Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ស្លាប់មនុស្សច្រើនឡើងៗ ដោយសារគ្រោះទឹកជំនន់ដ៏សាហាវ

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សចំនួន៤១នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ VN Express)

តាមការផ្សាយរបស់ VN Express, ទឹកជំនន់នេះគឺបង្កឡើងដោយព្យុះភ្លៀងដ៏ខ្លាំងក្លាខុសធម្មតា ដែលវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ជាពិសេសខេត្ត Dak Lak និង Khanh Hoa។

ខេត្តទាំងពីរនេះមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺនៅ Dak Lak មាន១៦នាក់ និង Khanh Hoa មាន១៤នាក់។ ចំណែកមនុស្សស្លាប់នៅកន្លែងផ្សេងមានដូចជា Lam Dong ៤នាក់, Gia Lai ៣នាក់, Hue ២នាក់ និង Da Nang ២នាក់។

(រូបថត៖ VN Express)

ទន្ទឹមនោះ នាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់នៅមានមនុស្ស៩នាក់ទៀតកំពុងបាត់ខ្លួន។

លើសពីនេះ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក៏បានបំផ្លាញផ្ទះសម្បែង១៦៧ខ្នង ជន់លិចជាង ៥២ ០០០ខ្នង ថែមទាំងជន់លិចផ្ទៃដីដាំដំណាំ ១៣ ០០០ហិកតានិងសម្លាប់សត្វចិញ្ចឹម ៣០ ៧០០ក្បាលផងដែរ។

(រូបថត៖ VN Express)

មិនត្រឹមប៉ុណ្ណឹង រថភ្លើងដឹកអ្នកដំណើរជាច្រើនខ្សែត្រូវផ្អាកដំណើរការ ដោយសារតែនៅកន្លែងខ្លះមានបំណាក់ដី រារាំងផ្លូវដែក ខណៈអាកាសយានដ្ឋាន Tuy Hoa ត្រូវបិទជាបណ្តោះអាសន្ន។

បន្ថែមពីលើទុក្ខវេទនាដោយទឹកជំនន់ហើយនោះ មនុស្សជាង១លាននាក់ទូទាំងប្រទេសវៀតណាម មិនមានអគ្គិសនីប្រើប្រាស់ បង្កផលលំបាកជាពិសេសពេលយប់ ដែលត្រូវដាច់ភ្លើងងងឹតសូន្យសុង៕ 

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម