Connect with us

ព័ត៌មានអន្ដរជាតិ

​​ជម្លោះ​ពុះច្រៀក​អ៊ីរ៉ង់ចូល​​​​កាន់តែជ្រៅ​ អ្នកស្លាប់​កើន​​លើស​២០០០នាក់ ​ខណៈមេដឹកនាំ​​បច្ចុប្បន្ន​​ទំនង​​អស់លទ្ធភាព​​ស្តារ

បានផុស

នៅ

​ស្ថានភាព​នយោបាយ​នៅសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កាន់តែ​អាក្រក់ទៅ​ៗ ​ខណៈពេលដែល​​​​គួរប្រជែង​នយោបាយ​អ៊ី​រ៉ង់​​បង្ហាញ​ជំហរ​ប្រឆាំងគ្នា គ្មាន​ឱកាស​នឹងផ្សះផ្សានោះទេ​។​​ ​គិត​ត្រឹមរាត្រី​ថ្ងៃទី១៣​ខែមករា​នេះ អ្នកស្លាប់ដោយ​អំពើហិង្សា​នៅអ៊ីរ៉ង់កើន​លើស​២០០០ និង​រា​ប់ពាន់​អ្នកផ្សេងទៀតរងរបួស។ នេះ​បើតាមរ៉យទ័រ ដោយដកស្រង់​សម្តីមន្ត្រីអ៊ីរ៉ង់​ម្នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឈម​បាតុកម្ម​​​​កាន់តែ​​​ហិង្សា​​​នៅទូទាំង​ប្រទេសអ៊ីរ៉ង់ ដែល​ចេញ​​​មក​ទាមទារ​​​ឲ្យ​មានការ​ដូរ​របប​​អ៊ីស្លាមនិយម ប្រធានាធិបតី​អ៊ីរ៉ង់ លោក ​Masoud Pezeshkian បានចេញ​មក​​ធ្វើ​យុទ្ធនាការ​ដើម្បី​​​​​​ប្រមូលផ្តុំ​អ្នកគាំទ្រនៅទីក្រុង​តេហេរ៉ង់​កាលថ្ងៃទី​១២ខែ​មករា​ ដែល​មាន​អ្នក​ចូល​រួម​​ច្រើន​ផងដែរ​ ដើម្បី​ចូលរួម​​គោរព​វិញ្ជាណក្ខន្ធ​​ដល់​កងកម្លាំងសន្តិ​សុខ​​ដែលបានស្លាប់​ក្នុង​បាតុកម្ម​ហិង្សា​ក្នុងពេលថ្មីៗនេះ​។

សារព័ត៌មាន TRT World បាន​​ផ្សាយ​ពី​​​ការ​​ចូលរួម​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ​Masoud Pezeshkian ក្នុង​កន្លែងដែលអ្នកចូលរួមរាប់ពាន់នាក់ប្រមូល​ផ្តុំគ្នានៅទីលានកណ្តាលមួយដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាល និងរំលឹកដល់បុគ្គលិកសន្តិសុខដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការតវ៉ាថ្មីៗនេះ។

ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ​ បាន​និយាយថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យផ្ទុះ​ការ​​​តវ៉ា​​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ពេលនេះ ដែល​ទំនង​មិនអាច​ត្រឡប់ថយក្រោយ​ឡើយ ខណៈចរន្ត​នៃការ​ទាមទារ​​​បានដើរហួស​ពីបន្ទាត់សេដ្ឋកិច្ច​​រហូតដល់​កា​រ​ទាមទារ​ឲ្យ​មានផ្លាស់ប្តូររបប​ដឹកនាំ​នៅ​អ៊ីរ៉ង់ទៅហើយនោះ។

លោក Masoud Pezeshkian បានប្រាប់ទូរទស្សន៍រដ្ឋថា «សត្រូវរបស់អ៊ីរ៉ង់កំពុងស្វែងរកការសាបព្រោះភាពវឹកវរ និងអស្ថិរភាព» បន្ទាប់ពីសង្គ្រាមរយៈពេល១២​ថ្ងៃរបស់ប្រទេសនេះជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំមុន។

ការកត់សម្គាល់របស់លោកគឺជាលើកដំបូងចាប់តាំងពីការតវ៉ាដែលបានចាប់ផ្តើមកាលពីខែមុន ជុំវិញស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ និងការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណជាតិ ដោយ​បានប្រែក្លាយទៅជាអំពើហិង្សា​ដ៏​អាក្រក់​បំផុត​​កាលពីសប្តាហ៍មុន ដែល​មនុស្ស​រាប់រយអ្នក​រួម​ទាំង​កងកម្លាំងសន្តិសុខ​ផង​ត្រូវបានសម្លាប់ និង មនុស្ស​រាប់រយអ្នកផ្សេងទៀត​រងរបួស​។

ប្រធានាធិបតីអ៊ីរ៉ង់ Pezeshkian បានថ្កោលទោសការវាយប្រហារថ្មីៗលើកន្លែងសាធារណៈ រួមទាំងវិហារអ៊ីស្លាម នៅក្នុងទីក្រុងតេហេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត ដោយស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះអំពើហិង្សា។

​កាន់តែ​អាក្រក់​បំផុត​នោះ គឺ​រាជបុត្រ​​នៃ​មហាក្សត្រ​ចុង​ក្រោយ​របស់អ៊ឺរ៉ង់​ Reza Pahlavi ដែល​និរទេស​​​​អស់រយៈពេល​៤៧​ឆ្នាំបន្ទាប់​ពី​បដិវត្តន៍​​នៅអ៊ីរ៉ង់​ទម្លាក់​​​​​​​ក្សត្រ​ចោល បានចេញ​មក​​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូររបប​​​សព្វថ្ងៃ​នៅ​​អ៊ីរ៉ង​​ងាកទៅ​​លើក​ស្ទួយ​រាជានិយម​ឡើង​វិញ។

​តាមរយៈកិច្ច​សម្ពាសន៍ជាមួយ CBS News ព្រះអង្គ Reza Pahlavi បានលើក​ឡើងថា៖ «នេះ​ជា​សង្គ្រាម ហើយ​សង្គ្រាម​មាន​អ្នក​ស្លាប់។ តាមពិតទៅ ដើម្បី​ថែរក្សា ការពារ និង​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់ កាត់បន្ថយ​ជនរងគ្រោះ​ស្លូតត្រង់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​របប​នេះ​ម្តងទៀត យើង​ត្រូវការ​សកម្មភាព​មួយ»។

​​ព្រះអង្គម្ចាស់​អ៊ីរ៉ង់នេះ​​ ក៏បាន​អំពាវនាវ​​ឲ្យ​ស្ថានទូតអ៊ីរ៉ង់​​និង​អគ្គកុងស៊ុល​អ៊ីរ៉ង់នៅតាមបណ្តា​ប្រទេសនានា​​ទម្លាក់​ទង់ជាតិអ៊ីរ៉ង់​បច្ចុប្បន្ន​​ រួច​ងាកទៅ​បង្ហូតទង់​ជាតិ​ដែល​មាន​​​នៅ​មុន​​បដិវត្តន៍​​អ៊ីស្លាមអ៊ីរ៉ង់​ឡើង​វិញ។

តាមរយៈ​កិច្ច​សម្ពាសន៍​ជាមួយFox News និង​ផ្សាយ​បន្តដោយ​​ Roya News English ព្រះអង្គម្ចាស់​ Reza Pahlavi បានលើក​ឡើង​ថា លោ​​ក​រៀបចំ​ខ្លួន​វិល​ទៅកាន់​ប្រទេសអ៊ីរ៉ង់វិញ​នៅ​ឱកាសអា​ច​ទៅរួច​​ជាលើក​ដំបូង។

​ព្រះអង្គម្ចាស់​ Reza Pahlavi លើក​ឡើងថា៖«​«ការងាររបស់ខ្ញុំគឺដឹកនាំការផ្លាស់ប្តូរនេះ ដើម្បីធានាថាគ្មានបញ្ហាណាមួយត្រូវបានទុកចោលឡើយ ដោយធានាថាដោយមានតម្លាភាពពេញលេញ ប្រជាជនមានឱកាសជ្រើសរើសមេដឹកនាំរបស់ពួកគេដោយសេរី និងសម្រេចចិត្តអនាគតរបស់ពួកគេផ្ទាល់»។

​ប៉ុន្តែ​​​មេដឹកនាំ​កំពូល​​​​​អ៊ីរ៉ង់ Ayatollah Ali Khamenei ​បាន​ប្រកាសប្រឆាំង​​ចំពោះ​​​ការ​ជ្រៀតជ្រែក​ និង​កា​រប៉ុនប៉ង​ពីខាងក្រៅ​ និង​បាន​កោតសរសើរ​ចំពោះ​ក្រុម​បាតុករ​​ដែលចូលរួម​ជាមួយ​​​ប្រធានាធិបតី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអ្នក​​ទាមទារ​ឲ្យ​មាន​កា​រដូររបប​នេះ។

យោង​តាម DW News មេដឹកនាំអ៊ីរ៉ង់រូបនេះ​បាន​​ហៅ​ក្រុម​​អ្នកចូលរួម​គាំទ្រ​ថា«ពួកគេ​​សម្រេច​បាន​​​នូវទង្វើដ៏​អាស្ចារ្យ​»។

​ផ្ទុយទៅវិញ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres ​​បាន​បង្ហាញ​នូវ​ការ​តក់ស្លុត​ចំពោះរបាយការណ៍អំពីអំពើហិង្សា និងការប្រើប្រាស់កម្លាំងហួសហេតុដោយអាជ្ញាធរអ៊ីរ៉ង់ប្រឆាំងនឹងក្រុមបាតុករទូទាំងប្រទេសហើយ លោក​បានជំរុញឱ្យមានការអត់ធ្មត់ និងការស្តារឡើងវិញនូវទំនាក់ទំនងជាបន្ទាន់ ខណៈដែលការសម្រាកចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។

លោក Antonio Guterres ​​​លើក​ឡើង​ថា៖«សិទ្ធិនៃសេរីភាពក្នុងការបញ្ចេញមតិ សមាគម និងការជួបជុំគ្នាដោយសន្តិវិធីត្រូវតែគោរព និងការពារយ៉ាងពេញលេញ។​ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឱ្យអនុវត្តការអត់ធ្មត់អតិបរមា និងជៀសវាងការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ ឬមិនសមាមាត្រ»។

​អំពើហិង្សានៅអ៊ីរ៉ង់​ក៏បានផ្ទុះ​​ឡើង​ក្រោយ​អាជ្ញាធរ​បានបិទ​​បណ្តាញអ៊ីនធឺណិត​នៅទូទាំងប្រទេស ហើយ​ការ​បង្ក្រាប​ក៏បាន​ផ្ទុះ​ឡើងយ៉ាងសាហាវ​។​ លោក ​​​លោក Antonio Guterres ​​បានលើក​ឡើងថា៖«ខ្ញុំក៏សូមអំពាវនាវឱ្យមានជំហានដែលអាចឱ្យមានការចូលប្រើប្រាស់ព័ត៌មាននៅក្នុងប្រទេស រួមទាំងការស្តារទំនាក់ទំនងឡើងវិញផងដែរ»។

​កាន់តែ​ធ្ងន់​ធ្ងរសម្រាប់​របស់​ដឹកនាំ​នៅអ៊ីរ៉ង់ គឺ​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន​រួចស្រេច​ហើយ​ថា របប​ដឹកនាំ​នៅអឺរ៉ង់​មិនអាច​ប៉ះ​អ្នកតវ៉ាបានទេ បើមិនដូច្នោះទេ ​សហរដ្ឋអាមេរិក​នឹងធ្វើប្រតិបត្តិការយោធា​​ចូលទឹកដីអ៊ីរ៉ង់មិនខាន៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម