ជីវិតកម្សាន្ដ
ព្រះថោង នាងនាគ! រឿងព្រេងនៃការកកើតទឹកដី និងដើមកំណើតប្រពៃណីមង្គលការខ្មែរ
នៅក្នុងប្រវត្តិសាស្ត្រ និងរឿងព្រេងបុរាណខ្មែរ ដែលត្រូវបាននិទានបន្តពីជំនាន់មួយទៅជំនាន់មួយ មានរឿងរ៉ាវដ៏ល្បីល្បាញមួយពាក់ព័ន្ធនឹង ព្រះថោង និង នាងនាគ ដែលទាក់ទងនឹងការកកើតទឹកដីខ្មែរដំូង និងជាដើមកំណើតនៃប្រពៃណីមង្គលការខ្មែរ ដែលនៅតែបន្តរហូតដល់សម័យបច្ចុប្បន្ន។

យោងតាមសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ដែលចងក្រងដោយ រស់ ចន្ត្រាបុត្រ បានរៀបរាប់ថា ព្រះថោង ជាបុត្រទី៤ របស់ស្ដេចមួយព្រះអង្គនៅ នគរឥន្ទព័ទ្ធ។ ថ្ងៃមួយ ព្រះមហាក្សត្របានចាត់តាំងបុត្រ ៤អង្គក្នុងចំណោម ៥អង្គ ឱ្យទៅគ្រប់គ្រងតំបន់ផ្សេងៗគ្នា ដោយព្រះថោងត្រូវទទួលបន្ទុកគ្រប់គ្រងទឹកដីនៅទិសខាងត្បូង ខណៈបុត្រពៅគង់នៅជាមួយព្រះបិតានៅក្នុងបរមរាជវាំង។
ក្រោយមក ក្នុងរាំងមានពិធីទទួលភ្ញៀវរាជការក្រោមវត្តមានបុត្រាពៅ ជាហេតុធ្វើឱ្យ ព្រះថោងយល់ខុសថា ព្រះរាជបិតាបានផ្ទេររាជ្យសម្បត្តិឱ្យប្អូន ក៏កើតក្តីអាក់អន់ចិត្ត និងលែងចូលរួមពិធីនៅក្នុងរាជវាំងតែម្តង។ តែក្រោយមក ទោះព្រះអង្គបានយល់ពីកំហុស ក៏ព្រះមហាក្សត្របានសម្រេចបំបរបង់និរទេស ព្រះថោង ចេញពីនគរ។
បន្ទាប់ពីត្រូវនិរទេស ព្រះថោងបាននាំមន្ត្រីពលរេហ៍ និងប្រជារាស្ត្រជាច្រើនចាកចេញពីនគរ ធ្វើដំណើរឆ្លងកាត់ព្រៃភ្នំ និងទឹកដីជាច្រើនរហូតមកដល់តំបន់ជិតភ្នំដងរែក ហើយបានសំចតនៅកន្លែងមួយដែលក្រោយមកត្រូវបានគេស្គាល់ថា “គោកធ្លក”។ នៅទីនោះ ព្រះអង្គបានបង្កើតនគរថ្មីមួយដែលមានឈ្មោះថា “នគរគោកធ្លក” និងរៀបចំការគ្រប់គ្រងសង្គម កសិកម្ម និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍទឹកដីឱ្យក្លាយជាសហគមន៍រស់នៅរបស់ប្រជាជនជាច្រើន។
វេលាថ្ងៃមួយ ព្រះថោងបាននាំពលរេហ៍ចេញទៅកម្សាន្តតាមឆ្នេរខ្សាច់ រហូតដល់ទួលដំបូកមួយនៅគោកធ្លក។ ព្រោះតែហេវហត់ ព្រះអង្គបានសម្រាកក្រោមដើមធ្លកមួយ លុះពេលភ្ញាក់ឡើងវិញ ក៏ឃើញទឹកឡើងលិចព័ទ្ធជុំវិញទួលនោះទៅហើយ ជាហេតុធ្វើឱ្យព្រះអង្គមិនអាចត្រឡប់ទៅវាំងបាន ត្រូវគង់ចាំរហូតទឹកស្រកវិញ ខណៈគ្រានោះហើយ ជាវាសនាដែលគូគាប់បានជួបគ្នា។
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ ព្រះនាងធារាវត្ដី បុត្រីស្ដេចនាគ បាននាំបរិវារចេញមកកម្សាន្តលេងនៅលើកោះគោកធ្លក។ ចៃដន្យព្រះថោងបានឃើញព្រះនាង ហើយទ្រង់ទាំងពីរក៏បានសាសងសម្តីគ្នា រហូតកើតមានសេចក្ដីស្នេហាស្មោះស្ម័គ្រនឹងគ្នា។
តាមការសន្យាក្នុងរវាង ៧ថ្ងៃ ព្រះថោង បានរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែង ដដែល។ ឯស្ដេចនាគ និងអគ្គមហេសី ក៏មានក្តីពេញចិត្ដទទួលព្រះថោងជាកូនប្រសា ហើយបានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយា និងបានប្រើអំណាចបឺតទឹកសមុទ្រចេញ ដើម្បីបង្កើតដីស្ងួតធំទូលាយ ជាចំណងដៃដល់កូនប្រុសកូនស្រី។ ព្រះថោង និងនាងនាគត្រូវបានអភិសេកនៅថ្ងៃ១១កើត ខែពិសាខ ព.ស.២៧៧ ត្រូវនឹងឆ្នាំ២៦៧ មុនគ្រិស្តសករាជ ហើយព្រះថោងក៏បានឡើងគ្រងរាជ្យលើនគរគោកធ្លក ដោយមាន ព្រះនាងធារាវត្ដី ជាព្រះអគ្គមហេសី។
ក្រោយពិធីអភិសេក ពេលជូនដំណើរឪពុកម្តាយក្មេកត្រឡប់ទៅស្ថាននាគ ព្រះថោង បានចាប់តោងស្បៃនាងនាគ និងដើរតាម ខណៈនេះហើយ ជាដើមកំណើតនៃពិធីកូនកំលោះតោងស្បៃកូនក្រមុំ ដែលបន្តរហូតសព្វថ្ងៃ។
គួរជម្រាបថា រឿងព្រេង ព្រះថោង នាងនាគ មិនត្រឹមតែជានិទានតំណាលតគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីជំនឿ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដែលបានបន្តបន្សល់ទុកជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ៕

-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


