Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក​បង្ហាញ​ការ​ស្ដាយក្រោយ​ដែលមិន​ជឿ​អ៊ុយក្រែន​លើ​រឿងបច្ចេកវិទ្យាប្រឆាំងដ្រូន​​

បានផុស

នៅ

រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់់ ត្រាំ បានបដិសេធការផ្តល់ជូនពីប្រធានាធិបតីអ៊ុយក្រែន វ៉ូ​ឡូឌីមៀរ ហ្សេលេនស្គី​ដើម្បីសហការលើបច្ចេកវិទ្យាដែលមានសមត្ថភាពការពារប្រឆាំងនឹងយន្តហោះដ្រូនអ៊ីរ៉ង់កាលពីឆ្នាំមុន ហើយនោះគឺជាបច្ចេកវិទ្យាការពារជាតិដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការទិញយកឥឡូវនេះ។ នោះបើយោងតាមរបាយការណ៍របស់ Axios ចុះផ្សាយកាលពីថ្ងៃអង្គារ៍ទី១០មីនា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ជូននេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកហ្សេលេនស្គី​ ទៅកាន់វ៉ាស៊ីនតោនកាលពីខែសីហាឆ្នាំមុន ហើយរួមបញ្ចូលទាំងបទបង្ហាញ PowerPoint ដែលរចនាឡើងដើម្បីបញ្ជាក់ថា បច្ចេកវិទ្យានេះអាចការពារកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តក្នុងករណីមានជម្លោះនៅមជ្ឈិមបូព៌ា។

រដ្ឋបាល​របស់​​​ប្រធានាធិបតី​​ ដូណាល់ ត្រាំ កាលណោះបានបដិសេធសំណើរបស់ទីក្រុងកៀវក្នុងការផ្គត់ផ្គង់ដ្រូន​«ស្ទាក់ចាប់» ដែលមានតម្លៃថោក និងសាកល្បងក្នុងសមរភូមិ ហើយក្រុមត្រាំ បានបង្ហាញការយល់ឃើញថា គំនិតផ្តួចផ្តើមនេះជា «ការផ្សព្វផ្សាយ(អួត)​ខ្លួនឯងហួសហេតុ» ហើយ​​ក៏​មិន​បាន​ឆ្លើយ​តប​​ជា​វិជ្ជមាន​​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ អាមេរិកបាន​​ត្រឡប់​ការសម្រេចចិត្តរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់បានកើតឡើងច្រើនជាងការរំពឹងទុក ហើយសម្លាប់ទាហានអាមេរិកយ៉ាង​ហោច​​៨​នាក់ និង​ត្រូវ​បាន​​រាយការណ៍ថា មានរបួស​រហូតដល់​ជាង​​១៤០​នាក់​។

យោងតាមមន្ត្រីអាមេរិក២រូប ដែលបានបង្ហាញទៅកាន់ភ្នាក់ងារ Axios បានអះអាងថា «ការបដិសេធសំណើរបស់អ៊ុយក្រែនត្រូវបានចាត់ទុកថា ជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតមួយរបស់រដ្ឋបាល ចាប់តាំងពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ពួកគេថា ប្រសិនបើមានកំហុសយុទ្ធសាស្ត្រ ឬកំហុសដែលយើងបានធ្វើមុនពេលសង្គ្រាមនៅអ៊ីរ៉ង់ នេះគឺជាអ្វីទាំងអស់ដែលវាកើតឡើង។ ជាពិសេស បច្ចេកវិទ្យាយន្តគ្មានមនុស្សបើករបស់អ៊ុយក្រែន អាចមានប្រយោជន៍ច្រើន ប្រសិនបើដាក់ពង្រាយមុននេះ តែមកទល់ពេលនេះមានតែការ «ខកចិត្ត»ប៉ុណ្ណោះ។

បច្ចុប្បន្នអ៊ុយក្រែនត្រូវបានចាត់ទុកថាជាប្រទេសដែលមានបទពិសោធន៍ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក «Shahed»។ ជាក់ស្ដែង នៅក្នុងជម្លោះនៅអ៊ុយក្រែន រុស្ស៊ីបានទិញ ចម្លង និងផលិតយន្តហោះគ្មានមនុស្សបើកប្រភេទនេះយ៉ាងច្រើន ដោយប្តូរឈ្មោះវាថា «Geran» សម្រាប់ប្រើប្រាស់។ អ៊ុយក្រែនបានបង្កើតយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ដែលមានតម្លៃទាប រួមជាមួយនឹងប្រព័ន្ធចាប់សញ្ញា និងការពារដែនអាកាសផ្សេងទៀត ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ «Shahed»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម