Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៦គ្រាប់ទៀត ក្បែរព្រំដែនថៃ

បានផុស

នៅ

យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកចំនួន៦គ្រាប់ទៀតនៅក្បែរព្រំដែនថៃ ដែលនេះជាការវាយប្រហារលើកទី២ក្បែរព្រំដែនថៃ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post, ការវាយប្រហារថ្មីនេះកើតឡើងនាវេលាម៉ោង ៨:១៥នាទីព្រឹកថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥ លើភូមិមួយរបស់មីយ៉ាន់ម៉ា ដែលស្ថិតនៅជិតច្រកព្រំដែន Phu Nam Ron នៃស្រុក Muang ខេត្ត Kanchanaburi ប្រទេសថៃ។

សេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំង K-8 បានទម្លាក់គ្រាប់បែក៦គ្រាប់លើទីតាំងរបស់កងទ័ពរំដោះជាតិការ៉ែន KNLA ប៉ុន្តែមិនដឹងមានមនុស្សស្លាប់ឬក៏អត់នោះទេ។

កាលពីថ្ងៃពុធ យន្តហោះធុន Y-12 ចំនួន២គ្រឿង ក៏បានទម្លាក់គ្រាប់បែកប្រមាណ៣០គ្រាប់លើសហគមន៍ Ban Ticki ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយមិនដល់២គីឡូម៉ែត្រផង ពីច្រកព្រំដែនក្នុងភូមិ Ban Kao នៃប្រទេសថៃផងដែរ។

(រូបថត៖ Bangkok Post)

មិនយូរប៉ុន្មានក្រោយមក យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា ធុន K-8 មួយគ្រឿងទៀត បានទម្លាក់គ្រាប់បែកដ៏ធំចំនួន២គ្រាប់បន្ថែម បូករួមជាមួយការបាញ់កាំភ្លើងយន្តលើដីគោកផងដែរ ជាមួយនឹងក្រុមឧទ្ទាមការ៉ែន។

ដោយសារតែស្ថានការណ៍ដ៏តានតឹងនិងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកបែបនេះហើយ ទើបធ្វើឲ្យពលរដ្ឋថៃ ភ័យខ្លាចគ្រាប់ធ្លាយចូលដីរបស់ខ្លួន ខណៈអាជ្ញាធរក៏ព្រមានដែរថា ពលរដ្ឋត្រូវត្រៀមជម្លៀសក្នុងករណីចាំបាច់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋថៃភ័យខ្លួន ព្រោះយន្តហោះមីយ៉ាន់ម៉ា ​ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ កៀកៗព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម