ព័ត៌មានអន្ដរជាតិ
ស៊ូដង់៖ មនុស្សជាង ៦ម៉ឺននាក់ កំពុងជាប់ក្នុងទីក្រុងដែលយោធាកាន់កាប់ មិនដឹងជោគវាសនាយ៉ាងណា
ស៊ូដង់ កំពុងកើតមានអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ បង្កការសោកសង្រេងទូទាំងពិភពលោកឈានដល់ការអំពាវនាវឲ្យមានអន្តរាគមន៍ជួយប្រទេសនេះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតជនស៊ីវិលរាប់លាននាក់ដែលកំពុងស្ថិតនៅមាត់ជ្រោះមរណៈ ហើយអ្វីដែលគេបារម្ភកាន់តែខ្លាំងនាពេលនេះគឺថា មនុស្សជាង ៦ម៉ឺននាក់កំពុងជាប់នៅក្នុងទីក្រុង el-Fasher ចេញមិនរួច មិនដឹងជោគវាសនាយ៉ាងណា។

តាមការផ្សាយរបស់ PBS News កាលពីថ្ងៃអាទិត្យទី២ខែវិច្ឆិកាឆ្នាំ២០២៥, កងកម្លាំងគាំទ្ររហ័ស (RSF) កំពុងធ្វើសង្គ្រាមជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។
ប៉ុន្មានថ្ងៃចុងក្រោយនេះ យោធានៃ RSF បានវាយដណ្តើមបានការកាន់កាប់ទីក្រុង el-Fasher ជាហេតុបង្កការភ័យខ្លាចថា មនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងនេះ អាចប្រឈមនឹងការសម្លាប់ឬធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ។

យោងតាមការបញ្ជាក់ពីក្រុមជំនួយ ទីក្រុងនេះមានប្រជាជន ៧០ ៨៩៤នាក់ ប៉ុន្តែគេឃើញមានមនុស្សមិនដល់៦ ០០០នាក់ផង ដែលអាចគេចចេញមកកាន់ជំរំនៅជិតនោះបំផុតបាន។
លោក Shashwat Saraf នាយកក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសប្រចាំនៅស៊ូដង់ ដែលគ្រប់គ្រងជំរំនេះ មានចម្ងាយ៦៥គីឡូម៉ែត្រពីទីក្រុង el-Fasher បានប្រាប់ AP ថា៖ «ចំនួនពិតជាតិចខ្លាំងណាស់។ យើងមិនឃើញមនុស្សច្រើនដូចការរំពឹងទុកទេ។ ប្រសិនបើមនុស្សនៅតែស្ថិតក្នុងទីក្រុង el-Fasher វានឹងពិបាកខ្លាំងហើយសម្រាប់ពួកគេ»។

សូមជម្រាបជាថ្មី អំពើប្រល័យពូជសាសន៍ថ្មីបានកើតឡើងនៅប្រទេសស៊ូដង់ ដោយមានការសម្លាប់រង្គាលឥតក្តីមេត្តា ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបានប្រល័យដោយគ្មានទោសកំហុស ជាពិសេសកុមារដែលគ្នាមិនដឹងអី។
តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា មនុស្សជាង ១៥០ ០០០នាក់បានស្លាប់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ។

ពលរដ្ឋមួយចំនួនបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ស្ថានភាពប្រៀបបាននឹងឋាននរក ពួកគេសឹងតែមិនអាចរត់គេចពីសេចក្តីស្លាប់បាន។ អ្នកខ្លះត្រូវយោធាឃុំខ្លួន ដើម្បីទារប្រាក់លោះចន្លោះពីជាង ៨ ០០០ទៅ ៥០ ០០០ដុល្លារអាមេរិក។ អ្នកខ្លះទៀតនិយាយថា ពួកគេឃើញយោធាធ្វើទារុណកម្មនិងសម្លាប់អ្នកទោស ដោយដាក់ឲ្យរថយន្តកិន។
ទន្ទឹមនោះ បើយោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), សោកនាដកម្មដ៏សាហាវបំផុតមួយគឺបានកើតឡើងនៅថ្ងៃទី២៩ខែតុលា ពេលដែលក្រុមអ្នកប្រយុទ្ធ RSF ចូលមន្ទីរពេទ្យសម្ភព El-Fasher សម្លាប់មនុស្ស៤៦០នាក់។ យ៉ាងណា អ្នកនៅកន្លែងកើតហេតុប្រាប់ថា តួលេខមនុស្សស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សោកនាដកម្មនិងអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅបំផុត កំពុងកើតឡើងនៅ ស៊ូដង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


