ព័ត៌មានជាតិ
សួនផ្កានៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទៅទស្សនា មិនក្រោម៥០០នាក់ ក្នុង១ថ្ងៃ
តាំងពីថ្ងៃចាប់ផ្តើមឆ្លងឆ្នាំសកលឆ្នាំ២០២០ ឆ្លងចូលឆ្នាំ២០២១នេះ គេសង្កេតឃើញសួនច្បារ១របស់ប្រជាកសិករ ដែលបានតុបតែងដាំឡើងត្រឹមកន្លះហិកតាប៉ុណ្ណោះ តែអាចទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីតាមបណ្តាខេត្តផ្សេងៗ សម្រុកមកលេងទស្សនាកម្សាន្ត ដើម្បីថតរូបអនុស្សាវរីយ៍និងស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅក្នុងសួនផ្កាដំណក់ទឹកភ្លៀង ដែលសួនច្បារ១នេះ ទើបតែបើកដំណើរការទទួលភ្ញៀវឲ្យចូលកម្សាន្តលេងជាលើកដំបូង ក្នុងរយៈពេល៣ថ្ងៃដែលជាថ្ងៃឆ្លងឆ្នាំ។

លោក ម៉េង គឹមហ៊ុយ មានទីលំនៅក្នុងក្រុងបាត់ដំបង និងជាម្ចាស់សួនផ្កាដំណក់ទឹកភ្លៀងឋិតនៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឲ្យដឹងកាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ចំនួនភ្ញៀវមកដល់ពេលនេះ ក៏នៅតែមានជាបន្តបន្ទាប់ផងដែរ ខុសពីបំណងរបស់លោក ខណៈដែលផ្កាប្រភេទនេះដំបូងឡើយ លោករៀបចំដាំក្នុងគោលបំណងសម្រាប់លក់នៅលើទីផ្សារប៉ុណ្ណោះ ដោយពូជផ្កានេះ ស្រស់ស្អាតប្លែកភ្នែកដោយនាំយកមកពីបរទេស។ លោកបន្តថា ក្រោយពីលោកបានដាំចេញជាផលល្អហើយ ក៏មានប្រជាពលរដ្ឋខ្មែរយើង ដែលពួកគេធ្លាប់ទៅទស្សនាប្រភេទផ្កាដូចគ្នានេះនៅបរទេស បែរមកទស្សនាកម្សាន្តអារម្មណ៍រហូតដល់មានកំណើនភ្ញៀវមកកាន់តែច្រើនបន្តបន្ទាប់ ទើបលោកសម្រេចបើកឲ្យភ្ញៀវចូលកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកលតែម្តង ដើម្បីរកចំណូលសេដ្ឋកិច្ចគ្រួសារ។

លោកបានបន្តថា នៅក្នុងសួនផ្ការបស់លោកកន្លះហិកតានេះ មានដាំតែប្រភេទផ្កាដំណក់ទឹកភ្លៀង១មុខប៉ុណ្ណោះ ហើយពេលនេះក្រុមគ្រួសារលោកកំពុងពង្រីកផ្ទៃដីដាំបន្តទៀតនូវប្រភេទផ្កាឈូករ័ត្នពណ៌លឿង ផ្កាឈូករ័ត្នពណ៌ក្រហម និងផ្កាឈូករ័ត្នពណ៌ស ដែលជាទូទៅប្រជាជនខ្មែរយើងមិនសូវធ្លាប់បានឃើញហើយពេលនេះ លោកកំពុងបន្តដាំលើផ្ទៃដីទំហំកន្លះហិកតាបន្ថែមលើផ្ទៃដី ដែលបានដាំផ្កាដំណក់ទឹកភ្លៀងជាដំណាក់កាលទី១សិន នៅជំហ៊ានបន្តលោកនិងពង្រីកឲ្យបានទំហំ១ហិកតា នៅចុងខែមេសាខាងមុខនេះ។



ម្ចាស់សួនផ្កាខាងលើបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដែលលោកបានបើកដំណើរការទទួលភ្ញៀវឲ្យចូលកម្សាន្តជាថ្ងៃដំបូងរយៈពេលបីថ្ងៃ ក្នុងពិធីបុណ្យឆ្លងឆ្នាំកន្លងទៅនេះ ភ្ញៀវមកកម្សាន្តមិនក្រោមពី៤០០ទៅ៥០០នាក់ទេក្នុង១ថ្ងៃ។ ក្រៅពីភ្ញៀវក្នុងខេត្ត ក៏មានភ្ញៀវមកពីតាមបណ្តាខេត្តដូចជា កំពង់សោម ព្រៃវែង សៀមរាប បន្ទាយមានជ័យជាដើម ផងដែរ ហើយសម្រាប់សេវាភ្ញៀវដែលបានចូលមកកម្សាន្តទស្សនាឬថតរូបជាអនុស្សាវរីយ៍ក្នុងម្នាក់ៗតម្លៃ៦០០០រៀល ដោយឡែកក្មេងក្រោមអាយុ១៤ឆ្នាំចុះលោកមិនយកលុយនោះទេ ហើយលោកសង្ឃឹមថា ថ្ងៃខាងមុខសេដ្ឋកិច្ចគ្រួសារលោកនឹងបានប្រសើរឡើងដោយមិនចាំបាច់បណ្តោយកូនចៅឲ្យធ្វើសំណាកស្រុកទៅប្រទេសថៃ ដោយប្រថុយប្រថានឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក