Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ​នឹង​ចាប់ផ្តើម​បេសកកម្មនៅតំបន់​អាក់ទិក ដោយ​មាន​បំពាក់​​​​​​សព្វាវុធផង​​

បានផុស

នៅ

​អង្គការ NATO នឹង​ចាប់​ផ្តើម​បេស​កកម្ម​មួយ​នៅ​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​អាច​បង្កើន​ការ​ឃ្លាំ​មើល​ និងមានសព្វាវុធ​ក្នុង​ដៃ​យោធា​​​​ផង​នោះ​ នៅ​​តំបន់​អាកទិក បន្ទាប់​ពី​មាន​ភាព​តាន​តឹង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ជុំវិញ​កោះ​ Greenland ។ នេះ​បើ​តាម ប្រភព​ចំនួន ៥ ដែល​រ៉យទ័រ​បា​​ន​ស្រង់​​​សម្តី​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Alexus Grynkewich ។ Reuters

សេចក្តីរាយការណ៍​នោះ បាន​លើក​ឡើង​ថា យោង​តាម​អ្នកការទូតអ៊ឺរ៉ុបបីនាក់ មន្ត្រីយោធា និង​អ្នកដែលដឹ​ងពី​បញ្ហា​នេះ ​ឱ្យ​ដឹង​ថា ការ​ចាប់​ផ្តើម​បេសកកម្ម ដែល​ត្រូវ​បាន​ប្រសិទ្ធនាមថា «Arctic Sentry» អាច​កើត​ឡើង​នៅ​ដើម​សប្តាហ៍​នេះ។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការពារជាតិ​របស់​សម្ព័ន្ធ​មិត្ត​ជួប​ប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។​

អ្នក​ការទូត​បាននិយាយថា បេសកកម្ម​នៅ​តំបន់​អាក់ទិក អាច​ពាក់​ព័ន្ធ​នឹង​សមយុទ្ធយោធា បង្កើន​ការឃ្លាំមើល បន្ថែម​នាវា​ និងសព្វា​វុធ​ក្នុង​ដែន​អាកាស​នៅ​ក្នុងតំបន់ រួម​ទាំងយន្តហោះគ្មានមនុស្សបើក(Drone) ផង​ដែរ​។​

យ៉ាង​ណា​ ក្រុម​មន្ត្រី​បាន​និយាយ​ថា បេសកកម្ម​នេះ​ទំនង​ជា​ផ្តោត​លើ​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​អង្គការ​ណាតូ​ នៅ​ក្នុង​តំបន់ឱ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព ជាជាង​ការ​បន្ថែមកងកម្លាំង​ថ្មី​ដ៏ច្រើន​សន្ធឹក​សន្ធាប់​។

មន្ត្រីអង្គការណាតូ​បាន​ប្រាប់​រ៉យ​ទ័រ​តាម​អ៊ីមែលថា​៖ «បេសកកម្ម​នេះ​គឺជាផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សម្ព័ន្ធ​មិត្ត ​ដើម្បី​បង្កើន​ការ​រារាំង និង​ការការពារ​របស់​យើង​នៅ​ក្នុងតំបន់ ជា​ពិសេស​នៅ​ក្នុង​ពន្លឺ ដែល​អាចមើល​សកម្មភាពយោធារបស់រុស្ស៊ី និងការ​ឃ្លាំមើល​កាន់​តែ​ខ្លាំង​ឡើង​ពី​ចិន នៅ​តំបន់ភាគខាងជើង»។

មន្ត្រីរូបនេះ​បាននិយាយថា បេសកកម្មនេះ រំពឹង​ថា​នឹងដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

មិន​តែ​ប៉ុណ្ណោះ អង្គការណាតូបាន​លើក​ឡើង​កាល​ពី​សប្តាហ៍​មុន​​ថា ខ្លួន​បានចាប់ផ្តើម​រៀបចំផែនការ​សម្រាប់បេសកកម្មនេះ​ បន្ទាប់​ពី​កិច្ច​ពិភាក្សានៅទីក្រុង Davos រវាង​លោក ដូណាល់ ត្រាំ និង​ប្រធានអង្គការ​ណាតូ លោក Mark Rutte ។

ការ​ពិភាក្សារវាង​អ្នក​ទាំង​ពីរ​បាន​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ច្រើន​ជុំវិញ​មហិច្ឆតា​របស់ លោក ត្រាំ​ ក្នុង​ការ​ទទួល​បាន​ថា​កោះ​ Greenland ជា​ដែន​ដី​ស្វយ័ត​របស់​ប្រទេស​ដា​ណឺម៉ាក។​

ក្រុមមន្ត្រីបន្ត​ទៀត​ថា មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ចុងក្រោយណាមួយ​ត្រូវធ្វើ​ឡើង​ទេ ហើយការ​រៀប​ចំ​កម្លាំង​យោ​ធា​នៅ​តែ​ធ្វើ​ ជា​ជម្រើស​របស់​ណា​តូ​។

យ៉ាងណា ​មេបញ្ជាការ​សម្ព័ន្ធមិត្ត​​កំពូល​របស់​អង្គការ​​ណាតូ​ លោក Alexus Grynkewich បាន​​លើក​ឡើង​​កាល​ពី​​ថ្ងៃ​​ចន្ទ​ថា ផែនការ​​របស់​យើង​គឺ​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ​ហើយ​។

លោក​បន្ត​ថា​៖ « ប្រសិន​បើកិច្ចប្រជុំ​ដំណើរការល្អ […] យើង​ប្រហែល​ជា​​ អាច​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ ​»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម