Connect with us

ព័ត៌មានអន្ដរជាតិ

វ៉េណេស៊ុយអេឡា ជំរុញឲ្យ​ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការវាយប្រហាររបស់អាមេរិក

បានផុស

នៅ

ប្រទេសវ៉េណេស៊ុយអេឡា បានស្នើសុំជាផ្លូវការ​ដល់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ឲ្យ​ប្រកាសការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះលើទូក​នៅឯឆ្នេរសមុទ្ររបស់ខ្លួន​ថា​ជា​ទង្វើ​ខុសច្បាប់ ដោយព្រមានថា សកម្មភាពបែបនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងអាមេរិកឡាទីន និងតំបន់ការីប៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Samuel Moncada (រូបថត៖ Reuters)

ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា លោក Samuel Moncada បានបង្ហាញសំណើ​នេះ​កាលពីថ្ងៃព្រហស្បតិ៍​ទី​១៦​ខែ​តុលា​ ដោយជំរុញ​ឲ្យក្រុមប្រឹក្សាចេញសេចក្តីប្រកាសមួយ រក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសវ៉េណេស៊ុយអេឡា។

លោក Moncada បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រព្រឹត្ត«ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ» និងចូលរួមក្នុង«ប្រតិបត្តិការសម្ងាត់ CIA» ដែលត្រូវបានបង្កើត​ឡើងដើម្បីអនុវត្តការធ្វើឃាតនយោបាយ។ លោកបានរៀបរាប់​ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ដោយបើកចំហនូវការអនុញ្ញាត​ឲ្យ​មាន​​ប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងបានណែនាំអំពីផែនការវាយប្រហារយោធាបន្ថែមទៀតលើក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។

លោក Moncada បានប្រាប់ក្រុមប្រឹក្សាថា «មានឃាតករម្នាក់ដែលកំពុងអុកឡុក​នៅសមុទ្រការីប៊ីនដែលស្រេកឃ្លាន​ឈាម​ ហើយកំពុងសម្លាប់មនុស្សគ្រប់គ្នាដែលធ្វើការនៅ​លើ​ផ្ទៃ​សមុទ្រ។ ការគំរាមកំហែងទាំងនេះប៉ះពាល់ដល់តំបន់ទាំងមូល មិនត្រឹមតែវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ»។

លោកបានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកចំនួន​៥​លើក​បានកើតឡើង ដែលបណ្តាល​ឲ្យ​មនុស្សស្លាប់ចំនួន​២៧​នាក់ រួមទាំងជនរងគ្រោះដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិកូឡុំប៊ី និងទ្រីនីដាដ និងតូបាហ្គោ។ ឧប្បត្តិហេតុថ្មីបំផុតបានកើតឡើងនៅថ្ងៃទី​១៤​ខែតុលា នៅពេលដែលទូក​ស៊ីវិលតូចមួយត្រូវបានវាយប្រហារខណៈពេលដែលកំពុង​​ចត​នៅចម្ងាយពីរបីម៉ាយពីឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។

លោក Moncada បានចោទប្រកាន់សហរដ្ឋអាមេរិកថា«បង្កើតជម្លោះ» ហើយបានអំពាវនាវ​ឲ្យក្រុមប្រឹក្សាសន្តិសុខ«បញ្ឈប់ភាពឆ្កួតលីលា​នេះ» ដោយនិយាយថា «យើងមិនចង់បានសង្រ្គាមទេ ហើយយើងដឹងថា ប្រជាជនអាមេរិកក៏​មិនចង់បានសង្រ្គាមដែរ»។

លោក ត្រាំ បានបញ្ជា​ឲ្យ​មានប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយនៅភាគខាងត្បូងការ៉ាប៊ីន ដោយកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមដែនសមុទ្រជាច្រើននៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា។

ទោះបីជាមានការត្អូញត្អែរក៏ដោយ ក្រុម​មន្ត្រី​ការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខទំនងជាមិនចាត់វិធានការណាមួយឡើយ ដោយសារសហរដ្ឋអាមេរិករក្សាអំណាចវេតូ។ ក្រុមប្រឹក្សាបានជួបប្រជុំគ្នានៅក្នុង​សប្តាហ៍នេះ តាមសំណើរបស់វ៉េណេស៊ុយអេឡា រុស្ស៊ី និងចិន ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម