Connect with us

សេដ្ឋកិច្ច

ការដាំដុះដំណាំកសិកម្មនៅខេត្តឧត្តរមានជ័យ មាន​ការកើនឡើងឆ្នាំនេះ

បានផុស

នៅ

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​«កម្ពុជាថ្មី​» ដឹង​ថា សម្រាប់​នៅ​ឧត្តរមានជ័យ​មក​ដល់​ពេល​បច្ចុប្បន្ន​ស្ថានភាព​ដំណាំដាំដុះជា​រួម​ គឺ​មាន​ការ​កើន​ឡើង​ ជាក់ស្តែង​ សម្រាប់​ឆ្នាំ​២០២៥ នេះ ស្រូវ​វស្សា ផ្ទៃដី​ដាំដុះ​​បាន​កើន​ឡើង​ដល់​​ជាង ១៣​ ម៉ឺន​ហិកតា។

ពាក់ព័ន្ធ​និង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​នៅ​ក្នុង​ខេត្ត​នេះ​ដែរ លោក សូត្រ ស៊ីសុខឃាង បានថ្លែងនៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញានេះ​ថា ​ដំណាំ​ស្រូវ​កន្លង​មកកសិករអាច​ធ្វើ​បាន​ប្រមាណ​ជាង ៩ ម៉ឺន​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៥ នេះ ស្រូវ​វស្សា ផ្ទៃដី​ដាំដុះ​​បាន​កើន​ឡើង​ដល់​​ជាង ១៣​ ម៉ឺន​ហិកតា។ ក្នុង​នោះ​ ដំណាំ​ដំឡូង​មី ក៏​មាន​ការ​កើន​ឡើង​តិច​តួច​ដូច​គ្នា​ដែរ ​កន្លង​មក​កសិករ​ដាំដុះ​លើ​ផ្ទៃ​ដី​ប្រមាណ ៧ ម៉ឺន ៦​ ពាន់​ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​ គឺ​បាន​កើន​ឡើង​ដល់​ជិត ៨ ម៉ឺន​ហិតា។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​សង្កត់​​ធ្ងន់​ថា ឆ្នាំ​នេះ​ផ្ទៃដី​ដំណាំ​ដាំដុះ គឺ​មាន​ការ​កើន​ឡើង​ស្ទើរ​តែ​ទាំង​អស់ បើទោះបី​ជា​​មាន​បញ្ហា​សង្គ្រាម​កើត​មាន​ឡើង​ក៏​ដោយ ព្រោះ​រយៈ​ពេល​នៃ​ការ​កើត​មាន​សង្គ្រាម​​ កសិករគឺ​បាន​ព្រួស​ស្រូវ​រួច​រាល់​អស់ហើយ​នៅ​កំឡុង​ខែ​កក្កដា ហើយ​នៅ​ពេល​ដែល​ស្ថាន​ការណ៍​មាន​ភាព​ស្ងប់ស្ងាត់​ ចាប់​ពី​ខែ​សីហា ដល់​ខែ​កញ្ញា​​ ​កសិករ​ត្រឡប់​មក​ថែទាំ​ស្រូវ​ឡើង​វិញ ដូច្នេះ​​មិន​មាន​បញ្ហា​ប្រឈម​នោះទេ។

«កសិករ​នៅ​ខេត្ត​ឧត្តរមានជ័យ ពលរដ្ឋ​រៀនរស់​នៅ​ក្នុង​ស្ថាន​ភាព​សង្គ្រាម ដោយ​មិន​ប្រលែង​ចោល​នូវ​ដំណាំ​ស្រែ​ចម្ការ។ ការ​បារម្ភ​ពី​សុវត្ថិភាព​នៅ​តែ​គិត ប៉ុន្តែ​ក៏​មិន​បោះ​ចោល​ការងារ​ដាំដុះ​​»។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ជា​រួម​បច្ចុប្បន្ន​ការងារ​ដាំដុះ​នៅ​ក្នុង​ខេត្ត​មិន​មាន​បញ្ហា​ប្រឈម​អ្វី​​នោះ​ទេ ប៉ុន្តែ​អ្វី​ដែលកសិករ​ត្រូវ​គិត​គូរ និង​ព្រួយ​​បារម្ភ​គឺ​នៅ​រដូវ​ប្រមូល​ផល​ ព្រោះ​នៅ​ពេល​ដែល​​បិទ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ​ស្រូវ​ដែល​ប្រមូល​ផល​បាន​ត្រូវ​នាំ​ត្រង់​ទៅ​កាន់​រោងម៉ាស៊ីន​​ទិញ​ស្រូវ​ក្នុង​ប្រទេស ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម​។

ក្នុង​នោះ​ ជា​រួម​សម្រាប់​ផ្ទៃ​ដី ​៩ ម៉ឺន​ហិកតា គឺ​អាច​ប្រមូល​ផល​បាន​ប្រមាណ ២០​ ម៉ឺន​តោន ដូច្នេះ​ប្រសិន​បើ​មាន​ការ​កើន​ឡើង​នូវ​ផ្ទៃ​ដី​ដាំដុះ​ ទិន្នផល​ស្រូវ​ក៏​នឹង​មានការ​កើន​ឡើង​ជាង​មុនដូច​គ្នា តាម​រយៈ​បច្ចេកទេស​កសិកម្ម​កាន់​តែ​ទំនើប កសិករ​យល់​ពី​ការ​ប្រើប្រាស់​ជី​ និង​បច្ចេកទេស​នៅក្នុង​ការ​ដាំដុះ​ ផល​ស្រូវ​ក៏​នឹង​មាន​កើន​ឡើង ហើយបូក​ផ្សំ​នឹង​ពូជ​ស្រូវ​ថ្មី​​ដែល​ក្រសួង​កសិកម្ម​ទម្លាក់​ឱ្យ​ ដូច​ជា​ពូជ​ស្រូវ​ស្រងែ​ថ្មី និង​ពូជ​សែន​ក្រអូប​​ គឺ​​ទទួល​បាន​ទិន្នផល​រហូត​ដល់​ ៥ ទៅ ៦ តោន​ ដូច​នេះ​ហើយ​កសិករ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពូជ​ប្រពៃណី ងាកមក​ដាំដុះ​ពូជ​ស្រូវ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ និង​ទទួល​បាន​ផល​ច្រើន។

លោក សូត្រ ស៊ីសុខឃាង បានបញ្ជាក់ថា ហេតុ​ដូច​នេះ​ហើយ តទៅ​មុខ​ទៀត​និន្នាការ​ស្រូវនៅក្នុងខេត្តឧត្តរមានជ័យ​អាច​នឹង​មានការ​នៅ​សល់​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការ​នៅ​ក្នុង​ខេត្ត​មាន​ការ​ហូប​ចុក​គ្រប់គ្រាន់ និង​​អាច​នាំ​ចេញ​បន្ថែម​ទៀត​។ កត្តា​នេះ នឹង​ធ្វើ​ឱ្យ​កសិករ​មាន​ប្រាក់​ចំណូល​កើន​ឡើង​ជាង​មុន ព្រោះ​កាល​ណា​ទិន្នផល​យើង​អាច​ធ្វើ​បាន​ច្រើន​ជាង​មុន ហើយ​ផ្ទៃ​នៅ​តែ​ដដែល​ នោះ​នឹង​ធ្វើ​​ឱ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ បើទោះបីជា​បច្ចុប្បន្ន​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្តី​ទីផ្សារ​អន្តរ​ជាតិ​ ក៏​ប៉ុន្តែ​មិន​មែន​ធ្លាក់​រហូត​នោះ​ទេ​ ដូច្នេះ​នៅ​ពេល​ដែល​ទីផ្សារ​អន្តរជាតិ មាន​ការ​កើន​ឡើង​ ស្រូវ​ឡើង​ថ្លៃ​ឡើង​វិញ​ នោះ​កសិករ​របស់​យើង​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់។

ម្យ៉ាងវិញទៀត ភាគច្រើន កសិករ​នៅ​ខេត្ត​ឧត្តរមានជ័យ​​​​​គឺ​ជា​កសិករ​ម្ចាស់ដី​ ដែល​មិន​ជួល​ដី​ពី​ក្រុមហ៊ុន ឬ​ក៏​វិស័យ​ឯកជន​ណា​ទេ​ ដូច្នេះ​គាត់​នៅ​តែ​អាចទទួល​បាន​ប្រាក់​ចំណេញ​នៅ​ពេល​ដែល​គាត់​អាច​ធ្វើ​បាន​ទិន្នផល​ស្រូវ​បាន​ខ្ពស់​ បូក​ផ្សំ​និង​ការ​ចំណាយ​ថ្លៃ​ដើម​ទាប ឬ​ខ្ទង់​ ១​លានរៀល​ក្នុង​មួយ​ហិកតា ​ក៏​កសិករនៅ​តែ​អាច​ទទួល​បាន​ផល​ចំណេញ​៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម