Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​​​ឲ្យពូទីនបញ្ចប់សង្គ្រាមនៅ​អ៊ុយក្រែន កុំ​រវល់​ទៅ​ធ្វើ​តេស្ត​មីស៊ីល

បានផុស

នៅ

យោង​តាម​​ទីភ្នាក់ងារ​​ព័ត៍មាន​រ៉យទ័រ​កាល​ពីថ្ងៃ​​ទី​២៧​ខែ​តុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យ​សមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជាងការសាកល្បងមីស៊ីល​ដើរដោយថាមពលនុយក្លេអ៊ែរ ដោយបង្ហើប​បែប​​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​មាននាវាមុជទឹកនុយក្លេអ៊ែរ ស្ថិតនៅក្បែរឆ្នេរសមុទ្រ​ប្រទេស​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ពូទីន និង​លោក​ត្រាំ (រូបថត៖ AP, Getty)

លោក​ពូទីន បាន​ប្រកាស​ថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីល​គ្រូស​ដើរដោយថាមពលនុយក្លេអ៊ែរ 9M730 Burevestnik ដែលអង្គការណាតូស្គាល់ថាជា «SSC-X-9 Skyfall» ដោយអះអាងថា វាហោះបានចម្ងាយ​១៤ ០០០​គីឡូម៉ែត្រ និងអាចគេចផុតពីខែលការពារ​គ្រប់​ប្រភេទ។

ជា​ការ​ឆ្លើយ​តប ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំ​បាន​និយាយថា សហរដ្ឋអាមេរិកមិនត្រូវការសមត្ថភាពរយៈចម្ងាយឆ្ងាយបែបនេះទេ ដោយសារតែការដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួននៅជិតប្រទេសរុស្ស៊ី​មាន​ស្រាប់​រួច​ទៅ​ហើយ។

លោកត្រាំ​បាន​រៀបរាប់​ថា «ពួកគេដឹងថា យើងមាននាវាមុជទឹកនុយក្លេអ៊ែរ​ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក នៅឯឆ្នេរសមុទ្ររបស់ពួកគេ ដូច្នេះខ្ញុំមានន័យថា វាមិនចាំបាច់ដល់​ទៅ​៨ ០០០​ម៉ាយទេ»។

លោកបានបន្ថែមថា លោក​ពូទីន គួរតែផ្តោតលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជាងការបង្ហាញអាវុធថ្មីៗ។

លោកត្រាំ បានបន្ត​ទៀត​ថា «អ្នកគួរតែបញ្ចប់សង្រ្គាម សង្រ្គាមដែលគួរតែចំណាយពេលមួយសប្តាហ៍ឥឡូវនេះឈាន​ដល់​ឆ្នាំទីបួនហើយ។ នោះជាអ្វីដែលអ្នកគួរធ្វើ ជាជាងការសាកល្បងមីស៊ីល»។

លោកត្រាំ​ បានសន្យាម្តងហើយម្តងទៀតក្នុង​ការ​សម្រប​សម្រួល​សន្តិភាព​នៅអ៊ុយក្រែន ដោយហៅវាថាជាជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី​២​ ទោះបីជាលោកបានទទួលស្គាល់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀង​មួយ​នេះ​មានការលំបាកជាងការដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សា ឬរវាងឥណ្ឌានិងប៉ាគីស្ថានក៏ដោយ។

លោកពូទីន បានបង្ហាញជាលើកដំបូងនូវមីស៊ីល​ Burevestnik នៅក្នុងឆ្នាំ​២០១៨ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនពីសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិកឆ្នាំ​១៩៧២ និងការពង្រីក​ខ្លួន​របស់​អង្គការណាតូ។ មីស៊ីល​នេះ​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ហើយ​មាន​សក្តានុពល​​ហោះ​បាន​ខ្ពស់ និង​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​។

ការ​ធ្វើ​តេស្ត​មីស៊ីល Burevestnik ឆ្នាំ​២០១៨ (រូបថត៖ Wiki)

លោកត្រាំ​ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋ​អាមេរិក​ក៏​នៅតែបន្តការសាកល្បងមីស៊ីល​ផង​ដែរ ដោយនិយាយថា «ពួកគេមិនលេងហ្គេមជាមួយយើង ហើយយើងក៏មិនលេងហ្គេមជាមួយពួកគេដែរ។ យើងសាកល្បងមីស៊ីលគ្រប់ពេលវេលា»។

ទន្ទឹមនឹងនេះ សារព័ត៌មាន​រ៉យទ័រ បានរាយការណ៍ថា រដ្ឋបាល​លោក​ត្រាំ​ កំពុង​រៀបចំកញ្ចប់ទណ្ឌកម្មថ្មីដែលផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រសិនបើលោក​ពូទីន​បន្តពន្យារពេលកិច្ចខិតខំប្រឹងប្រែងសន្តិភាព៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម