Connect with us

ព័ត៌មានអន្ដរជាតិ

Macron ជំរុញ​មេដឹកនាំ​​ចិន​​​គាំទ្រ​បទ​ឈប់បាញ់​អ៊ុយក្រែន និង​ដោះស្រាយ​​អតុល្យភាព​ពាណិជ្ជកម្ម​​

បានផុស

នៅ

ប្រធានាធិបតី​បារាំង លោក Emmanuel Macron នា​​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ ​បាន​ជំរុញ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង​ ឲ្យ​​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ជួយ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​ធំ​ឡើង​របស់​អឺរ៉ុប​ជាមួយ​ទីក្រុង​ប៉េកាំង ខណៈ​មេដឹកនាំ​ទាំងពីរ​ជួប​គ្នា​នៅ​សាល​មហាបុរស​នៃ​ទីក្រុង​ប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស៊ី និង​លោក Macron (រូបថត៖ Reuters)

យោង​តាម RFI លោក Macron ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ និង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីបួនរបស់​លោក​ទៅ​កាន់​ប្រទេស​ចិន​ចាប់តាំងពី​ចូល​កាន់​តំណែង បាន​​លើក​ឡើង​ថា កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ប៉េកាំង​នឹង​«មិនរួញរា» ក្នុង​ការ​ជំរុញ​កិច្ចចរចា​បទ​ឈប់បាញ់​ក្នុង​ជម្លោះ​ដ៏​សាហាវ​បំផុត​របស់​អឺរ៉ុប ​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទីពីរ​មក។ ប្រទេស​បារាំង​កំពុង​លើកកម្ពស់​ជម្រើស​មួយ​ជំនួស​​​ឲ្យ​​ក្របខ័ណ្ឌ​សន្តិភាព​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដែល​ទីក្រុង​កៀវ​ និង​រដ្ឋធានី​អឺរ៉ុប​ភ័យខ្លាច​ថា​នឹង​លម្អៀង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ពេក​​​ទៅ​ឲ្យ​​ទីក្រុង​មូស្គូ។

លោក Macron បាន​និយាយ​ថា «យើង​ត្រូវតែ​បន្ត​ធ្វើការ​ឆ្ពោះទៅ​រក​សន្តិភាព និង​ស្ថិរភាព​ក្នុង​ពិភពលោក និង​នៅ​អ៊ុយក្រែន» ដោយ​ហៅ​សង្រ្គាម​នេះ​ថា​ជា​ការ​គំរាមកំហែង​ដោយផ្ទាល់​ដល់​សន្តិសុខ​អឺរ៉ុប និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់។

លោកស៊ី បាន​និយាយ​ឡើងវិញ​នូវ​ការ​គាំទ្រ​ទូទៅ​របស់​ចិន​សម្រាប់​បទ​ឈប់បាញ់​ដែល​បាន​ចរចា ដោយ​​បញ្ជាក់​​ថា ទីក្រុង​ប៉េកាំង«សង្ឃឹម​ថា​ ភាគី​ទាំងអស់​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​យុត្តិធម៌ ស្ថិតស្ថេរ និងរឹងមាំ​តាមរយៈ​កិច្ចសន្ទនា»។

ដំណើរ​ទស្សនកិច្ច​នេះ​ កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ជួប​លោក Macron នៅ​ទីក្រុង​ប៉ារីស ដោយ​ជំរុញ​​ឲ្យ​​មេដឹកនាំ​អឺរ៉ុប​រក្សា​ជំហរ​នៅ​ពីក្រោយ​ទីក្រុង​កៀវ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ជំរុញ​សំណើ​ផ្ទាល់ខ្លួន​ដើម្បី​បញ្ចប់​ជម្លោះ។ រដ្ឋាភិបាល​លោក​ខាងលិច​ចោទប្រកាន់​ប្រទេស​ចិន​ថា​បាន​ផ្គត់ផ្គង់​សមាសធាតុ​ប្រើប្រាស់​​ដែល​ជួយ​ពង្រឹង​ឧស្សាហកម្ម​ការពារជាតិ​របស់​រុស្ស៊ី ដែល​ជា​បញ្ហា​ដែល​លោក Macron បាន​​អះអាង​ថា លោក​គ្រោង​នឹង​លើកឡើង​ដោយផ្ទាល់​ជាមួយ​លោកស៊ី។

ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ក៏បាន​គ្របដណ្តប់​លើ​កិច្ចចរចា​ផងដែរ។ ឱនភាព​ពាណិជ្ជកម្ម​របស់​បារាំង​ជាមួយ​ប្រទេស​ចិន​បាន​កើនឡើង​ដល់​៤៦​ពាន់​លានអឺរ៉ូ ក្នុង​ឆ្នាំ​២០២៤ ហើយ​ឱនភាព​សរុប​របស់ EU ឥឡូវនេះ​លើស​ពី៣០០​ពាន់​លាន​អឺរ៉ូ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម