Connect with us

ព័ត៌មានអន្ដរជាតិ

ពីការប៉ះទង្គិច មកការចុះសម្រុង៖ វិបត្តិថាមពលជំរុញឲ្យ​ហ្វីលីពីនងាករកចិន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំង លោក Jaime FlorCruz បានបង្ហើបឲ្យ​ដឹងថា ប្រទេសហ្វីលីពីនកំពុងព្យាយាមបង្កើត «គ្រឹះដ៏រឹងមាំនិងមានស្ថិរភាព» ជាមួយប្រទេសចិនជាថ្មីម្ដងទៀត មុននឹងឈានទៅដោះស្រាយបញ្ហាធំៗដែលកំពុងតែចម្រូងចម្រាស ជាពិសេសគឺជម្លោះនៅសមុទ្រចិនខាងត្បូង។

លោក Jaime FlorCruz (រូបថត៖ SCMP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់ South China Morning Post នា​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២៦ លោក FlorCruz បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដើរទៅមុខតាមរបៀប «បោះជំហានសន្សឹមៗ» ដើម្បីស្វែងរកតុល្យភាពថ្មីក្នុងទំនាក់ទំនង ដែលអាចឲ្យគេដឹងមុននូវអ្វីដែលនឹងកើតឡើង និងមិនមានភាពរង្គោះរង្គើឡើងចុះដូចពេលមុនៗ។ ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Ferdinand Marcos Jr បានប្រកាសពីការរៀបចំទំនាក់ទំនងជាមួយចិនឡើងវិញចំពេលដែលមានវិបត្តិសកលលោកកំពុងកើតឡើង។

កន្លងមក ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានឡើងកម្ដៅខ្លាំងដោយសារការប៉ះទង្គិចគ្នានៅតាមបណ្ដាកោះនានាក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែសញ្ញានៃការធូរស្រាលបានចាប់ផ្ដើមលេចឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន ហើយលោក FlorCruz បានសង្កត់ធ្ងន់ថា ការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាគ្រឹះដ៏សំខាន់ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកបានព្រមានផងដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគួរតែធ្វើឡើងដើម្បីផលប្រយោជន៍រួម មិនមែនសម្រាប់ប្រើប្រាស់ជាឧបករណ៍ដាក់សម្ពាធនយោបាយនោះឡើយ។

កត្តាមួយដែលជំរុញឲ្យ​ប្រទេសទាំងពីរវិលមករកតុចរចាវិញ គឺវិបត្តិសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានធ្វើ​ឲ្យ​តម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក រហូតដល់ហ្វីលីពីនត្រូវប្រកាសអាសន្នផ្នែកថាមពលជាតិ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ចិនបានចេញមុខផ្ដល់ការធានាជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបើកផ្លូវឲ្យមានការជជែកគ្នាឡើងវិញអំពីការរុករកថាមពលរួមគ្នានៅសមុទ្រចិនខាងត្បូង។ យ៉ាង​ណាមិញ ការរុករករួមគ្នានេះជារឿងស្មុគស្មាញ និងមានជាប់ពាក់ព័ន្ធនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន ប៉ុន្តែទីក្រុងម៉ានីលបានបង្ហាញជំហរបើកចំហរក្នុងការបន្តពិភាក្សាជាមួយភាគីចិន។

ក្រៅពីបញ្ហាថាមពល ហ្វីលីពីនដែលជាម្ចាស់ផ្ទះអាស៊ានក្នុងឆ្នាំនេះ ក៏កំពុងតែរុញច្រានយ៉ាងខ្លាំងដើម្បីសម្រេចឲ្យ​បាននូវ «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ឲ្យបានត្រឹមដំណាច់ឆ្នាំ២០២៦។ លោកអគ្គរដ្ឋទូតបានទទួលស្គាល់ថា នៅមានចំណុចខ្វែងគំនិតគ្នាជាច្រើន ជាពិសេសរឿងថាតើក្រមប្រតិបត្តិនេះគួរតែមានឥទ្ធិពលតាមផ្លូវច្បាប់កម្រិតណា។ យ៉ាង​ណាមិញ លោក FlorCruz មើលឃើញថា គ្រប់ភាគីទាំងអស់សុទ្ធតែមានភាពបត់បែនជាងមុន និងកំពុងតែព្យាយាមស្វែងរកចំណុចរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីធានាបាននូវសន្តិសុខ និងសន្តិភាពយូរអង្វែងនៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម