Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ពិព័រណ៍ CIMIF-CTG ឆ្នាំ២០២៥ ជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខរួមគ្នាអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរឹងមាំ

បានផុស

នៅ

នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ (CIMIF 2025) និង​ពិព័រណ៍​ឧស្សាហកម្ម​សំលៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ (CTG 2025) លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​គូស​បញ្ជាក់​ថា ពិព័រណ៍​នេះ គឺ​ជា​សក្ខីកម្ម​បង្ហាញ​នូវ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​រួមគ្នា​រវាង​រដ្ឋ និង​វិស័យ​ឯកជន​ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​កម្ពុជា​ឱ្យ​កាន់​តែ​រឹង​មាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ​ លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​លើក​ឡើង​ថា ទោះបីកម្ពុជា​កំពុងប្រឈម​នឹងការ​គំរាមកំហែង​លើ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់ខ្លួនក្តី ប៉ុន្តែ​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ​ដ៏រឹងមាំ និង​ការ​បំពេញ​ភារកិច្ច និង​កាតព្វកិច្ចរៀងៗខ្លួន ទាំង​ជួរមុខ និងជួរក្រោយ បានក្លាយជាថាមពលដ៏ខ្លាំងក្លា សម្រាប់ភាពធន់ និងការបន្តវឌ្ឍនភាពរបស់យើង។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​កោត​សរសើរ​ដោយ​អះអាងថា «ការរៀបចំពិព័រណ៍នេះ ជាសក្ខីកម្ម​បង្ហាញនូវ​ដំណើរឆ្ពោះ​ទៅមុខ និង​ការប្តេជ្ញាចិត្តរួមគ្នា​រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និង​កម្មន្តសាល​របស់​កម្ពុជា​ឱ្យកាន់តែរឹងមាំ»។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសរំលេចការវិវត្តថ្មីៗនៃគោលនយោបាយពាណិជ្ជកម្មសកល ពិសេសការ បន្ថយអត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកមកលើកម្ពុជា ដោយលើកឡើងថា គោលនយោបាយ​ពន្ធបដិកាថ្មី​របស់​សហរដ្ឋអាមេរិក បាន​ផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែងមួយ ដែលយើងទាំង​អស់គ្នាត្រូវ​ចាប់យក ក្នុងការពង្រីកការវិនិយោគ និងពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយកម្ពុជា ជាមូលដ្ឋានផលិតកម្មចម្រុះសម្រាប់តំបន់ និងពិភពលោក។

ដដែល​នោះ លោក​រដ្ឋមន្ត្រី ក៏បានជំរុញឱ្យ​បន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ មិន​តែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ៤ថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហានេះ ផ្តល់​នូវ​វេទិកា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ការស្វែងរកដៃគូអាជីវកម្ម និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ក្នុងនោះ យើង​ក៏​ត្រូវប្តេជ្ញាបោះ​ជំហានចូលទៅ​កាន់​សករាជ​ថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស គ្រឿងម៉ាស៊ីន និងឧបករណ៍ទំនើបៗ រួមទាំង​ស្វ័យ​ប្រវត្តិកម្ម ដើម្បី​កសាងមូលដ្ឋានឧស្សាហកម្ម និងសេវាកម្ម ប្រកបដោយស្តង់ដា គុណភាព និងផលិតភាពខ្ពស់។

លោក Akai Lin នាយកក្រៅប្រទេសនៃក្រុមហ៊ុន Yorkers បានលើកឡើងថា គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាមាន​សារៈ​សំខាន់​កាន់តែខ្លាំង សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍឧស្សាហកម្ម ហើយទីតាំង​ភូមិសាស្ត្រ​ដ៏ល្អរបស់​កម្ពុជា​នៅក្នុងតំបន់ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់អ្នកវិនិយោគ និងក្​រុមហ៊ុន​ផ្គត់ផ្គង់​អន្តរជាតិ។

សូម​ជម្រាប​ថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2025) និង​ពិព័រណ៍​ឧស្សាហកម្ម​សំលៀកបំពាក់ និង​វាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2025) បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ ដោយ​បង្ហាញ​ចក្ខុវិស័យនៃបរិវត្តកម្មឧស្សាហកម្មកម្ពុជា។ ពិព័រណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនផលិត នវានុវត្តន៍ករ និងវិនិយោគិនជាង ២០០ ក្រុមហ៊ុន មកពី ១៥ ប្រទេស ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​បន្ទាប់​នៃ​កំណើន​ឧស្សាហកម្ម​របស់​កម្ពុជា។

ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service ជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយក្នុងតំបន់អាស៊ី បាននាំយកក្រុមហ៊ុនសកល មកតាំងបង្ហាញគ្រឿងយន្ត គ្រឿងម៉ាស៊ីនទំនើបៗ ដំណោះស្រាយស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាផលិតកម្ម សម្រាប់គាំទ្រឧស្សាហកម្មក្នុងស្រុក ពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលកំពុងផ្តល់ការងារជាងមួយលានកន្លែង និងបន្តជាវិស័យនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា។

ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ មានតាំងបង្ហាញគ្រឿងម៉ាស៊ីន និងខ្សែច្រវាក់ផលិតកម្មច្រើនប្រភេទ រួមមានផ្នែកផ្លាស្ទិច និងកៅស៊ូ ការវេចខ្ចប់ ការបោះពុម្ព ឧបករណ៍កែច្នៃអាហារ គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិកម្ម។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏មានផ្នែកវាយនភ័ណ្ឌ សម្លៀកបំពាក់ គ្រឿងបន្លាស់ សរសៃអំបោះ កប្បាស ក្រណាត់ និងបច្ចេកវិទ្យាពាក់ព័ន្ធផងដែរ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម