Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុនអាកាសចរណ៍នានា​ជម្លៀសយន្តហោះ​ពី​ហុងកុង​ ដោយសារទីហ្វុង រ៉ាហ្កាសា

បានផុស

នៅ

មុនទីហ្វុង រ៉ាហ្កាសា ដែលជាព្យុះដ៏កំណាចបំផុតប្រចាំឆ្នាំ ២០២៥ បាន​បក់បោកទៅក្បែរ​ភាគខាងត្បូងចិនដីគោកនៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរក្នុងតំបន់ រួមទាំងក្រុងហុងកុង ក្រុង Shenzhen និងក្រុង Zhuhai នៃខេត្តក្វាងទុក​ បាន​បិទប្រតិបត្តិការជើងហោះហើរ ដែលធ្វើឱ្យ​ប៉ះពាល់ដល់កាលវិភាគហោះហើរ និងប្រាក់ចំណូលពីប្រតិបត្តិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីគួរឱ្យកត់សម្គាល់នោះ គឺថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិ​​ក្រុងហុងកុង បាន​ជម្លៀសយន្តហោះរបស់ខ្លួន​ចេញពីព្រលាន ដោយសារតែខ្លាចខូចខាត។ ​ព្យុះទីហ្វុង រ៉ាហ្កាសា បក់បោកទៅក្បែរក្រុងហុងកុងនៅព្រឹកថ្ងៃពុធ ដោយ​រក្សាកម្លាំងខ្យល់បក់បោករបស់ខ្លួនលើសពី ២០០ គីឡូម៉ែត្រ/ម៉ោង ​​​ហើយ​នាំមកនូវហានិភ័យផ្សេងៗរួមទាំងជំនោរទឹកសមុទ្រដោយសារព្យុះ និងភ្លៀងធ្លាក់កម្រិតធ្ងន់ធ្ងរជាដើម​។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែល​ស្រង់ទិន្នន័យពីក្រុមហ៊ុនតាមដានចរាចរណ៍យន្តហោះ Flightradar24 មុនឥទ្ធិពល​ទីហ្វុង រ៉ាហ្កាសា បក់បោកមកដល់ ប្រហែល ៨០ ភាគរយ នៃយន្តហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗចំនួន៤នៅ​ហុងកុង ត្រូវបាន​ជម្លៀសចេញពីព្រលាននៃទីក្រុងដ៏មមាញឹកលំដាប់ពិភព​លោក​នេះ ទៅកាន់ព្រលានយន្តហោះ​នៅជប៉ុន ចិន កម្ពុជា អឺរ៉ុប អូស្ត្រាលី និងទីតាំងផ្សេងៗទៀត។

ទាក់ទិននឹងបញ្ហាដូចគ្នា​ មជ្ឈមណ្ឌលអាកាសចរណ៍ធុរកិច្ចហុងកុង បាននិយាយថា ភាគច្រើននៃកងយន្តហោះជំនួញរបស់ក្រុងហុងកុង ក៏បាន​ជម្លៀសចេញពីតំបន់មុន​ព្យុះ​បក់បោកមកដល់ផងដែរ។

ការចុះចត និងការចេញដំណើរទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង ​ត្រូវបាន​លុប​ចោល​សម្រាប់រយៈពេល ៣៦ ម៉ោង ដោយចាប់ផ្តើមពីល្ងាចថ្ងៃអង្គារតទៅ។

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ក្រុង​ហុងកុង Cathay Pacific Airways បាននិយាយកាលពីថ្ងៃចន្ទថា ព្យុះទីហ្វុងនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើប្រតិបត្តិការរបស់​ក្រុមហ៊ុន​ ហើយ​ខ្លួន​គ្រោង​លុបចោលជើងហោះហើរផ្លូវឆ្ងាយ និងក្នុងតំបន់ ជាង ៥០០​ ជើង។

ក្រុមហ៊ុនដែល​មាន​យន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញចំនួន ១៧៩ គ្រឿង មួយ​នេះបាន​និយាយបន្តយ៉ាងដូច្នេះថា៖ «​យើងនឹង​ជម្លៀសយន្តហោះមួយចំនួនរបស់យើងឱ្យឆ្ងាយពីទីក្រុងហុងកុង ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗតាមកាលវិភាគរបស់យើងរហូតដល់ថ្ងៃព្រហស្បតិ៍ ចូលថ្ងៃសុក្រ»។ ​

យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ដែលសុំចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥​ ដោយសារឥទ្ធិពលព្យុះទីហ្វុង រ៉ាហ្កាសា។

ក្នុងនោះផងដែរ Cathay Pacific Airways បាន​បញ្ជូនយន្តហោះរបស់ខ្លួន ១៣ គ្រឿង មក​ចុះ​ចត​ជា​បណ្តោះអាសន្ន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោកាលពីថ្ងៃអង្គារ​ ដោយសារតែឥទ្ធិពលព្យុះ រ៉ាហ្កាសា ដដែល។

ក្រៅពីនេះ គេឃើញមាន​ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត​ ដែល​បាន​ជម្លៀសយន្តហោះចេញដូចគ្នា រួមមានក្រុមហ៊៊ុន Greater Bay Airlines, Hong Kong Airlines និង​ HK Express ជាដើម។

​គួរគូសបញ្ជាក់ថា ក្រុង​ហុងកុងបានចេញ​ការព្រមានទីហ្វុងកម្រិត ១០ ​នៅព្រឹកថ្ងៃពុធ ​ដោយ​បង្កការបិទអាជីវកម្ម និងសេវាកម្មដឹកជញ្ជូន និងសកម្មភាពសាធារណៈផ្សេងៗទៀត។

គិតត្រឹមម៉ោង ៤ រសៀលថ្ងៃពុធនេះ ព្យុះរ៉ាហ្កាហ្សា បាន​បក់បោកទៅដល់ចិនដីគោក (Make Landfall) នៅភាគខាងត្បូងខេត្តក្វាងទុង ជាមួយ​នឹង​កម្លាំងខ្យល់បក់ ១៩៥ គីឡូម៉ែត្រ/ម៉ោង ឬស្មើនឹង​ព្យុះសង្ឈរាកម្រិតធំទី៣ (Cat 3 Hurricane) នៅអាត្លង់ទិក​ ហើយគ្រោងនឹងបន្តឆ្ពោះទៅខេត្តក្វាងស៊ី មុនឈានទៅដល់ភាគខាងជើងវៀតណាម។

គិតត្រឹមយប់ថ្ងៃអង្គារ អាជ្ញាធរខេត្តក្វាងទុងបាន​ជម្លៀសប្រជាជនប្រមាណ ១,៨៩ លាន​នាក់ ខណៈ រ៉ាហ្កាសា បាន​ឆក់យកជីវិតមនុស្សប្រមាណ ១៤ នាក់ នៅភាគខាងកើតកោះតៃវ៉ាន់ គិតត្រឹមរសៀលថ្ងៃពុធ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ BBC។

រ៉ាហ្គាសា បាន​វាយប្រហារប្រជុំកោះភាគខាងជើងហ្វីលីពីនកាលពី ២​ ថ្ងៃមុន ក្នុងនាមជាព្យុះកម្រិត៥ ឬ Super Typhoon ដែលជាកម្រិតខ្លាំងក្លាបំផុត ជាមួយ​ល្បឿនខ្យល់ ២៧០ គីឡូម៉ែត្រ/ម៉ោង និងល្បឿនខ្យល់កន្រ្តាក់លើសពី ៣០០ គីឡូម៉ែត្រ/ម៉ោង៕

គន្លងរបស់ព្យុះទីហ្វុងរ៉ាហ្កាសា

​រូបថតទីហ្វុង រ៉ាហ្កាសា ពីស្ថានីយ៍អវកាសអន្តរជាតិ ​ដែលថតដោយ​អវកាសយានិកជប៉ុន លោក​​ Kimiya Yui

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម