ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី៖ អាស៊ានបដិសេធទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន១១ប្រទេសជាសមាជិក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតសកល ដែលមានបីដំណាក់កាលនៅប្រទេសមីយ៉ាន់ម៉ានោះទេ ដែលវាជាសញ្ញាបង្ហាញពីការមិនគាំទ្រ ឬទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នាថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦។

យោងតាមរ៉យទ័រ ថ្លែងនៅចំពោះមុខសភាម៉ាឡេស៊ី លោក Hasan បានបញ្ជាក់ថា ទោះបីជាយោធាមីយ៉ាន់ម៉ាបានស្នើសុំអ្នកសង្កេតការណ៍អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំ២០២៥នៅទីក្រុងគូឡាឡាំពួក៏ដោយ ក៏ប្លុកនេះបានបដិសេធសំណើនេះជាឯកច្ឆន្ទ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើគ្មានអ្នកសង្កេតការណ៍ផ្លូវការ អាស៊ាននឹងមិនផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់របបយោធា ដែលបានកាន់អំណាចតាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ឡើយ។
ការបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីខែធ្នូឆ្នាំ២០២៥ បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបស្ចិមប្រទេស ដែលយល់ឃើញថា ដំណើរការនេះគ្រាន់តែជាល្បិចកល ដើម្បីពង្រឹងអំណាចយោធាតាមរយៈគណបក្សអាយ៉ងតែប៉ុណ្ណោះ។ របាយការណ៍ពីដំណាក់កាលទីពីរនៃការបោះឆ្នោតកាលពីដើមខែមករានេះ បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាប ខណៈដែលគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលស្និទ្ធនឹងយោធា បានអះអាងពីការនាំមុខដាច់គេ។
យ៉ាងណា លោក Hasan កត់សម្គាល់ថា ប្រទេសសមាជិកអាស៊ានមួយចំនួនអាចសម្រេចចិត្តបញ្ជូនក្រុមអ្នកសង្កេតការណ៍រៀងៗខ្លួន ប៉ុន្តែលោកបានបញ្ជាក់ច្បាស់ថា សកម្មភាពទាំងនោះមិនតំណាងឲ្យជំហររួមរបស់អាស៊ានទេ។

ដោយឡែក ក្នុងរបាយការណ៍ការទូតផ្សេងមួយទៀត លោករដ្ឋមន្ត្រី Hasan ក៏បានជម្រាបជូនសមាជិកសភាផងដែរថា អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ជាមួយទីក្រុងប៉េកាំង។ ការពិភាក្សាលើកិច្ចព្រមព្រៀងសមុទ្រ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២៦។ ក្រមប្រតិបត្តិនេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងជម្លោះដែនដី និងបង្ការជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលការទាមទារដ៏ធំរបស់ចិនបន្តត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃសមាជិកអាស៊ានមួយចំនួន រួមមាន ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ជាដើម៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


