សេដ្ឋកិច្ច
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រចំនួន ៦ ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញអង្ករ ក្នុងពេលតម្លៃធ្លាក់ចុះ
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវ-អង្ករកំពុងធ្លាក់ចុះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ថា ក្នុងគ្រាដ៏លំបាកនេះ មន្ត្រីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅតែបន្តឆ្លើយតបនឹងការធ្លាក់ថ្លៃស្រូវសើម តាមរយៈការសម្របសម្រួលការប្រមូលទិញនៅទីវាល និងដឹកជញ្ជូន ហើយការដាក់ចេញយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញនេះ នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញថ្លៃស្រូវ។
ការផ្ដោតអាទិភាពលើលក្ខណៈពិសេសនៃពូជក្រអូប និងប្រណិតរបស់កម្ពុជា ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ ជាជាងប្រជែងលើបរិមាណ គឺនឹងជួយបង្កើនតម្លៃហើយផ្ដល់ផលចំណេញជូនទាំងរោងម៉ាស៊ីននាំចេញ ទាំងប្រជាកសិករផ្ទាល់។
លោក ឌិត ទីណា លើកទឹកចិត្តឱ្យរោងម៉ាស៊ីនជឿជាក់ និងផ្ដល់តម្លៃខ្ពស់ដល់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីជួយជំរុញម៉ាកយីហោអង្ករទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងការពិពិធកម្មទីផ្សារនាំចេញអង្ករ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រទាំង ៦ រួមាន៖ ទី១ ការពង្រឹងការស្រាវជ្រាវផ្នែកទីផ្សារ ដើម្បីជួយជំរុញការនាំចេញអង្ករប្រកបដោយប្រសិទ្ធភាព ទី២ ការទទួលបានពីទីផ្សារ ទី៣ ការពង្រឹងម៉ាកយីហោ និងការផ្សព្វផ្សាយនូវផលិតកម្ម ផលអង្ករកម្ពុជាសម្រាប់នាំចេញ ទី៤ ការលើកកម្ពស់សមត្ថភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ ទី៥ ពង្រឹងសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ សម្រាប់ផ្គត់ផ្គង់ទ្រង់ទ្រាយធំ និងទី៦ ការរកដំណោះស្រាយផ្អែកលើទីផ្សារ ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃអង្ករកម្ពុជា។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា តម្លៃស្រូវ-អង្ករនៅកម្ពុជា និងពិភពលោកបានធ្លាក់ចុះ ដោយសារកំណើននៃផលិតកម្មប្រទេសមួយចំនួន ដែលជាប្រទេសនាំចូល ដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម ដោយសារអាកាសធាតុអំណោយផល ធ្វើឱ្យទិន្នផលនៃការដាំដុះរបស់ប្រទេសទាំងនោះកើនឡើង ខណៈប្រទេសហ្វីលីពីនផ្អាកការនាំចូលអង្ករចំនួន ៦០ ថ្ងៃ។

លោក លន់ យ៉េង យល់ឃើញថា៖ «ការផ្អាកនាំចូលរបស់ហ្វីលីពីន ៦០ ថ្ងៃនេះ ធ្វើឱ្យអង្ករប្រមាណ ១ លានតោន ចាល់នៅលើទីផ្សារ ដែលស្តុកប្រទេសអាស៊ីទាំងអស់នេះត្រូវចាល់ទាំងអស់ ធ្វើឱ្យសម្ពាធនេះ ធ្លាក់ទៅដល់ការប្រមូលផលស្រូវ ដែលអង្ករអត់ទីផ្សារ ធ្វើឱ្យតម្លៃស្រូវក៏ធ្លាក់ចុះដែរ»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន ទៅកាន់គោលដៅ ៦៥ ប្រទេស គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


