Connect with us

ព័ត៌មានអន្ដរជាតិ

UN អំពាវនាវឲ្យ អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បន្ធូរបន្ថយភាពតានតឹងនិងគោរពច្បាប់អន្តរជាតិ 

បានផុស

នៅ

សង្គ្រាមមួយទៀតរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បានផ្ទុះឡើងធ្វើឲ្យស្ថានការណ៍ពិភពលោកកាន់តែជ្រួលច្របល់ ខណៈជុំវិញការប្រយុទ្ធគ្នាថ្មីនេះ, អង្គការសហប្រជាជាតិនៅតែទទូចឲ្យប្រទេសទាំងពីរគោរពច្បាប់អន្តរជាតិ និងអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង។

អគ្គលេខាធិការ UN លោក Antonio Guterres (រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៧ខែកុម្ភៈឆ្នាំ២០២៦, អគ្គលេខាធិការ UN លោក Antonio Guterres បានជំរុញឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិឲ្យបានខ្ជាប់ខ្ជួន ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើច្បាប់មនុស្សធម៌អន្តរជាតិ។

ចំណែកមេផ្នែកសិទ្ធិមនុស្សលោក Volker Türk ក៏អំពាវនាវដល់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ឲ្យចូលមកកាន់តុចរចា ដើម្បីស្វែងរកដំណោះស្រាយចំពោះការប្រយុទ្ធគ្នាថ្មីៗនេះផងដែរ។

លោក Volker Türk (រូប៖ Reuters)

ស្របពេលជាមួយគ្នានោះ អ្នករាយការណ៍ពិសេស UN ប្រចាំអាហ្វហ្គានីស្ថាន Richard Bennett ក៏សុំឲ្យមានភាពស្ងប់ស្ងាត់ និងការគោរពច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺការការពារជនស៊ីវិល។

សូមជម្រាបថា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រកាស «សង្រ្គាមបើក​ចំហ» លើ អាហ្វហ្គានីស្ថាន នា​ព្រឹកថ្ងៃសុក្រ​ទី​២៧​ខែ​កុម្ភៈ​ បន្ទាប់ពីកងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុល ខេត្ត Kandahar និង Paktia។

ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការឆ្មក់វាយប្រហាររបស់ក្រុមតាលីបង់នៅតាមព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ទាហានប៉ាគីស្ថានពីរនាក់។ លោក Asif បានបញ្ជាក់ថា ការអត់ធ្មត់របស់ប៉ាគីស្ថានបានអស់កំណត់ហើយ ចំណែក​ឯ​​នាយករដ្ឋមន្ត្រី Shehbaz Sharif បានប្តេជ្ញាផ្តល់ «ការឆ្លើយតបយ៉ាងចាស់ដៃ» ចំពោះរាល់ការឈ្លានពានលើអធិបតេយ្យភាពជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម