Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមស្នើឱ្យអាមេរិកពិចារណាជាថ្មី លើការ​ហាមឃាតការនាំចូលគ្រឿងសមុទ្រ

បានផុស

នៅ

វៀតណាមបានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវការសម្រេចចិត្ត ដែល​​អាច​ឆ្ពោះទៅរក​ការ​ហាម​ឃាត់ការនាំ​ចូល​គ្រឿងសមុទ្រពីវៀតណាម​​នៅដើមឆ្នាំក្រោយ ក្រោយពីរកឃើញថា វិធីសាស្រ្តនេសាទរបស់វៀតណាមបង្កហានិភ័យដល់សត្វសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធភាព​នៃការហាមឃាត់របស់អាមេរិក កំពុងបង្កក្ដីបារម្ភក្នុងឧស្សាហកម្មអាហារសមុទ្រវៀតណាម ដោយរំពឹងថានឹង​ប៉ះពាល់ដល់ការនាំចេញប៊ីលាន​ដុល្លាររបស់ប្រទេស ដែលរងគ្រោះដោយពន្ធ ២០ ភាគរយ របស់ប្រធានាធិបតី ដូណាល់ ត្រាំ រួចទៅហើយ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា រដ្ឋមន្ត្រីរបស់ក្រសួង​ លោក Nguyen Hong Dien ​បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីថ្ងៃចន្ទ ដើម្បីសុំឱ្យ «ពិចារណាឡើងវិញ» នៃការសម្រេចចិត្តកាលពីខែសីហាដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) ដែលបានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យធ្ងន់ធ្ងរដល់ថនិកសត្វសមុទ្រ ដូចជាផ្សោតសមុទ្រ ត្រីបាឡែន និងផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយថា ការហាមឃាត់ការនាំចូលគ្រឿងសមុទ្រវៀតណាម នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអាហារសមុទ្រសំខាន់ៗរបស់វៀតណាម រួមមាន ត្រីធូណា ត្រីដាវ ត្រីតុកកែ ត្រីស្បៃកា ត្រីសមុទ្រម៉ូលឡេត ក្តាម និងមឹក ជាដើម​។

លោករដ្ឋមន្រ្តី Dien បាននិយាយ​ក្នុងលិខិត​ថា ​ការដកចេញនូវការសម្រេចរបស់ NOAA នឹងជួយ «បញ្ចៀសការរំខានធ្ងន់ធ្ងរ​ក្នុងពាណិជ្ជកម្មទ្វេភាគី និងការពារជីវភាពរស់នៅរបស់​អ្នកនេសាទ និងកម្មករនេសាទ​វៀតណាមរាប់សែននាក់​»​។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងដដែល។

សហរដ្ឋអាមេរិក​នាំចូលគ្រឿងសមុទ្រពីវៀតណាម​ប្រមាណ ១,២៤ ប៊ីលាន​ដុល្លារ ​​ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ដោយ​កើនឡើង ៦,៩ ភាគរយ ​និង​​រួមចំណែកប្រមាណ ១៧,៣ ភាគរយ នៃការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម​សរុប។

លោក Dien បាន​បន្តក្នុងលិខិតដដែលទៀត​​៖ «វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មដ៏សំខាន់​។ វៀតណាមប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា​ធំៗក្នុងស្មារតីស្ថាបនា និងឆ្ពោះទៅមុខ​»។

គួររំឭកថា កាលពីខែមុន NOAA បានប្រាប់ក្រសួងកសិកម្មរបស់វៀតណាមថា ខ្លួននឹងមិនទទួលស្គាល់«វិធីសាស្រ្តនេសាទ» ចំនួន ១២ របស់វៀតណាម ក្រោមច្បាប់ការពារថនិកសត្វសមុទ្រ​។ ដោយសារតែការសម្រេចនេះ ​សហរដ្ឋអាមេរិកនឹងហាមឃាត់ការនាំចូលត្រី និងផលិតផលត្រីពីវិធីនេសាទទាំងនេះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ។

មិនមែនតែអាមេរិកទេ ដែលព្រមានពីរបៀបនេសាទរបស់វៀតណាម។ នៅឆ្នាំ ២០១៧ គណៈកម្មការអឺរ៉ុបក៏បានចេញ «កាតលឿង» ដល់ប្រទេសវៀតណាមផងដែរ ​ដោយ​ចោទប្រកាន់ថា វៀតណាម​មិនបានចេញសកម្មភាពគ្រប់គ្រាន់ក្នុងការ​យុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ​និងការនេសាទដែលគ្មាន​ច្បាប់គ្រប់គ្រង ដែលនាំឱ្យមានការធ្លាក់ចុះនៃការនាំចេញអាហារសមុទ្រវៀតណាមទៅកាន់សហភាពអឺរ៉ុប។

ថ្មីៗនេះ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បាន​សម្ដែងការព្រួយបារម្ភថា សេចក្ដីសម្រេចរបស់អាមេរិក នឹង​ប៉ះពាល់ដល់ការនាំចេញរបស់វៀតណាម កម្មករ និងអ្នកនេសាទ ហើយទម្លាក់ការប្រកួតប្រជែងរបស់វៀតណាម ស្របពេលដែលអាមេរិកទទួលស្គាល់វិធីសាស្រ្តនេសាទរបស់ប្រទេសផ្សេងៗដូចជាថៃ ឥណ្ឌា និងជប៉ុន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម