត់ការពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ លើទំនិញនាំចូលពីប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

កាណាដាបានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីអាមេរិកកាលពីថ្ងៃសៅរ៍ ដោយគ្របដណ្ដប់លើភេសជ្ជៈ គ្រឿងសម្អាង និងផលិតផលក្រដាស ដែលមានតម្លៃ ២០ ប៊ីលានដុល្លារអាមេរិក។ ក្រៅពីនេះ កាណាដាក៏ត្រៀមចេញបញ្ជីមុខទំនិញអាមេរិកជាប់ពន្ធផ្សេងទៀត ដែលគ្រប់ដណ្ដប់លើរថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ ផលិតផលដែក និងអាលុយមីញ៉ូម ផ្លែឈើ និងបន្លែមួយចំនួន សាច់គោ សាច់ជ្រូក ផលិតផលទឹកដោះគោ ផលិតផលអាកាស និងទំនិញជាច្រើនមុខទៀត ដែលសរុបជាតម្លៃប្រហែល ៨៥ ប៊ីលានដុល្លារ។
រដ្ឋាភិបាលកាណាដានិយាយថា វិធានការសងសឹកដែលនឹងចូលជាធរមាននៅថ្ងៃអង្គារនេះ នឹងអនុវត្តរហូត ទាល់តែសហរដ្ឋអាមេរិកលុបចោលវិធានការពន្ធរបស់ខ្លួន។ ខណៈព្រមានពីផលប៉ះពាល់ទាំងសងខាង នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានថ្លែងថា៖ «យើងពិតជាមិនរកកំណើននៃភាពតានតឹងនោះទេ ប៉ុន្តែយើងនឹងក្រោកឈរឡើងដើម្បីកាណាដា»។
ចំណែកឯម៉ិកស៊ិកវិញ បានប្ដេជ្ញាថានឹងសងសឹងលើអាមេរិកដូចគ្នា ប៉ុន្តែមិនទាន់បានបញ្ចេញអត្រាពន្ធគយ ឬបញ្ជីមុខទំនិញនៅឡើយទេ។

ទាំងកាណាដា និងម៉ិកស៊ិក សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក។ ការផ្ទុះឡើងនៃសង្រ្គាមពាណិជ្ជកម្មយ៉ាងដូច្នេះ កំពុងបង្កការព្រួយបារម្ភសេដ្ឋកិច្ចពីប្រទេសពាក់ព័ន្ធទាំងសងខាង រួមទាំងផលប៉ះពាល់លើអ្នកប្រើប្រាស់ និងអាជីវកម្មផ្សេងៗ ក៏ដូចជាលទ្ធភាពនៃការបាត់បង់ការងាររាប់លាន។
តាមការប្រកាសរបស់រដ្ឋបាល ត្រាំ សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើគ្រប់ទំនិញពីកាណាដា លើកលែងតែប្រេងកាតដែលជាប់ពន្ធត្រឹម ១០ ភាគរយ, ២៥ ភាគរយ លើគ្រប់ទំនិញពីម៉ិកស៊ិក និង ១០ ភាគរយ លើទំនិញពីចិន។ វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ ដោយរដ្ឋបាលអាមេរិកនៅតែសំអាងលើបញ្ហាលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំញៀនហ្វេនតានីល ក៏ដូចជាឱនភាពពាណិញជ្ជកម្មរបស់អាមេរិកទៅប្រទេសទាំង៣។
អ្នកវិភាគខ្លះលើកឡើងថា ពន្ធរបស់រដ្ឋបាលត្រាំ អាចជាវិធានការបណ្ដោះអាសន្នដោយសារតែផលវិបាកលើសហរដ្ឋអាមេរិក ប៉ុន្តែវានៅតែស្រពិចស្រពិល។ ខណៈភាពចលាចលនៃជម្លោះពាណិជ្ជកម្មកើនឡើង លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាមេរិកអាចទទួលរងផលប៉ះពាល់ «ខ្លះៗ» ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងផ្ទុះឡើង ប៉ុន្តែថា លោកគ្រោងនឹងនិយាយជាមួយកាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទនេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីដដែល បាននិយាយជុំវិញការឆ្លើយតបរបស់កាណាដា ថា៖ «ប្រសិនបើពួកគេចង់លេង ខ្ញុំមិនប្រកាន់ទេ។ យើងអាចលេងតាមអ្វីដែលពួកគេចង់បាន»។ ទន្ទឹមនឹងនោះ លោកក៏គំរាមជាថ្មី អំពីវិធានការពន្ធចំពោះសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ។
ងាកទៅមើលកាណាដា និងម៉ិកស៊ិកវិញ បានប្រកាសពីការព្រមព្រៀងគ្នា «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ» រវាងប្រទេសទាំង២ ក្រោយ ឌ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម (Claudia Sheinbaum) បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍័ ក្រោយពន្ធរបស់ ត្រាំ ត្រូវបានប្រកាសឡើង។
ក្រៅពីការសងសឹករបស់កាណាដា លោក ឌ្រូដូ ក៏បានអំពាវនាវផងដែរ ឱ្យពលរដ្ឋកាណាដាប្រើប្រាស់ផលិតប្រទេសរបស់ខ្លួន។ លោកនិយាយលើបណ្ដាញសង្គម X របស់លោកកាលពីថ្ងៃអាទិត្យ យ៉ាងដូច្នេះថា៖ «ពេលនេះ ជាពេលវេលាដែលត្រូវប្រើផលិតផលដែលផលិតក្នុងស្រុកកាណាដា។ សូមពិនិត្យមើលពិនិត្យស្លាកសញ្ញា។ ចូរយើងធ្វើផ្នែកយើង។ សូមជ្រើសរើសផលិតផលកាណាដា នៅកន្លែងណាដែលយើងអាចធ្វើបាន»៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


